ករណីប្លែក មិនចង់ជឿ! តុលាការកំពូលកូរ៉េខាងត្បូង សម្រេចកាត់ក្តីឱ្យជីដូនជីតាបង្កើត មានសិទ្ធិចិញ្ចឹមចៅបង្កើតជាកូនខ្លួនឯងបាន បើទោះជាម្តាយឪពុកកុមារនៅរស់ក៏ដោយ ដោយសារហេតុផល ១ នេះ

កូរ៉េខាងត្បូង៖ តុលាការកំពូលកូរ៉េខាងត្បូងនៅថ្ងៃព្រហស្បតិ៍នេះ បានចេញសាលក្រមកាត់ក្តីករណីចម្លែកមួយ ដោយអនុញ្ញាតឱ្យជីដូនជីតាបង្កើត អាចទទួលស្គាល់យកចៅបង្កើតរបស់ខ្លួនមកជាកូនចិញ្ចឹមរបស់ខ្លួនតែម្តង បើទោះបីជាឪពុកម្តាយរបស់កុមារនៅមានជីវិតធម្មតាក៏ដោយ ដែលត្រូវបានចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។

ក្នុងសារព័ត៌មានដែលចុះផ្សាយនេះបានឱ្យដឹងថា ករណីនេះគឺតុលាការកំពូលកូរ៉េខាងត្បូងបានកាត់ក្តីឱ្យទៅជីដូនជីតាជាអ្នកទទួលបានជ័យជំនះក្នុងការស្នើសុំយកចៅរបស់ខ្លួនមកចិញ្ចឹម ដោយឈរលើមូលដ្ឋានហេតុផលថា ការកាត់ក្តីបែបនេះគឺសំដៅយកផលប្រយោជន៍របស់កុមារជាធំ និងស្របទៅតាមលក្ខខណ្ឌពាក់ព័ន្ធផ្សេងៗ។

ករណីបែបនេះ ជាករណីដំបូងគេហើយដែលតុលាការកំពូលកូរ៉េខាងត្បូង សម្រេចកាត់ក្តីបែបនេះ បើទោះជាកុមារនេះមានម្តាយឪពុកបង្កើតដែលនៅរស់ក៏ដោយនោះ។ ករណីនេះ គឺកើតឡើងក្រោយពីជីដូនជីតាបង្កើតរបស់កុមារនេះ ចង់ស្នើសុំយកចៅរបស់ខ្លួនមកធ្វើជាកូនចិញ្ចឹមតែម្តង បើទោះជាម្តាយបង្កើតរបស់កុមារនេះ ត្រូវជាកូនបង្កើតរបស់ជីដូនជីតាដែលស្នើសុំនេះក៏ដោយ។ កុមារនេះបានចាប់កំណើត នៅពេលដែលម្តាយបង្កើតទើបតែនៅរៀនវិទ្យាល័យ ហើយត្រូវបានជីដូនជីតាបង្កើតជាអ្នកចិញ្ចឹមបីបាច់រហូតមក ដល់ពេញវ័យ។

មែនទែនទៅ កុមារនេះតាំងពីកើត រហូតដល់ធំពេញវ័យ ដឹងលឺ និងគិតថាជីដូនជីតារបស់ខ្លួនជាម្តាយឪពុកបង្កើតរបស់ខ្លួនទៅហើយ ខណៈដែលម្តាយឪពុកបង្កើតពិតប្រាកដបានលែងលះគ្នា និងទុកឱ្យកូននេះរស់នៅជាមួយនឹងជីដូនជីតា។

ដូចនេះ ទើបតុលាការកំពូលកូរ៉េខាងត្បូងក្នុងករណីសម្រេចចេញការកាត់សេចក្តីបែបនេះ។ សូមបញ្ជាក់ថា មុននឹងតុលាការកំពូលបានសម្រេចកាត់សេចក្តីបែបនេះ កន្លងមកនៅតុលាការថ្នាក់ក្រោមចំនួន ២ បានកាត់សេចក្តីមិនអនុញ្ញាតឱ្យជីដូនជីតាខាងលើ អាចទទួលបានចៅរបស់ខ្លួនមកចិញ្ចឹមតាមការស្នើសុំ។

ក្នុងការកាត់សេចក្តី តុលាការសេចក្តីបានបកស្រាយថា «ហេតុផលដែលម្តាយបង្កើតនៅរស់ មិនអាចយកមកធ្វើជាហេតុផល ក្នុងការបដិសេធការស្នើសុំចិញ្ចឹមកុមារនេះបានទេ» ហើយការស្នើសុំបែបនេះគួរត្រូវបានអនុញ្ញាត ក្នុងករណីដែលអាចមានប្រយោជន៍ដល់កុមារនៅក្នុងករណីនោះ បើទោះបីជាធ្វើបែបនេះអាចបង្កឱ្យមានការភាន់ច្រលំទៅលើសែស្រឡាយ និងទំនាក់ទំនងនៅក្នុងគ្រួសារក៏ដោយ។

Leave a Reply

Your email address will not be published. Required fields are marked *