គ្រាន់បើតិច! ករណីកូវីដ-១៩ នៅកូរ៉េខាងត្បូងថ្ងៃនេះ ចុះមកនៅក្រោម៦ពាន់ករណីវិញហើយ តែក៏អាចដោយសារធ្វើតេស្តបានតិចពីពេលចុងសប្តាហ៍..

កូរ៉េខាងត្បូង៖ ករណីឆ្លងកូវីដ-១៩ថ្មីនៅកូរ៉េខាងត្បូងបានធ្លាក់ចុះមកនៅក្រោម ៦ពាន់ករណីជាលើកដំបូងបង្អស់ក្នុងរយៈពេល៦ថ្ងៃចុងក្រោយនេះ ខណៈដែលស្ថានការណ៍កូវីដ-១៩ កំពុងស្ថិតក្នុងដំណាក់កាលដ៏លំបាកមួយនាពេលបច្ចុប្បន្ននេះ ជាមួយនឹងវត្តមានឆ្លងរាលដាលកាន់តែខ្លាំង និងវត្តមាននៃមេរោគកូរ៉ូណាបម្លែងខ្លួនថ្មី អូមីក្រុងទៀតនោះ។

នៅថ្ងៃចន្ទនេះ ករណីឆ្លងកូវីដ-១៩ថ្មីនៅក្នុងប្រទេសកូរ៉េខាងត្បូងបានថយចុះមកនៅត្រឹមតែ៥៨១៧ករណី ប៉ុណ្ណោះ ដែលករណីសរុបមានដល់ទៅ៥២៣,០៨៨ករណីហើយ នេះបើតាមតួលេខចេញផ្សាយព្រឹកនេះដោយទីភ្នាក់ងារប្រយុទ្ធប្រឆាំងជំងឺឆ្លងកូរ៉េខាងត្បូង (KDCA) ។ តួលេខនេះបានបង្ហាញការថយចុះច្រើន ខណៈដែលកាលពីថ្ងៃពុធកន្លងទៅ ចំនួនតួលេខឆ្លងថ្មីកើនឡើងខ្ពស់ដល់ទៅ ៧១៧៤ ករណីកាលពីថ្ងៃពុធសប្តាហ៍មុន និងបន្តកើតមានលើសពី៧ពាន់ករណីជាប់គ្នា២ថ្ងៃបន្ទាប់ មុននឹងចាប់ផ្តើមធ្លាក់ចុះបន្តិចមកនៅត្រឹម ៦៩៧៧ករណី នៅថ្ងៃសៅរ៍ និងនៅត្រឹម​ ៦៦៨៩ករណី នៅថ្ងៃអាទិត្យម្សិលមិញ។

យ៉ាងណាមិញ តួលេខករណីអ្នកជំងឺកូវីដ-១៩ ដែលឈឺធ្ងន់វិញនោះ នៅតែបន្តមានកម្រិតខ្ពស់ដល់ទៅ ៨៧៦ករណី គឺខ្ពស់ជាងគេបង្អស់លំដាប់ទី២ ក្រោយតួលេខកំណត់ត្រាច្រើនបំផុតកាលពីថ្ងៃអាទិត្យម្សិលមិញនេះដែលមានដល់ទៅ ៨៩៤ករណី អ្នកជំងឺកូវីដឈឺធ្ងន់។

ចំណែកឯករណីដែលបាត់បង់ជីវិតពីករណីឆ្លងកូវីដវិញនៅថ្ងៃចន្ទនេះ មានដល់ទៅ៤០ករណី​ ដែលនាំឱ្យករណីបាត់បង់ជីវិតសរុបមានដល់ទៅ ៤២៩៣ករណីហើយ ដែលអត្រាចំនួនករណីបាត់បង់ជិវិតកើនដល់០.៨២%ផងដែរ។ ក្នុងនោះដែរ ករណីឆ្លងវិជ្ជមានកូរ៉ូណាបម្លែងខ្លួនថ្មី អូមីក្រុង បានកើន២៤ករណីទៀតផងដែរ ដែលពេលនេះមានសរុបដល់ទៅ ១១៤ករណីផងដែរ។

បើគិតតាមតំបន់វិញ នៅថ្ងៃចន្ទនេះដែរ ករណីឆ្លងច្រើនជាងគេគឺចេញពីតំបន់សេអ៊ូលមានដល់ ២៥៥០ករណី ហើយក្នុងនោះដែរ ១៣៦៧មានប្រភពចេញពីខេត្តឃ្យ៉ុងគី និង៣៩០ករណិចញពីក្រុងអ៊ីនឆន់។

សូមបញ្ជាក់ថា ជាមួយនឹងការកើនឡើងនៃករណីឆ្លងគួរឱ្យបារម្ភនេះ រដ្ឋាភិបាលកូរ៉េខាងត្បូងបានដាក់ចេញវិធានការសំខាន់ៗមួយចំនួនដូចជា ការដាក់ឱ្យប្រើប្រាស់ការត្រួតពិនិត្យការចាក់វ៉ាក់សាំងមុននឹងអាចចូលទីតាំងសាធារណៈផ្សេងៗដូចជាភោជនីយដ្ឋាន ហាងកាហ្វេ ទីតាំងហាត់ប្រាណ សាលារៀនគួរជាដើម។ ក្រោមប្រព័ន្ធត្រួតពិនិត្យកាតចាក់វ៉ាក់សាំងនេះ មានតែអ្នកដែលបានចាក់វ៉ាក់សាំងកូវីដរួចរាល់ និងអ្នកដែលមានលទ្ធផលកូវីដអវិជ្ជមានប៉ុណ្ណោះដែលអាចនឹងចូលទីតាំងដែលគេកំណត់ទាំងនេះ។

ចាប់ពីថ្ងៃចន្ទនេះទៅ បណ្តាហាងរកស៊ី ទីតាំងនានានឹងត្រូវរងការពិន័យដល់ទៅ ១.៥លានវ៉ុន (ប្រមាណជាង ១២៦០ដុល្លារ) ប្រសិនបើទីតាំងទាំងនោះល្មើសនឹងវិធានការពិនិត្យកាតចាក់វ៉ាក់សាំងនេះ ហើយនឹងត្រូវរងការពិន័យដល់ទៅ ៣លានវ៉ុន ប្រសិនរកឃើញថាបានល្មើសជាលើកទី២ ហើយបើល្មើសដល់ទៅ៤ដង នឹងត្រូវអាចបិទអាជីវកម្មតែម្តងតាមចំណាត់ការរបស់រដ្ឋាភិបាល។

ចំណែកឯប្រជាជនធម្មតាវិញ ប្រសិនបើល្មើសនឹងវិធានការទាំងនេះ នឹងត្រូវរងការផាកពិន័យផងដែររហូតដល់ទៅ ១០ម៉ឺនវ៉ុន។ សូមបញ្ជាក់ថា វិធានការគម្លាតសង្គមតឹងរ៉ឹងទាំងនេះ រួមទាំងការអនុវត្តហាមឃាត់មិនឱ្យមានការជួបជុំឯកជនលើសពី៦សម្រាប់នៅតំបន់ប្រជុំជនសេអ៊ូល និងមិនឱ្យលើសពី៨នាក់នៅតំបន់ផ្សេងៗទៀតទូទាំងប្រទេសកូរ៉េខាងត្បូង នឹងបន្តអនុវត្តរហូតដល់ខែមករា ថ្ងៃទី២។

Leave a Reply

Your email address will not be published.