ល្អណាស់! នៅកូរ៉េខាងត្បូង ក្រោយមានករណីឃាតកម្ម ពេលនេះករណីជនសង្ស័យលួចតាមដាននរណាគេម្នាក់ ទោះមិនទាន់ធ្វើសកម្មភាពល្មើសក៏ដោយ សមត្ថកិច្ចនឹងអាចមានសិទ្ធឃាត់ខ្លួនដើម្បីការពារជនរងគ្រោះ ប្រសិនបើ..

កូរ៉េខាងត្បូង៖ ករណីជនសង្ស័យណាដែលជាប់ពាក់ព័ន្ធនឹងករណីលួចតាមអ្នកដទៃ ដែលចាត់ទុកជាករណីមានហានិភ័យខ្ពស់ នឹងត្រូវសមត្ថកិច្ចប៉ូលិសកូរ៉េចេញដីការដើម្បីឃាត់ខ្លួនតែម្តង បើទោះជាមិនទាន់បានបញ្ចេញសកម្មភាពល្មើសអ្វីក៏ដោយ នេះបើតាមការបញ្ចាក់របស់សមត្ថកិច្ចប៉ូលិសកូរ៉េ ដើម្បីជាវិធានការមួយអាចផ្តល់ការការពារសុវត្ថិភាពជូនដល់ជនរងគ្រោះ ខណៈដែលថ្មីៗនេះមានករណីជនល្មើសតាមឃ្លាំងមើល និងបង្កជាបទល្មើសផ្សេងៗជាបន្តបន្ទាប់នោះ។

ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News បានឱ្យដឹងថា វិធានការថ្មីនេះត្រូវបានប្រកាសឡើងដោយទីភ្នាក់ងារប៉ូលីសក្រុងសេអ៊ូល ដើម្បីពង្រឹងការឆ្លើយតបរបស់ខ្លួនប្រឆាំងនឹងឧក្រិដ្ឋកម្មតាមឃ្លាំមើលមកលើជនរងគ្រោះ ដែលថ្មីៗនេះមានមនុស្ស ២នាក់ហើយ ត្រូវបានរងគ្រោះក្នុងករណីជនល្មើសតាមឃ្លាំមើល និងលួចធ្វើសកម្មភាពល្មើសរហូតដល់ជនរងគ្រោះបាតបង់ជីវិត ដែលក្នុងករណីទាំងនេះ គឺសុទ្ធតែជនរងគ្រោះបានរាយការណ៍ករណីឃ្លាំមើលនេះទៅឱ្យសមត្ថកិច្ចរួចរាល់ តែសមត្ថកិច្ចមិនអាចមានសកម្មភាពអ្វីបាន ដោយសារជនល្មើសមិនទាន់បង្កសកម្មភាពល្មើសអ្វីនោះ។

ជាក់ស្តែង កាលពីសប្តាហ៍មុន បុរសជាជនល្មើសអាយុ ២៦ ឆ្នាំម្នាក់ឈ្មោះ លី ស៊ុកជូន (Lee Seok-joon) បានសម្លាប់ម្តាយរបស់អតីតសង្សាររបស់ខ្លួន និងបង្កឱ្យប្អូនប្រុសអតីតសង្សាររបួសធ្ងន់នៅផ្ទះរបស់ជនរងគ្រោះ នៅភាគខាងត្បូងទីក្រុងសេអ៊ូល ហើយកាលពីខែមុនទៀត ជនល្មើសករណីមួយផ្សេងទៀត ឈ្មោះ គីម ព្យ៉ុងចាន់ (Kim Byung-chan) អាយុ ៣៥ ឆ្នាំត្រូវបានចាប់ខ្លួន ក្រោមការចោទប្រកាន់ថាបានសម្លាប់អតីតមិត្តស្រីរបស់ខ្លួននៅឯផ្ទះរបស់ជនរងគ្រោះនៅចំកណ្តាលទីក្រុងសេអ៊ូលតែម្តង ក្រោយពីបានតាមលួចមើលជនរងគ្រោះអស់ជាច្រើនខែ។

នៅក្នុងករណីទាំងពីរនេះ ជនរងគ្រោះបានរាយការណ៍ប្រាប់សមត្ថកិច្ច ហើយត្រូវបានសមត្ថកិច្ចចាត់ចែងបញ្ចូលទៅក្នុងបញ្ជីការពាររបស់ប៉ូលីស ក្រោមច្បាប់ប្រឆាំងការលួចឃ្លាំមើលដែលបានអនុម័តកាលពីដើមឆ្នាំនេះ ប៉ុន្តែក្នុងករណីទាំងអស់នេះ ប៉ូលីសមិនអាចការពារជនរងគ្រោះបាន ដោយសារតែជនល្មើសធ្វើសកម្មភាពចំពេលដែលមិនមានវត្តមានប៉ូលិស ដែលបង្កឱ្យបទល្មើសឃ្លាំមើលក្លាយជាបទល្មើសឃាតកម្មយ៉ាងធ្ងន់ធ្ងរ។

ដូចនេះហើយ ដើម្បីទប់ស្កាត់ករណីស្រដៀងគ្នានេះកុំឱ្យកើតមានឡើងតទៅទៀត សមត្ថកិច្ចបានធ្វើការកំណត់ហានិភ័យដែលអាចកើតមាននៃករណីលួចឃ្លាំមើលនេះ ជា ៣ កម្រិត ដែលចាប់ពីកម្រិតទី២ទៅ គឺនៅពេលដែលជនសង្ស័យបានបង្កហឹង្សារ ឬគម្រាមកំហែងលើជនរងគ្រោះ ឬគ្រួសារជនរងគ្រោះ មិត្តភក្តិ ឬអ្នកស្គាល់គ្នា គឺសមត្ថកិច្ចនឹងអាចចេញបទបញ្ជាដាក់ឱ្យជនសង្ស័យក្នុងការកម្រិតសេរីភាពដើរហើរ ហើយនៅពេលដែលជនសង្ស័យបំពានបម្រាមដើរហើរ គម្រាមក្នុងការធ្វើឱ្យប៉ះពាល់ដល់អាយុជីវិត ឬមានប្រើប្រាស់អាវុធគម្រាមកំហែងផ្សេងៗ នោះសមត្ថកិច្ចនឹងកំណត់បទល្មើសចូលដល់កម្រិតទី៣ និងអាចចេញដីកាឃាត់ខ្លួនជនសង្ស័យតែម្តង។

ក្នុងនោះដែរ ចំពោះករណីផ្សេងៗដែលកំពុងមានបច្ចុប្បន្ន ប៉ូលីសក្រុងសេអ៊ូលនឹងសើរើធ្វើការពិនិត្យទាំងនោះឡើងវិញ ថាត្រូវមានចំណាត់ការបែបណាដែលសមស្រប ហើយនឹងធ្វើការកំណត់កម្រិតហានិភ័យដូចដែលបានដាក់ចេញថ្មីនេះ ចាប់ពីចុងខែនេះទៅ។ ក្នុងនោះដែរ សមត្ថកិច្ចក៏នឹងអាចរៀបចំជាទីតាំងសុវត្ថិភាពសម្រាប់ជនរងគ្រោះ និងជូនព័ត៌មានដល់ជនរងគ្រោះពីកាលបរិច្ឆេទជាប់ឃុំឃាំង និងដោះលែងរបស់ជនល្មើសផងដែរ។

Leave a Reply

Your email address will not be published.