កូរ៉េខាងត្បូង៖ រដ្ឋាភិបាលកូរ៉េកំពុងស្វែងរកការផ្គត់ផ្គង់បន្ថែម នៃថ្នាំគ្រាប់លេបសម្រាប់ព្យាបាលកូវីដ-១៩ របស់ក្រុមហ៊ុន Pfizer បន្ទាប់ពីថ្នាំគ្រាប់នេះបានត្រូវបានទទួលស្គាល់ផ្លូវការដោយនិយ័តករឱសថរបស់សហរដ្ឋអាមេរិកដំបូងគេបង្អស់ ក្នុងខណៈដែលស្ថានភាពជំងឺកូវីដ-១៩ កំពុងវិវត្តទៅរករលកថ្មីនៃមេរោគកូរ៉ូណាបម្លែងខ្លូនថ្មី។
លោក គីម អ៊ុកសូ (Kim Ok-soo) មន្ត្រីជាន់ខ្ពស់នៅទីភ្នាក់ងារគ្រប់គ្រង និងការពារជំងឺកូរ៉េ (KDCA) បាននិយាយក្នុងអំឡុងសន្និសីទមួយកាលពីថ្ងៃព្រហស្បតិ៍ថា «អាជ្ញាធរកូរ៉េកំពុងពិភាក្សាក្នុងការទិញយកនូវឱសថលេបព្យាបាលកូវីដ-១៩របស់ Pfizer ជាកិច្ចព្រមព្រៀងបន្ថែមពីលើថ្នាំដែលបានទិញកន្លងមកសម្រាប់មនុស្ស ៧០,០០០ នាក់កន្លងមកនោះ”។
“ព័ត៌មានលម្អិតអំពីកាលវិភាគនៃការដឹកជញ្ជូន បរិមាណផ្គត់ផ្គង់ នឹងត្រូវប្រកាសនៅពេលក្រោយ ដោយអនុលោមតាមការសម្រេច និងអនុញ្ញាតបន្ទាន់ពីក្រសួងសុវត្ថិភាពចំណីអាហារ និងឱសថ”។
មន្ត្រីជាន់ខ្ពស់រូបនេះបាននិយាយថា នៅពេលដែលទទួលបានការអនុញ្ញាតឱ្យប្រើប្រាស់ ថ្នាំគ្រាប់នេះ នឹងត្រូវប្រើក្នុងការព្យាបាលអ្នកជំងឺកូវីដ-១៩ ដែលកំពុងទទួលការព្យាបាលតាមផ្ទះ អ្នកជំងឺនៃក្រុមដែលមានហានិភ័យខ្ពស់ ក៏ដូចជាអ្នកដែលបង្ហាញរោគសញ្ញាស្រាល និងមធ្យមផងដែរ។
ការប្រកាសបញ្ជាទិញបន្ថែមនេះ បានធ្វើឡើងបន្ទាប់ពីរដ្ឋបាលចំណីអាហារ និងឱសថសហរដ្ឋអាមេរិក (FDA) បានផ្តល់ការអនុញ្ញាតជាបន្ទាន់សម្រាប់ថ្នាំ Paxlovid ជាថ្នាំលេបព្យាបាលកូវីដ-១៩ របស់ Pfizer កាលពីថ្ងៃពុធនេះ (ម៉ោងនៅអាម៉េរិក)។
រដ្ឋបាលចំណីអាហារ និងឱសថសហរដ្ឋអាមេរិក (FDA) បានផ្តល់ភ្លើងខៀវដល់អ្នកជំងឺកូវីដ-១៩ ដែលមានអាយុចាប់ពី ១២ ឆ្នាំឡើងទៅដែលមានរោគសញ្ញាស្រាលទៅមធ្យម អាចប្រើប្រាស់ថ្នាំនេះបាន។ រដ្ឋបាលចំណីអាហារ និងឱសថសហរដ្ឋអាមេរិក បាននិយាយថា ថ្នាំនេះគួរតែត្រូវបានចេញវេជ្ជបញ្ជជូនអ្នកជំងឺកូវីដភ្លាមៗ នៅពេលដែលរកឃើញថាវិជ្ជមានកូវីដ-១៩ និងក្នុងរយៈពេល ៥ ថ្ងៃនៃការចាប់ផ្តើមរោគសញ្ញា។
ថ្នាំគ្រាប់ព្យាបាលកូវីដ-១៩ នេះ Paxlovid ត្រូវបានផ្តល់ជាគ្រាប់ថ្នាំរួមចំនួនបី៖ ថ្នាំគ្រាប់ប្រភេទ nirmatrelvir ចំនួនពីរគ្រាប់ និងថ្នាំគ្រាប់ ritonavir មួយគ្រាប់។
ថ្នាំគ្រាប់ព្យាបាលកូវីដ-១៩ ត្រូវបានគេរំពឹងទុកខ្ពស់បំផុត ថានឹងក្លាយជាតួអង្គសំខាន់ក្នុងការដោះស្រាយបញ្ហាកូវីដនេះ ដែលអ្នកជំនាញលើកឡើងថា នឹងជា “តួអង្គផ្លាស់ប្តូរស្ថានការណ៍” ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកលនេះ ដោយគេឱ្យតម្លៃទៅលើប្រសិទ្ធភាព តម្លៃទាប និងភាពងាយស្រួលនៃការគ្រប់គ្រង។ កាលពីពេលមុនមក ការព្យាបាលជំងឺកូវីដ-១៩ គឺសុទ្ធតែតម្រូវឱ្យចាក់ថ្នាំ ឬចាក់តាមសរសៃឈាម (IV) ប៉ុណ្ណោះ។
លទ្ធផលពីការសិក្សារបស់ Pfizer ដែលពាក់ព័ន្ធនឹងមនុស្សជាង ២,២០០ នាក់ ដែលមានហានិភ័យខ្ពស់ក្នុងការវិវត្តទៅជាជំងឺកូវីដ-១៩ ធ្ងន់ធ្ងរ បានរកឃើញថាថ្នាំគ្រាប់នេះបានកាត់បន្ថយហានិភ័យនៃការចូលសម្រាកនៅមន្ទីរពេទ្យ ឬការស្លាប់បាន ៨៩% នៅពេលដែលលេបក្នុងរយៈពេល ៣ ថ្ងៃនៃរោគសញ្ញាដំបូងនៃជំងឺ។ នៅពេលលេបក្នុងរយៈពេលប្រាំថ្ងៃ ថ្នាំនេះបានកាត់បន្ថយហានិភ័យនៃការតម្រូវឱ្យអ្នកវិជ្ជមានកូវីដ-១៩ ត្រូវទៅព្យាបាលនៅមន្ទីរពេទ្យ និងការស្លាប់បានដល់ទៅ ៨៨%។
រដ្ឋាភិបាលកូរ៉េបាននិយាយថា ខ្លួនគ្រោងនឹងធានាទិញបន្ថែមនូវថ្នាំព្យាបាលកូវីដ-១៩នេះ ឱ្យបានគ្រប់គ្រាន់សម្រាប់អ្នកជំងឺចំនួន ៤០៤,០០០នាក់ ដែលនឹងត្រូវបានដាក់ឱ្យប្រើប្រាស់ជាបណ្តើរៗចាប់ពីខែកុម្ភៈក្រោយនេះទៅ។
បន្ថែមពីលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Pfizer ខ្លួនបានធ្វើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Merck ដើម្បីទិញថ្នាំ molnupiravir គ្រប់គ្រាន់សម្រាប់មនុស្ស ២៤២,០០០នាក់ផងដែរ។ ទីភ្នាក់ងារគ្រប់គ្រង និងការពារជំងឺកូរ៉េ (KDCA) បាននិយាយថា ចំនួនដែលត្រៀមសម្រាប់ថ្នាំព្យាបាលកូវីដខាងលើនេះ គឺត្រូវទិញពីក្រុមហ៊ុនណាខ្លះនោះ គឺមិនទាន់កំណត់ច្បាស់នៅឡើយទេ គឺកំពុងស្ថិតក្រោមការពិភាក្សានៅឡើយ។
ក្រសួងសុវត្ថិភាពចំណីអាហារ និងឱសថ បាននិយាយថា ខ្លួនបានចាប់ផ្តើមការពិនិត្យឡើងវិញសម្រាប់ការអនុញ្ញាតជាបន្ទាន់នៃគ្រាប់ថ្នាំ Pfizer តាមការស្នើសុំរបស់ KDCA ។