ឆ្លៀតពីបេសកកម្មការទូត ថ្ងៃចុងសប្តាហ៍លោកជំទាវឯកអគ្គរាជទូត បានចុះទៅដល់ថេហ្គូ និងមីលរាំង សួរសុខទុក្ខបងប្អូនសហគមន៍ខ្មែរយើងដោយក្តីស្និតស្នាល និងរីករាយ

កូរ៉េខាងត្បូង៖ លោកជំទាវឯកអគ្គរាជទូត ជ្រឹង បុទុមរង្សី និងក្រុមការងារស្ថានទូតខ្មែរយើង បានចុះទៅជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនខ្មែរយើង ទៅដល់តំបន់ថេហ្គូផង និងតំបន់មីលរាំង ប៊ូសានផង ជាបេសកកម្មផ្នែកសហគមន៍ អមជាមួយនឹងបេសកកម្មការទូតនាអំឡុងថ្ងៃចុងសប្តាហ៍នេះ នេះបើតាមការចែករំលែករបស់ទំព័រហ្វេសប៊ុកស្ថានទូតខ្មែរយើងនៅកូរ៉េ។

តាមការចែករំលែក កាលពីថ្ងៃទី១៧ ខែធ្នូ ២០២១នេះ លោកជំទាវឯកអគ្គរាជទូត ជ្រឹង បុទុមរង្សី និងក្រុមការងារស្ថានទូតខ្មែរយើងបានអញ្ជើញមកបំពេញបេសកកម្មនៅទីក្រុងថេគូ ដើម្បីជួបជាមួយថ្នាក់ដឹកនាំមន្ទីរពេទ្យ Fatima ដែលជាមន្ទីរពេទ្យធំមួយនៅទីក្រុងថេគូ។ ក្នុងបេសកកម្មចុះមកទស្សនកិច្ច និងជួបជាមួយនឹងថ្នាក់ដឹកនាំមន្ទីរពេទ្យនេះ គឺក្នុងបំណងបន្ដចំណងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការ ផ្ដល់ជំនួយមនុស្សធម៌នៅកម្ពុជា និងកម្មវិធីពិនិត្យ និងព្យាបាលសុខភាព ជូនបងប្អូនខ្មែរដែលមានជីវភាពខ្វះខាតដោយឥតគិតថ្លៃ។

ក្រោយពីបញ្ចប់បេសកកម្មផ្លូវការនេះ លោកជំទាវបានអញ្ជើញផ្តល់កិត្តិយសជួបជាមួយបងប្អូនសហគមន៍ខ្មែរ ដោយជួបសំណេះសំណាល សាកសួរសុខទុក្ខ និងជូនកាដូអនុស្សាវរីយ៍ ដល់សហគមន៍ខ្មែរដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅទីក្រុងថេគូ ប្រកបដោយបរិយាកាសរីករាយនិងស្និតស្នាល។

ហើយក្រោយពីចេញពីទីក្រុងថេហ្គូមក នៅថ្ងៃបន្ទាប់មកទៀត នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ នេះ ក្រុមការងារស្ថានទូតដឹកនាំដោយលោកជំទាវឯកអគ្គរាជទូត អញ្ចើញចុះសាកសួរសុខទុក្ខបងប្អូននារីផ្នែកកសិកម្មចំនួន ៩នាក់ នៅចំការចំនួន ៣ ក្នុងតំបន់មីលយាំង ដើម្បីស្វែងយល់សុខទុក្ខលំបាក ហើយទៅដល់ទីនោះដែរ លោកជំទាវ និងក្រុមការងារក៏បានចុះទៅពិនិត្យផ្ទាល់នៅនឹងទីតាំងកសិដ្ឋានដែលបងប្អូនខ្មែរយើងធ្វើការផងដែរ ។ លោកជំទាវក៏បានផ្ដាំផ្ញើឲ្យបងប្អូនមើលថែរក្សាសុខភាព ស្រលាញ់សាមគ្គី និងចេះជួយទុកធុរៈគ្នាទៅវិញទៅមកពេលមានការលំបាក។

 

 

Leave a Reply

Your email address will not be published. Required fields are marked *