ប្រកាសរឹតបន្តឹងការជួបជុំ និងម៉ោងប្រតិបត្តិការអាជីវកម្មឡើងវិញភ្លាម ប្រធានាធិបតីកូរ៉េខាងត្បូងថ្លែងសុំការយោគយល់ពីប្រជាពលរដ្ឋខ្លួនភ្លាម ហើយធានានឹងធ្វើរឿង ២ នេះឱ្យបាន…

កូរ៉េខាងត្បូង៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន បានចេញមកថ្លែងសារសុំការអធ្យាស្រ័យយោគយល់ពីសំណាក់ប្រជាជនកូរ៉េខាងត្បូងទូទាំងប្រទេស ក្នុងការសម្រេចចិត្តរបស់រដ្ឋាភិបាលរបស់លោក ដែលត្រឡប់ក្រោយមករកការអនុវត្តគម្លាតសង្គមវិញ ដើម្បីទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩។

ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News បានឱ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ លោកប្រធានាធិបតីកូរ៉េខាងត្បូង មូន ជេអ៊ីន បានថ្លែងសុំអភ័យទោសភ្លាមៗ ក្រោយពីរដ្ឋាភិបាលបានប្រកាសអនុវត្តគម្លាតសង្គម និងជាពិសេសគឺការកំណត់នៃការជួបជុំ រួមនឹងការកំណត់ម៉ោងប្រតិបត្តិការអាជីវកម្មផងដែរនោះ។

លោកប្រធានាធិបតីបានលើកឡើងថា «ខ្ញុំសូមអភ័យទោសដែលយើងត្រូវមកអនុវត្តវិធានការគម្លាតសង្គមប្រឆាំងនឹងជំងឺកូវីដ-១៩ ជាថ្មីម្តងទៀត» ហើយលោកបានបន្តទៀតថា «ក្នុងខណៈពេលមួយរយៈនៃការអនុវត្តប្រក្រតីភាពថ្មី អាជ្ញាធរបរាជ័យក្នុងការទប់ស្កាត់ការកើនឡើងនៃករណីឆ្លងជំងឺកូវីដថ្មី ជាពិសេសគឺការកើនឡើងនៃករណីអ្នកដែលឈឺធ្ងន់ធ្ងរបណ្តាលមកពីជំងឺកូវីដ ហើយក៏មិនបានត្រៀមខ្លួនឱ្យបានពេញលេញនូវគ្រែពេទ្យត្រៀមសម្រាប់អ្នកជំងឺផងដែរ»។

លោកប្រធានាធិបតីកូរ៉េខាងត្បូងបានសន្យថា នឹងគ្រប់គ្រងស្ថានការណ៍ជំងឺនេះឱ្យបានវិញកាន់តែច្រើនតាមតែអាចធ្វើទៅបាន ក្នុងអំឡុងពេលនៃការអនុវត្តគម្លាតសង្គមតឹងតែងឡើងវិញនេះ ដែលត្រូវចាប់អនុវត្តពិថ្ងៃសៅរ៍នេះ រហូតដល់ថ្ងៃទី២ ខែមករា។

លោកប្រធានាធិបតី ថែមទាំងបានធានាថានឹងដាក់ចេញនូវបទបញ្ហាទាន់ពេលវេលាក្នុងការរៀបចំកញ្ចប់ថវិកាសម្រាប់សងការខូចខាតដល់បណ្តាអាជីវកម្ម និងអ្នករកស៊ីដែលរងគ្រោះខ្លាំងដោយសារស្ថានការណ៍កូវីដនេះផងដែរ។

សូមបញ្ជាក់ថា ក្រោមវិធានការគម្លាតសង្គមថ្មីដែលត្រូវបានប្រកាសដាក់ឱ្យអនុវត្តនេះរួមមានការកំណត់ចំនួននៃការជួបជុំឯកជនតាមភោជនីយដ្ឋាន និងហាងកាហ្វេ ដោយត្រូវបន្ថយឱ្យមកនៅបានត្រឹមគ្នា៤នាក់ប៉ុណ្ណោះ ហើយត្រូវជាអ្នកបានចាក់វ៉ាក់សាំងរួចរាល់ទាំងអស់ផងដែរ។ សម្រាប់អ្នកដែលមិនទាន់ចាក់វ៉ាក់សាំង អាចចូលញ៉ាំបានតែម្នាក់​ឯង ឬខ្ចប់យកទៅញ៉ាំនៅផ្ទះ។

សម្រាប់បារ ក្លឹបកម្សាន្ត និងទីតាំងកម្សាន្តផ្សេងៗទៀត នឹងត្រូវបិទទ្វារត្រឹមម៉ោង៩យប់ ខណៈដែលរោងកុន រោងភាពយន្ត ឆាកសម្តែងប្រគុំតន្ត្រី ហាងអ៊ីនធើណែតកាហ្វេ នឹងអាចបើកដំណើរការបានដល់ម៉ោង១០យប់ នេះបើតាមការបញ្ជាក់លម្អិតរបស់លោកនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង នៅក្នុងកិច្ចប្រជុំនៅទីស្តីការទីភ្នាក់ងារប្រយុទ្ធប្រឆាំងជំងឺឆ្លងព្រឹកនេះ។

ភាពខុសគ្នានៃការកំណត់វិធានការថ្មីនេះ គឺអាស្រ័យទៅតាមទីតាំង និងតាមស្ថានភាពនៃការពាក់ម៉ាស់ ដូចជានៅតាមហាងផឹកស៊ី ភោជនីយដ្ឋាន ត្រូវដោះម៉ាស់ ដូចនេះវិធានការគម្លាតសង្គមត្រូវមានភាពតឹងរ៉ឹងជាងទីតាំងដទៃ។

Leave a Reply

Your email address will not be published. Required fields are marked *