យ៉ាងហោចណាស់ ៩នាក់ ក្នុងចំណោមជនបរទេស១០នាក់ ដែលធ្វើការនៅកូរ៉េខាងត្បូង ពេញចិត្ត និងចង់ពន្យាររយៈពេលស្នាក់នៅប្រទេសនេះឱ្យកាន់តែយូរថែមទៀត ដោយសារតែ..

កូរ៉េខាងត្បូង៖ យ៉ាងហោចណាស់ក្នុងចំណោមជនបរទេស១០នាក់នៅក្នុងប្រទេសកូរ៉េ ដែលជាអ្នកស្នាក់នៅ និងធ្វើការងារបណ្តោះអាសន្ន មានដល់ទៅ៩នាក់ហើយ ចង់បន្តការស្នាក់នៅរបស់ពួកគេបន្តទៀត នេះបើតាមទិន្នន័យដែលរដ្ឋាភិបាលកូរ៉េបានចេញផ្សាយនៅថ្ងៃអង្គារម្សិលមិញនេះ។

ចុះផ្សាយក្នុងសារព័ត៌មាន Korea Times ទិន្នន័យពីស្ថាប័នស្ថិតិកូរ៉េបានបង្ហាញថា ៨៨.២% នៃជនបរទេសដែលមិនមានទិដ្ឋាការស្នាក់នៅអចិន្ត្រៃយ៍នៅប្រទេសកូរ៉េ (F-5) បាននិយាយថាពួកគេចង់បន្តស្នាក់នៅក្នុងប្រទេសកូរ៉េបន្តទៀត នេះបើតាមសម្រង់ទិន្នន័យគិតត្រឹមខែឧសភានេះ ដែលមានការកើនឡើង ១.៧% ធៀបនឹងឆ្នាំមុន។

ទិន្នន័យដដែលនេះបង្ហាញថា អ្នកទាំងនោះចង់បន្តស្នាក់នៅក្នុងប្រទេសកូរ៉េ ដោយធ្វើការពន្យារសុពលភាពនៃទិដ្ឋាការបច្ចុប្បន្នរបស់ពួកគេ មានដល់ទៅ ៥៣.៦% និងមានប្រមាណ ១៤.៦% ចង់ធ្វើការស្នើសុំទទួលបានសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍ និងមាន ១១.១% ទៀតចង់ទទួលបានសញ្ជាតិកូរ៉េតែម្តង។

តាមទិន្នន័យចេញផ្សាយនេះ ​ចំនួន​អ្នក​រស់​នៅ​ក្នុងប្រទេសកូរ៉េខាងត្បូងដែលមាន​សញ្ជាតិ​បរទេស​មាន​ចំនួន​ជាង ១.៣៣លាន​នាក់​ ដែល​ប្រហាក់ប្រហែលទៅ​នឹង​តួលេខ​កាល​ពី​ឆ្នាំ​មុនផងដែរ។ ​ជន​បរទេស​ដែល​មាន​ការងារ​ធ្វើនៅក្នុងប្រទេសកូរ៉េ ​មាន​ចំនួន ៨៥៥,៣០០​នាក់ កើន​ឡើង​ប្រមាណ ៧,០០០​នាក់ ​ធៀប​នឹង​ឆ្នាំ​មុន។ នេះ​ជា​ការ​កើន​ឡើង​លើក​ដំបូង​គិត​ចាប់​តាំង​ពី​ឆ្នាំ ២០១៨ មក ដែលកាលនោះ មាន​ចំនួន​ជនបរទេស​ដែល​មាន​ការងារ​ធ្វើ​មាន​ចំនួន ៨៨៤,៣០០ នាក់។

ការកើនឡើងនៅឆ្នាំនេះ គឺដោយសារការស្ទុះងើបឡើងវិញនៃចំនួនកម្មករសរុបនៅក្នុងប្រទេស ដោយសារតែការស្ទុះងើបឡើងវិញមួយផ្នែកនៅក្នុងទីផ្សារការងារ ក្រោយពីរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារកូវីដ-១៩ បណ្តាលឱ្យមានការបាត់បង់ការងារយ៉ាងឆាប់រហ័សកាលពីឆ្នាំមុននោះ។

មន្ត្រីជំនាញបាននិយាយក្នុងអំឡុងសន្និសីទខ្លីមួយនៅឯទីតាំងស្ថាប័នរដ្ឋាភិបាលកូរ៉េ នៅទីក្រុងសេជុង ថា “មនុស្សជាច្រើនមិនអាចស្វែងរកឱកាសការងារបានទេ ដោយសារតែជំងឺរាតត្បាតកូវីដ-១៩ ដែលកំពុងបន្ត ប៉ុន្តែស្ថានភាពកំពុងបង្ហាញសញ្ញានៃភាពប្រសើរឡើងវិញ”។

គេមើលឃើញថា ឧស្សាហកម្មសំណង់បានបន្ថែមចំនួនការងារច្រើនបំផុតសម្រាប់ជនបរទេសគឺមានដល់ទៅជាង ១៧,០០០នាក់ កើនឡើងប្រមាណ ១៩.៤% ធៀបនឹងឆ្នាំមុន បន្ទាប់មកដោយឧស្សាហកម្មកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានបន្ថែមការងាររួមគ្នាចំនួនដល់ទៅ ៤,០០០កន្លែង កើនឡើងប្រមាណ ៧.២% ធៀបនឹងឆ្នាំមុន។

ឧស្សាហកម្មផលិតកម្មបានកាត់បន្ថយការងារចំនួន៩,០០០កន្លែង ធ្លាក់ចុះ២.៤% ធៀបនឹងឆ្នាំមុន បន្ទាប់មកវិស័យលក់ទំនិញលក់ដុំ និងរាយ ក៏ដូចជាបដិសណ្ឋារកិច្ច បានបាត់បង់ការងារសរុបចំនួនជាង ៣,០០០កន្លែង ថយចុះប្រមាណ ១.៧% ធៀបនឹងឆ្នាំមុន។

ជាងពាក់កណ្តាល ឬ ៥២.២% នៃពលករបរទេស បានទទួលប្រាក់ឈ្នួលប្រចាំខែចន្លោះពី ២លានវ៉ុន (ប្រមាណ ១,៦៧៧ដុល្លារ) ទៅ៣លានវ៉ុន។ អ្នកដែលរកចំណូលបានច្រើនជាង ៣លានវ៉ុន មានប្រមាណជាង ២១.៩% នៃចំនួនជនបរទេសសរុប។ ប្រហែល២១.៥% រកចំណូលបានត្រឹមពី ១លានវ៉ុន ទៅ២លានវ៉ុន ហើយមានប្រមាណ ៤.៤% រកចំណូលបានក្រោម ១លានវ៉ុន។

ស្ទើរតែ២​/៣ នៃពលករដែលមានសញ្ជាតិបរទេសនៅក្នុងប្រទេសកូរ៉េខាងត្បូង មានភាពពេញចិត្តនឹងការងាររបស់ពួកគេ។ អ្នកដែលបាននិយាយថាពួកគេ “ពេញចិត្តខ្លាំង” ជាមួយនឹងការងាររបស់ខ្លួនមានដល់ទៅ ២១.២% ហើយប្រមាណជាង ៣៨.៩% បាននិយាយថាពួកគេ “ពេញចិត្តខ្លះៗ” ទៅនឹងការងាររបស់គេ។ ប្រហែល ៣៥.៦% បាននិយាយថាពួកគេមានអារម្មណ៍ធម្មតា។ អ្នក​ដែល​និយាយ​ថា​ពួក​គេ​«មិន​ពេញ​ចិត្ត​បន្តិច​បន្តួច» និង «មិន​ពេញ​ចិត្ត​ខ្លាំង» មាន​ចំនួន ៣.៩% និង ០.៤%។

Leave a Reply

Your email address will not be published. Required fields are marked *