កូរ៉េខាងត្បូងបញ្ជាទិញវ៉ាក់សាំងកូវីដរបស់ Moderna បន្ថែម ២០លានដូសទៀត ទុកប្រើប្រាស់សម្រាប់ឆ្នាំក្រោយ ខណៈរលកថ្មីនៃកូវីដ «អូមីក្រុង» កំពុងជាក្តីបារម្ភធំ

កូរ៉េខាងត្បូង៖ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង បានសម្រេចចិត្តបញ្ជាទិញវ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន Moderna ចំនួន២០លានដូសបន្ថែមទៀត ខណៈដែលប្រទេសនេះខិតខំពន្លឿនការគ្រប់គ្រងការចាក់ថ្នាំបង្ការរោគ ចំពេលមានការកើនឡើងនៃការឆ្លងមេរោគកូវីដ-១៩ នេះបើតាមការចុះផ្សាយក្នុងសារព័ត៌មាន KBS News របស់កូរ៉េ។

ការបញ្ជាទិញវ៉ាក់សាំងកូវីដថ្មីនេះ ធ្វើឡើងក្រោយពីអាជ្ញាធរកូរ៉េខាងត្បូងបានបញ្ជាទិញវ៉ាក់សាំងកូវីដ-១៩របស់ក្រុមហ៊ុន Pfizer ចំនួនដល់ទៅ៦០លានដូស កាលពីដើមឆ្នាំនេះផងដែរ។ ទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺកូរ៉េ (KDCA) បានធ្វើសេចក្តីប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ដោយពន្យល់ថា ប្រទេសកូរ៉េខាងត្បូងបានទិញវ៉ាក់សាំងប្រើប្រាស់បច្ចេកវិទ្យា mRNA ចំនួន ៨០ លានដូស ដែលនឹងត្រូវការប្រើប្រាស់សម្រាប់ឆ្នាំក្រោយនេះ។

ក្នុងនោះដែរ រដ្ឋាភិបាលកូរ៉េក៏បានទិញថ្នាំវ៉ាក់សាំងកូវីដចំនួន៤០លានដូសពីក្រុមហ៊ុន Moderna សម្រាប់ការចាក់វ៉ាក់សាំងនៅឆ្នាំនេះផងដែរ ដែលចំនួន២០លានដូស ពាក់កណ្តាលនៃចំនួនបញ្ជាទិញសរុបបានដឹកមកដល់រួចរាល់ហើយ ខណៈពាក់កណ្តាលទៀតដែលនៅសល់ នឹងត្រូវដឹកជញ្ជូនមកដល់នៅត្រីមាសទីពីរនៃឆ្នាំក្រោយ។

សូមបញ្ជាក់ថា វ៉ាក់សាំងកូវីដរបស់ Moderna កំពុងត្រូវបានប្រើប្រាស់សម្រាប់ការចាក់វ៉ាក់សាំងសម្រាប់ទាំងដូសទីមួយ ទីពីរ និងទីបីនៅក្នុងប្រទេសកូរ៉េខាងត្បូង។

Leave a Reply

Your email address will not be published. Required fields are marked *