កូរ៉េខាងត្បូង៖ កម្មករបីនាក់ត្រូវបានគេរកឃើញថាបានបាត់បង់ជីវិត ដោយសារការផ្ទុះរោងចក្រគីមីនៅឯបរិវេណតំបន់ឧស្សាហកម្មក្នុងទីក្រុងយ៉ស៊ូ (Yeosu) នៅភាគខាងត្បូងប្រទេសកូរ៉េខាងត្បូងនៅថ្ងៃចន្ទនេះ បើតាមការបញ្ជាក់ឱ្យដឹងពីក្រុមអ្នកជំនាញពន្លត់អគ្គិភ័យក្នុងកន្លែងកើតហេតុ ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News នៅល្ងាចថ្ងៃចន្ទនេះតែម្តង។
ហេតុការណ៍អគ្គិភ័យដ៏គួរឱ្យរន្ធត់នេះកើតឡើងកាលពីវេលាម៉ោង ១និង៣៧នាទីរសៀល (ម៉ោងនៅក្នុងស្រុកកូរ៉េ) ចេញពីរោងចក្រផលិតគីមីឥន្ធនៈក្នុងបរិវេណតំបន់ឧស្សាហកម្មទីក្រុងយ៉ស៊ូ (Yeosu) ចម្ងាយ ៤៥០ គីឡូម៉ែត្រភាគខាងត្បូងទីក្រុងសេអ៊ូល។
ខណៈពេលដែលនៅពេលកើតហេតុនោះ គេដឹងថាមានមនុស្សសរុបចំនួន ៧ នាក់កំពុងធ្វើការនៅក្នុងឃ្លាំងផ្ទុកសារធាតុគីមីនៃរោងចក្រនោះ មានមនុស្ស៣ នាក់ត្រូវបានគេរកឃើញ និងដឹងថាបានបាត់បង់ជីវិតនៅក្នុងឧបតិវហេតុអគ្គិភ័យដ៏សន្ធោសន្ធៅនៅនឹងរោងចក្រគីមីនោះ ដែលបង្កមកពីផលប៉ះពាល់នៃការផ្ទុះដ៏ខ្លាំងចេញពីរោងចក្រនោះតែម្តង។ យោងតាមអាជ្ញាធរបានឱ្យដឹងថា មនុស្ស៤នាក់ផ្សេងទៀតត្រូវបានបញ្ជាក់ថាមានសុវត្ថិភាព។
ចំពោះករណីដ៏រន្ធត់នេះ អាជ្ញាធរបានចេញការព្រមានកម្រិត ២ ដែលអនុញ្ញាតឱ្យអាជ្ញាធរ និងកងកម្លាំងសង្គ្រោះអាចហៅជំនួយ រួមទាំងអ្នកពន្លត់អគ្គីភ័យមកពីតំបន់ផ្សេងទៀតបាន ដើម្បីចូលរួមក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យដ៏សន្ធោរសន្ធៅនេះ។ តែក្រោយមកប៉ុន្មានម៉ោង នៅវេលាម៉ោង៥ និង១១នាទីល្ងាច រថយន្ត និងកងកម្លាំងពន្លត់អគ្គិភ័យបានបាញ់ពន្លត់ទាំងស្រុង និងបានដកចេញការព្រមានកម្រិត២នេះវិញផងដែរ។
សម្រាប់មូលហេតុពិតប្រាកដដែលបង្កឱ្យមានជាការផ្ទុះដ៏សន្ធោរសន្ធៅនេះឡើង គេមិនទាន់អាចកំណត់បាននោះទេ ហើយអាជ្ញាធរកំពុងតែស៊ើបអង្កេតពីប្រភព និងមូលហេតុដែលបង្កឱ្យមានគ្រោះអគ្គិភ័យនេះឡើងផងដែរ។