នៅសប្តាហ៍ក្រោយនេះ រដ្ឋាភិបាលកូរ៉េនឹងធ្វើការសម្រេចចិត្ត ថាតើត្រូវបន្តគម្លាតសង្គម​អនុវត្តបច្ចុប្បន្ននេះទៀត ឬយ៉ាងណា ដោយត្រូវមើលលើស្ថានភាពកូវីដ-១៩ រដូវកាលឆ្លងឆ្នាំសប្តាហ៍ក្រោយនេះសិន

កូរ៉េខាងត្បូង៖ រដ្ឋាភិបាលកូរ៉េនឹងចេញការសម្រេចចិត្តថ្មី ថាតើនឹងត្រូវបន្តវិធានការគម្លាតសង្គមដែលកំពុងអនុវត្តបច្ចុប្បន្ន ឬយ៉ាងណា ដោយអាស្រ័យលើស្ថានភាពជំងឺកូវីដ-១៩ជាក់ស្តែងឥឡូវនេះ ដែលការសម្រេចចិត្តនេះនឹងត្រូវប្រកាសនៅសប្តាហ៍ក្រោយ ខណៈដែលបច្ចុប្បន្ននេះ ចំនួនអ្នកជម្ងឺកូវីដ-១៩ ធ្ងន់ធ្ងរនៅតែមានចំនួនច្រើនគួរឱ្យកត់សម្គាល់ដដែល។

ទោះបីជាករណីឆ្លងប្រចាំថ្ងៃបាននឹងកំពុងធ្លាក់ចុះយ៉ាងណាក៏ដោយ គម្លាតសង្គមបច្ចុប្បន្ននេះនឹងត្រូវអនុវត្តរហូតដល់ថ្ងៃទី២ ខែមករា ហើយមន្ត្រីជាន់ខ្ពស់សុខាភិបាលកូរ៉េបាននិយាយកាលពីថ្ងៃសុក្រនេះថា ការតម្លើង ឬបន្ធូរបន្ថយវិធានការគម្លាតសង្គមបន្តទៀតនោះ មិនទាន់ត្រូវបានពិភាក្សានៅឡើយទេ។

លោក លី គីអ៊ីល (Lee Ki-il) មន្ត្រីសុខាភិបាលជាន់ខ្ពស់កូរ៉េខាងត្បូអ បានលើកឡើងក្នុងអំឡុងសន្និសីទសារព័ត៌មានមួយ ស្តីពីការឆ្លើយតបនឹងកូវីដ-១៩ ថា “ការកើនឡើងនៃការឆ្លងថ្មីបានថយចុះ ប៉ុន្តែយើងគួរតែមើលស្ថានភាពនៅសប្តាហ៍ក្រោយ មុននឹងអាចធ្វើការសម្រេចចិត្តបន្ថែមទៀតលើវិធានការគម្លាតសង្គមដែលត្រូវអនុវត្តបន្ទាប់ទៀតនោះ”។

លោកបានបន្ថែមថា ការថយចុះនៃការឆ្លងកូវីដថ្មី នាពេលបច្ចុប្បន្ននេះ គឺបណ្តាលមកពីវិធានការគម្លាតសង្គមដែលមានភាពតឹងតែង និងម៉ត់ចត់កំពុងអនុវត្តឥឡូវនេះ និងការបាញ់ថ្នាំបង្ការភ្លាមៗផងដែរ តែក្នុងនោះ អាជ្ញាធរសុខាភិបាលកូរ៉េ ក៏​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​អំពី​ករណី​រិះគន់​មិន​ឈប់ឈរមកលើគម្លាតសង្គមនេះផងដែរ។

យោងតាមទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺឆ្លងរបស់ប្រទេសកូរ៉េ គេបានរកឃើញករណីឆ្លងថ្មីចំនួន ៦២៣៣ សម្រាប់ថ្ងៃសុក្រដែលធ្លាក់ចុះពី ៦.៩១៩ ថ្ងៃព្រហស្បត្តិ៍ ខណៈដែលថ្ងៃសៅរ៍នេះវិញ មានករណីឆ្លងដល់ទៅ ៥៨៤២ករណី ប៉ុន្តែ​ចំនួន​អ្នក​ជំងឺកូវីដ-១៩ ​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​វិញ បាន​កើនឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​គឺដល់ទៅ១១០៥ករណី គិតត្រឹមថ្ងៃសៅរ៍នេះ។

លោកលី គីអ៊ីល ដែលជាមន្ត្រីជាន់ខ្ពស់ដដែលនេះ បានជំរុញឱ្យប្រជាជនជៀសវាងពីការជួបជុំដែលមិនចាំបាច់ ដើម្បីការពារការរីករាលដាលនៃការឆ្លងមេរោគ បន្ទាប់ពីរដូវកាលជប់លៀងចុងឆ្នាំនេះ។

នៅក្រោមវិធានការរក្សាចម្ងាយបច្ចុប្បន្ន ការជួបជុំគ្នាលក្ខណៈឯកជន ត្រូវកម្រិតត្រឹមចំនួន៤នាក់ប៉ុណ្ណោះនៅទូទាំងប្រទេស។ កន្លែងកម្សាន្តដូចជាក្លឹប និងបារ រួមជាមួយនឹងហាងកាហ្វេ ភោជនីយដ្ឋាន កន្លែងងូតទឹកសាធារណៈ និងកន្លែងហាត់ប្រាណក្នុងផ្ទះទាំងអស់ត្រូវផ្អាកអាជីវកម្មនៅម៉ោង៩យប់ ខណៈដែលរោងភាពយន្ត សាលប្រគុំតន្ត្រី និងសាលាឯកជនអាចដំណើរការរហូតដល់ម៉ោង១០យប់។

អ្នកដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ ត្រូវបានហាមឃាត់មិនឱ្យអង្គុយពិសារអាហារនៅក្នុងភោជនីយដ្ឋាន និងហាងកាហ្វេ លុះត្រាតែពួកគេនៅម្នាក់ឯង ឬមានភ្ជាប់មកជាមួយនូវលទ្ធផលតេស្តកូវីដ-១៩ តាមម៉ាស៊ីន (PCR) អវិជ្ជមាន។

 

Leave a Reply

Your email address will not be published.