ចែករំលែក! ចាប់ពីថ្ងៃចន្ទស្អែកនេះទៅ សាលារៀនពីវិទ្យាល័យ ដល់ថ្នាក់បឋមសិក្សានៅតំបន់សេអ៊ូល និងតាមសាលារៀនធំៗ នឹងត្រូវបន្ថយមករៀនតាមប្រព័ន្ធអនឡាញមួយចំនួនវិញ ការពារពីហានិភ័យកូវីដ-១៩

កូរ៉េខាងត្បូង៖ សាលារៀននៅក្នុងតំបន់ប្រជុំជនសេអ៊ូល នឹងបន្តការរៀនពីចម្ងាយក្នុងសប្តាហ៍នេះ ជាផ្នែកនៃវិធានការរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង ក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលយ៉ាងឆាប់រហ័សនៃមេរោគកូរ៉ូណា បើតាមការបញ្ជាក់របស់មន្ត្រីនៅថ្ងៃអាទិត្យនេះ។

ក្រោមវិធានការថ្មីចុងក្រោយនេះ សាលារៀននៅក្នុងតំបន់ប្រជុំជនសេអ៊ូល និងសាលារៀនធំៗដែលមានសិស្សច្រើនលើសលប់ នៅតាមតំបន់ផ្សេងៗទៀតទូទាំងប្រទេសកូរ៉េខាងត្បូងនឹងត្រូវថយក្រោយមួយជំហានវិញសិន ចំពោះការចូលរៀនក្នុងថ្នាក់ផ្ទាល់ទាំងស្រុង ហើយចាប់ផ្តើមអនុវត្តឡើងវិញនូវវិធីសាស្រ្តថ្នាក់រៀនផ្ទាល់ លាយឡំជាមួយការរៀនបែបអនឡាញពីផ្ទះឡើងវិញចាប់ពីថ្ងៃច័ន្ទស្អែកនេះទៅ។

តាមវិធានការថ្មីនេះ អនុវិទ្យាល័យ និងវិទ្យាល័យ នឹងអាចចូលរៀនផ្ទាល់បានត្រឹមកម្រិតពីរភាគបីនៃចំនួនសិស្សសរុប ខណៈដែលសិស្សពីថ្នាក់ទី៣ ដល់ទី៦នឹងត្រូវអាចរៀនបានដល់ចំនួន៧៥% នៃចំនួនសិស្សសរុប។ ខណៈដែលថ្នាក់បឋមសិក្សាថ្នាក់ទីមួយ និងថ្នាក់ទីពីរប៉ុណ្ណោះដែលអាចមករៀនបានដោយផ្ទាល់ពេញទាំងស្រុង។

ទោះជាយ៉ាងណាក៏ដោយ សម្រាប់តំបន់សេអ៊ូល អាជ្ញាធរអប់រំនៅសេអ៊ូល បានអនុម័តច្បាប់តឹងរ៉ឹងជាងទីតាំងផ្សេងទៀត ដោយតម្រូវឱ្យសាលាបឋមសិក្សានៅសេអ៊ូល ដាក់កម្រិតបន្ថែមទៀតលើការមករៀនផ្ទាល់ក្នុងថ្នាក់ សម្រាប់សិស្សថ្នាក់ទី ៣ ដល់ទី ៦ នៅត្រឹមតែ ៥០% តែសិស្សថ្នាក់ទី ១ និងទី ២ ចូលរៀនពេញលេញ ថ្នាក់មនុស្ស។

ទន្ទឹមនឹងនេះ សាលារៀនមួយចំនួននៅក្នុងខេត្តក្យ៉ុងណាម បានចាប់ផ្តើមការសម្រាករដូវរងារបស់ពួកគេកាលពីថ្ងៃសុក្រ មួយសប្តាហ៍មុនការគ្រោងទុក តាមការណែនាំរបស់ការិយាល័យអប់រំក្នុងតំបន់។

គោលការណ៍ណែនាំថ្មីរបស់រដ្ឋាភិបាលដែលនឹងអនុវត្តរហូតដល់ការចាប់ផ្តើមវិស្សមកាលរដូវរងារបស់សាលានីមួយៗនេះ ត្រូវបានដាក់ចេញឡើងភ្លាមៗចំពេលដែលការឆ្លងមេរោគកូវីដ១៩ក្នុងចំណោមកុមារនៅមត្តេយ្យរហូតដល់វិទ្យាល័យជាមធ្យមមាន ៨៦៩ ករណីប្រចាំថ្ងៃចាប់ពីថ្ងៃទី ៩ ដល់ ១៥ ខែធ្នូនេះ ដែលឃើញថាមានការកើនឡើងជិតទ្វេដងនៃតួលេខឆ្លងប្រចាំថ្ងៃត្រឹមតែ ៤៥៦.៦ ករណីប៉ុណ្ណោះ កាលពីថ្ងៃទី ១៨ ខែវិច្ឆិកា ដល់ថ្ងៃទី២៤ វិច្ឆិកាកន្លងទៅ នៅពេលដែលការចូលរៀនក្នុងថ្នាក់ផ្ទាល់វិញបានចាប់ផ្តើមនោះ។

ប្រទេសកូរ៉េខាងត្បូងទាំងមូលថ្មីៗនេះ បានរាយការណ៍ករណីឆ្លងកូវីដ-១៩ថ្មីប្រចាំថ្ងៃដល់ទៅជាង ៧ពាន់ករណី ស្ទើរតែជារៀងរាល់ថ្ងៃ ដោយបានបង្កើតកំណត់ត្រាថ្មីសម្រាប់ករណីកូវីដ-១៩ អ្នកជម្ងឺធ្ងន់ធ្ងរ និងអ្នកបាត់បង់ជីវិតផងដែរ។

 

Leave a Reply

Your email address will not be published. Required fields are marked *