កូរ៉េខាងត្បូង៖ ឆាប់ៗខាងមុខនេះ ប្រទេសកូរ៉េខាងត្បូងនឹងចាប់ផ្តើមគម្រោងសាកល្បងថ្មីដែលនឹង សាកល្បងប្រើប្រាស់បច្ចេកវិទ្យាបញ្ញានិមិ្មត (AI) ពិនិត្យលើផ្ទៃមុខមនុស្សបំពាក់នៅលើកាំមេរ៉ាសុវត្ថិភាព ដើម្បីតាមចាប់សកម្មភាពរបស់មនុស្សដែលបានរកឃើញថាឆ្លងកូវីដ-១៩ ដែលជាវិធានការថ្មីក្នុងការប្រើប្រាស់បច្ចេកវិទ្យាទំនើបដើម្បីតាមដាមប្រភពនៃជំងឺកូវីដ-១៩ នេះបើតាមការចុះផ្សាយក្នុងសារព័ត៌មាន Al Jazeera ជាភាសាអង់គ្លេសនៅថ្ងៃចន្ទនេះ។
គម្រោងសាកល្បងដែលដំណើរការផ្ទាល់ដោយរដ្ឋាភិបាលនេះ នឹងត្រូវចាប់ផ្តើមដាក់សាកល្បងអនុវត្តនៅទីក្រុងប៊ូឆុន ដែលជាក្រុងមួយដែលមានមនុស្សកកកុញខ្លាំងនៅក្នុងប្រទេសកូរ៉េ ហើយស្ថិតនៅក្បែរក្រុងសេអ៊ូលផងដែរ។ គម្រោងនេះនឹងអាចចាប់ផ្តើមនៅខែមករាខាងមុខ បើតាមការបញ្ជាក់របស់អាជ្ញាធរមូលដ្ឋានប្រាប់ទៅកាន់សារព័ត៌មាន Reuter។
បច្ចេកវិទ្យាថ្មីនេះនឹងប្រើប្រាស់ប្រព័ន្ធ និងរូបមន្តបញ្ញានិមិ្មត (AI) ដើម្បីបច្ចេកវិទ្យាក្នុងការពិនិត្យផ្ទៃមុខ ដើម្បីធ្វើការវិភាគទៅលើវីដេអូកាំមេរ៉ាសុវត្ថិភាពនៅតាមទីសាធារណៈនានា ទាំងអស់ជាង ១០៨២០ គ្រឿង ដែលប្រព័ន្ធបច្ចេកវិទ្យានេះនឹងធ្វើការតាមពិនិត្យសកម្មភាពពីមួយកន្លែងទៅមួយកន្លែងរបស់អ្នកដែលគេរកឃើញថាវិជ្ជមានកូវីដ-១៩ ដែលធ្វើដូចនេះបាន គេនឹងដឹងអ្នកជំងឺកូវីដ បានទៅទាក់ទង និងពាក់ព័ន្ធជាមួយនរណាខ្លះ ហើយថាតើមានពាក់ម៉ាស់ឬយ៉ាងណា រួមនឹងមុខងារដទៃៗទៀតជាច្រើនមុខ បើតាមឯកសារដែលបានរៀបរាប់លម្អិតពីគម្រោងនេះ ដែលក្រុមការងារបានផ្តល់ជូនសារព័ត៌មាន Reuter។
អាជ្ញាធរមូលដ្ឋានក្រុងប៊ូឆុនបាននិយាយថា ប្រព័ន្ធបច្ចេកវិទ្យានេះនឹងជួយកាត់បន្ថយការងាររបស់មន្ត្រីអ្នកតាមដានប្រភពជំងឺឆ្លង ដោយយកបច្ចេកវិទ្យាមកជំនួសការងារមួយចំនួនក្នុងការតាមដាន ជាជាងការប្រើប្រាស់មន្ត្រីទៅស៊ើបអង្កេតផ្ទាល់វិញ ដែលនឹងបង្កើនប្រសិទ្ធភាពក្នុងការតាមដានដោយផ្ទាល់ ជាពិសេសក្នុងទីក្រុងធំៗដែលមានមនុស្សច្រើនដល់ទៅជាង ៨០ម៉ឺននាក់ដូចជាទីក្រុងប៊ូឆុននេះជាដើម។
ប្រព័ន្ធថ្មីនេះនឹងធ្វើឱ្យការតាមដានពិនិត្យអ្នកជំងឺកូវីដ-១៩ ដែលនៅទីសាធារណៈកាន់តែមានប្រសិទ្ធភាពខ្ពស់ ដោយគេអាចពិនិត្យមើលវីដេអូពីកាំមេរ៉ាសុវត្ថិភាពមួយ ដែលពីមុនគេប្រើពេលរាប់ម៉ោងដើម្បីពិនិត្យ តែឥឡូវនេះត្រូវការត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ។ បច្ចេកវិទ្យានេះនឹងប្រើប្រាស់ដើម្បីដោះស្រាយបញ្ហាដែលគេបារម្ភលើករណីដែលអ្នកជំងឺកូវីដព្យាបាលនៅផ្ទះដោយខ្លួនឯងលួចចាកចេញពីផ្ទះ ទៅទីសាធារណៈនានាជាដើម ដែលអាចបង្កជាហានិភ័យឆ្លងដល់អ្នកដទៃនៅទីសាធារណៈបន្តទៀតនោះ។
តាមពិតទៅ ការប្រើប្រាស់បច្ចេកវិទ្យាក្នុងការតាមដានប្រភពនៃជំងឺឆ្លងកូវីដនេះ មិនមែនជាលើកដំបូងនៅក្នុងប្រទេសកូរ៉េខាងត្បូង។ កន្លងមក រដ្ឋាភិបាលកូរ៉េខាងត្បូងក៏បានប្រើប្រាស់បច្ចកវិទ្យាមួយចំនួនដូចជាការតាមដានប្រវត្តិប្រើប្រាស់ប្រព័ន្ធក្រឌីតកាត ទិន្នន័យប្រព័ន្ធទូរស័ព្ទ ទីតាំងឧបករណ៍ទូរស័ព្ទ និងវីដេអូកាំមេរ៉ាផងដែរ។
សូមបញ្ជាក់ថា ក្រុងប៊ូឆុននឹងទទួលកញ្ចប់ថវិកាដល់ទៅ ១.៦ពាន់លានវ៉ុន (ប្រមាណជាង ១.៣៦លានដុល្លារ) ពីក្រសួងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា និងថែមកញ្ចប់ថវិការរបស់ក្រុងផ្ទាល់ ៥០០លានវ៉ុនទៀត ផងដែរ ដើម្បីយកមកអនុវត្តគម្រោងនេះ។