កូវីដកើនរាល់ថ្ងៃដល់ក្បែរ ៨ពាន់ករណី ! ពេលនេះ កូរ៉េខាងត្បូងសម្រេចថយក្រោយមួយជំហានពី «រស់នៅជាមួយនឹងកូវីដ-១៩» វិញហើយ ដោយរឹតបន្តឹងការជួបជុំ ម៉ោងអាជីវក​ម្មនានាវិញ ដើម្បីការពារកូវីដ..

កូរ៉េខាងត្បូង៖ ក្រោយមានករណីឆ្លងកូវីដ-១៩ ផ្ទុះឡើងយ៉ាងខ្លាំងពិបាកគ្រប់គ្រង ក្នុង «ដំណាក់កាលរស់នៅជាមួយនឹងកូវីដ» នេះ ឥឡូវរដ្ឋាភិបាលកូរ៉េខាងត្បូងសម្រេចដាក់ត្រឡប់មកវិញហើយ នូវការរឹតបន្តឹងការអនុវត្តគម្លាតសង្គម និងការរឹតត្បិតក្នុងការជួបជុំវិញ នេះបើតាមការវិធានការថ្មីដែលប្រកាសដោយនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។

ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News បាន​ឱ្យដឹងថាវិធានការរឹតបន្តឹងថ្មីដែលដាក់ចេញនេះ នឹងចាប់ផ្តើមមានប្រសិទ្ធិភាពអនុវត្តពីថ្ងៃសៅរ៍ចុងសប្តាហ៍នេះ រហូតដល់ថ្ងៃទី២ ខែមករាខាងមុខ ដែលក្នុងនោះការជួបជុំឯកជនតាមភោជនីយដ្ឋាន និងហាងកាហ្វេ នឹងត្រូវបន្ថយឱ្យមកនៅបានត្រឹមគ្នា៤នាក់ប៉ុណ្ណោះ ដែលត្រូវជាអ្នកបានចាក់វ៉ាក់សាំងរួចរាល់ទាំងអស់ផងដែរ។ សម្រាប់អ្នកដែលមិនទាន់ចាក់វ៉ាក់សាំង អាចចូលញ៉ាំបានតែម្នាក់​ឯង ឬខ្ចប់យកទៅញ៉ាំនៅផ្ទះ។

សម្រាប់បារ ក្លឹបកម្សាន្ត និងទីតាំងកម្សាន្តផ្សេងៗទៀត នឹងត្រូវបិទទ្វារត្រឹមម៉ោង៩យប់ ខណៈដែលរោងកុន រោងភាពយន្ត ឆាកសម្តែងប្រគុំតន្ត្រី ហាងអ៊ីនធើណែតកាហ្វេ នឹងអាចបើកដំណើរការបានដល់ម៉ោង១០យប់ នេះបើតាមការបញ្ជាក់លម្អិតរបស់លោកនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង នៅក្នុងកិច្ចប្រជុំនៅទីស្តីការទីភ្នាក់ងារប្រយុទ្ធប្រឆាំងជំងឺឆ្លងព្រឹកនេះ។

ភាពខុសគ្នានៃការកំណត់វិធានការថ្មីនេះ គឺអាស្រ័យទៅតាមទីតាំង និងតាមស្ថានភាពនៃការពាក់ម៉ាស់ ដូចជានៅតាមហាងផឹកស៊ី ភោជនីយដ្ឋាន ត្រូវដោះម៉ាស់ ដូចនេះវិធានការគម្លាតសង្គមត្រូវមានភាពតឹងរ៉ឹងជាងទីតាំងដទៃ។

សូមបញ្ជាក់ថា វិធានការនេះត្រូវបានគេមើលឃើញថាជាការដើរបកត្រឡប់ក្រោយពី ការអនុវត្តស្ថានការណ៍ថ្មី «រស់នៅជាមួយនឹងកូវីដ-១៩» ដែលប្រតិបត្តិការអាជីវកម្មជាច្រើន ត្រូវបានអនុញ្ញាតឱ្យបើកដំណើរការពេញលេញជាធម្មតាវិញហើយនោះ។ ការអនុវត្តនថ្មីនេះក៏ដោយសារតែ ការកើនឡើងខ្លាំងនៃករណីឆ្លងកូវីដ-១៩ ដែលបច្ចុប្បន្ននៅកូរ៉េខាងត្បូង សឹងតែដល់ក្បែរ ៨ពាន់ករណីក្នុងមួយថ្ងៃទៅហើយ ចំណែកឯករណីអ្នកជំងឺកូវីដដែលមានអាការៈឈឺធ្ងន់វិញនោះ ក៏កើនឡើងកាន់តែច្រើន រីឯចំនួនអ្នកបាត់បង់ជីវិតវិញនោះមានដល់រាប់សិបនាក់ក្នុងមួយថ្ងៃ គួរឱ្យបារម្ភមែនទែននោះ។

លោកនាយករដ្ឋមន្ត្រីនិយាយថា យើងត្រូវការពេលវេលាច្រើនក្នុងការដោះស្រាយបញ្ហាប្រឈមនេះ ហើយយើងនឹងអាចគ្រប់គ្រងស្ថានការណ៍នេះបានឆាប់ៗខាងមុខ និងអាចគ្រប់គ្រងស្ថានការណ៍ឆ្លងនៃជំងឺកូវីដបានវិញ តាមរយៈវិធានការគម្លាតសង្គមដែលតឹងរ៉ឹងជាងមុននេះ។

Leave a Reply

Your email address will not be published.