កូរ៉េខាងត្បូង៖ ថ្ងៃដំបូងនៃការអនុវត្តវិធានការពិនិត្យប័ណ្ណចាក់វ៉ាក់សាំង ដើម្បីអាចអនុញ្ញាតចូលតាមហាងម្ចាស់ និងហាងអាជីវកម្មនានាបាននោះ មានម្ចាស់ហាងកាហ្វេ និងភោជនីយដ្ឋាន និងអតិថិជនជាច្រើននៅកូរ៉េខាងត្បូងបានបង្ហាញការរអ៊ូរទាំងថាការអនុវត្តនេះមានបញ្ហាជាច្រើនក្នុងការអនុវត្ត បើតាមការចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។
ក្រោយពីបានសាកល្បងកន្លងមករយៈពេល១សប្តាហ៍នោះ នៅថ្ងៃចន្ទនេះហើយដែលការអនុវត្តប្រព័ន្ធពិនិត្យកាតចាក់វ៉ាក់សាំងចាប់ផ្តើមអនុវត្ត ដែលតម្រូវឱ្យអតិថិជនទាំងអស់ដែលមកហាងកាហ្វេ និងភោជនីយដ្ឋាន ត្រូវបង្ហាញកាតថាខ្លួនបានចាក់វ៉ាក់សាំងរួចរាល់ទាំងស្រុង ឬក៏បានតេស្តអវិជ្ជមានកូវីដ ទើបអាចចូលហាងបាន។
ក្នុងការអនុវត្តទាំងនេះ ម្ចាស់អាជិវកម្មអាចនឹងត្រូវរងពិន័យដល់ទៅ១.៥លានវ៉ុន (ប្រមាណ ១២៧០ដុល្លារ) ឬត្រូវពិន័យផ្អាកមិនឱ្យប្រតិបត្តិការរយៈពេលដល់ទៅ១០ថ្ងៃ ក្នុងករណីដែលគេមិនអនុវត្តតាមវិធានការពិនិត្យប័ណ្ណចាក់វ៉ាក់សាំងនេះ។ ចំណែកឯប្រជាជនធម្មតាដែលជាអតិថិជនវិញ អាចនឹងត្រូវរងការផាកពិន័យដល់ទៅ១០ម៉ឺនវ៉ុន ក្នុងករណីដែលគេបំពានវិធានការនេះ។
យ៉ាងណាមិញ ការអនុវត្តប្រព័ន្ធនេះនៅថ្ងៃដំបូងហាក់ដូចជាមិនទទួលបានជោគជ័យនោះទេ។ មានការរិះគន់ជាច្រើនថាការអនុវត្តជាក់ស្តែងមានការលំបាកក្នុងការប្រើប្រាស់ ទាំងទំរង់ប្រព័ន្ធពិនិត្យកាតវ៉ាក់សាំងតាមប្រព័ន្ធឌីជីផលរបស់រដ្ឋាភិបាលផង និងតាមប្រព័ន្ធ QR Code ពីបណ្តាក្រុមហ៊ុនសេវាកម្មអ៊ីនធើណែតផ្សេងៗផងដែរ ដូចជា Naver, Kakao Talk, Toss Bank ជាដើម ជាពិសេសគឺនៅពេលបាយថ្ងៃត្រង់តែម្តង។
នៅតាមហាងកាហ្វេ និងភោជនីយដ្ឋានមួយចំនួននៅពេលថ្ងៃត្រង់ បុគ្គលិកគ្រាន់តែអតិថិជនឱ្យធ្វើការចុះឈ្មោះចូលតាមទូរស័ព្ទ ឬតាមការកត់ឈ្មោះនៅលើសៀវភៅ ជាទម្លាប់ដែលគេតែងតែធ្វើពីមុនមកប៉ុណ្ណោះ ហើយការពិនិត្យព័ត៌មាននៃការចាក់វ៉ាក់សាំងនោះ ភាគច្រើនគឺគេមិនបានអនុវត្តនោះទេ ដោយសារតែការធ្វើបែបនេះ លើសពីការងារដែលកំពុងស្រាប់ទៅហើយនោះ។
ម្ចាស់ហាងម្នាក់និយាយថា បើទោះបីជាការអនុវត្តជាក់ស្តែង មានអតិថិជនភាគច្រើន (បានស្ម័គ្រចិត្ត) បង្ហាញកាតវ៉ាក់សាំងមុនដើរចូលទៅក្នុងហាងក៏ដោយ ក៏ដើម្បីអនុវត្តបែបនេះបាន ម្ចាស់ហាងត្រូវបន្ថែមបុគ្គលិកបន្ថែមម្នាក់ទៀត ទើបអាចមកទទួលអនុវត្ត និងពិនិត្យការងារនេះបាន ហើយក្នុងនោះប្រាក់ខែបុគ្គលិកនឹងក្លាយជាបន្ទុកថ្មីបន្ថែមទៀតដល់ម្ចាស់ហាង។ ម្ចាស់ហាងក៏នាំគ្នាមិនពេញចិត្តនឹងការអនុវត្ត ដោយសារតែតម្រូវឱ្យមានការប្រើប្រាស់ឧបករណ៍ផ្សេងៗដូចជា ទូរស័ព្ទ ឬ ឧបករណ៍ Tablet ជាដើម ដែលត្រូវជាបន្ទុកចំណាយបន្ថែមសម្រាប់ហាងផងដែរ។
ការរិះគន់មួយចំនួនលើកឡើងថា បើមនុស្សចាស់វិញ អ្នកខ្លះមិនអាចញ៉ាំបាយថ្ងៃត្រង់បាន ដោយសារតែមិនមានកាតចាក់វ៉ាក់សាំងកូវីដ ដូចអ្នកផ្សេងៗដែលបានចាក់វ៉ាក់សាំងកូវីដនោះ ជាក់ស្តែងពួកគាត់អាចមិនមានឧបករណ៍ទំនើប ទូរស័ព្ទដៃស្មាតហ្វូនដែលអាចផ្ទុកព័ត៌មានកាតចាក់វ៉ាក់សាំងនេះបាន និងអាចភ្លេចយកប័ណ្ណព័ត៌មានចាក់វ៉ាក់សាំងរបស់ខ្លួនមកតាម ដែលនាំឱ្យមានបញ្ហាមិនអាចចូលញ៉ាំអាហារតាមហាងនានាបាន។
គិតត្រឹមរសៀលថ្ងៃចន្ទម្សិលមិញនេះ មនុស្សយ៉ាងហោចណាស់ ៣៥៦០០០នាក់ បានចុះហត្ថលេខាលើញ្ញត្តិមួយដែលទាមទារឱ្យធ្វើការលុបចោលប្រព័ន្ធពិនិត្យកាតចាក់វ៉ាក់សាំងនេះចោល ដោយនិយាយគោលនយោបាយបែបនេះជាការល្មើសទៅនឹងសិទ្ធមនុស្សទូទៅ។