គួរឱ្យបារម្ភណាស់! អ្នកជំនាញសុខាភិបាលកូរ៉េ៖ ការចាក់វ៉ាក់សាំងកូវីដតែមួយមុខ នឹងមិនអាចជួយកាត់បន្ថយករណីឆ្លងកាន់តែខ្លាំងឡើងៗនៃកូវីដនៅកូរ៉េខាងត្បូងបានទេ

កូរ៉េខាងត្បូង៖ រដ្ឋាភិបាលកូរ៉េខាងត្បូងអាចនឹងធ្លាក់ខ្លួនក្នុងបរាជ័យ ក្នុងការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩ នាពេលបច្ចុប្បន្ននេះ ដោយសារតែការពឹងផ្អែកខ្លាំងពេកទៅលើផែនការចាក់វ៉ាក់សាំងកូវីដរបស់ខ្លួន ខណៈដែលប្រទេសនេះកំពុងប្រឈមមុខនឹងស្ថានការណ៍កើនឡើងនៃការឆ្លងដ៏ខ្ល្លាំងបំផុតឥឡូវនេះ បើយោងតាមអ្នកជំនាញផ្នែកវេជ្ជសាស្រ្ត។

ចុះផ្សាយក្នុងសារព័ត៌មាន Korea Times បានឱ្ហ្យដឹងថា អ្នកជំនាញសុខាភិបាលពេលនេះ បានអំពាវនាវឱ្យរដ្ឋាភិបាលកូរ៉េ និងអាជ្ញាធរសុខាភិបាលពិចារណាក្នុងការដាក់ឱ្យប្រើប្រាស់ឡើងវិញនូវវិធានការគម្លាតសង្គមនានាឱ្យបានខ្លាំងវិញ ដើម្បីទប់ស្កាត់ស្ថានការណ៍កុំឱ្យរីករាលដាលកូវីដបន្ថែមទៀត។

ទីភ្នាក់ងាប្រយុទ្ធប្រឆាំងជំងឺឆ្លងកូរ៉េខាងត្បូង (KDCA) បានរាយការណ៍ពីការឆ្លងថ្មីចំនួន ៧០២២ករណី សម្រាប់ថ្ងៃព្រហស្បតិ៍ ដែលបង្កើនករណីសរុបដល់ ៥០៣៦០៦ករណីហើយ។ ចំនួននៃការឆ្លងប្រចាំថ្ងៃបានបន្តលើសពី៧ពាន់ករណី បានកើតឡើងរយៈពេល ៣ ថ្ងៃជាប់ៗគ្នា បន្ទាប់ពីបានឡើងដល់កម្រិតខ្ពស់បំផុតដល់ ៧១៧៤ ករណីកាលពីថ្ងៃអង្គារ។

ចំនួនអ្នកជំងឺក្នុងស្ថានភាពធ្ងន់ធ្ងរមានចំនួន ៨៥២ នាក់ ខណៈអ្នកស្លាប់ចំនួន ៥៣ នាក់ត្រូវបានរាយការណ៍ ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនដល់ ៤.១៣០ នាក់។

ប្រទេសនេះបានបន្ថែមករណីចំនួនបីទៀតនៃមេរោគកូរ៉ូណាបម្លែងខ្លួនថ្មី អូមីក្រុង ដែលជំរុញឱ្យចំនួនសរុបឡើងដល់៦៣ករណី។ ករណីថ្មីចំនួន៣ ត្រូវបានគេរកឃើញប្រភពចេញពីព្រះវិហារមួយនៅតំបន់អ៊ីនឆន់ ភាគនិរតីនៃទីក្រុងសេអ៊ូល ដែលភ្ជាប់តគ្នាទៅនឹងករណីដំបូងនៃមេរោគកូរ៉ូណាបម្លែងខ្លួនថ្មី អូមីក្រុងនៅក្នុងប្រទេសនេះ។

ដោយសារស្ថានភាពមេរោគកាន់តែអាក្រក់ទៅៗ រដ្ឋាភិបាលបានប្រកាសកាលពីថ្ងៃសុក្រថា ខ្លួននឹងកាត់បន្ថយចន្លោះពេលរវាងការចាក់វ៉ាក់សាំងកូវីដដូសទី១ និងទី២ និងការចាក់វ៉ាក់សាំងកូវីដដូសបន្ថែម សម្រាប់បុគ្គលទាំងអស់ដែលមានអាយុលើសពី១៨ឆ្នាំឡើងទៅ ឱ្យមកនៅត្រឹមតែចន្លោះ៣ខែប៉ុណ្ណោះ ពីបច្ចុប្បន្នដែលត្រូវការដល់ទៅ៥ខែ ដើ់ម្បីបង្កើនល្បឿននៃការចាក់ថ្នាំបង្ការ។

អ្នកដែលមានសិទ្ធិ និងត្រូវលក្ខន្តិកៈក្នុងការចាក់វ៉ាក់សាំង នឹងអាចធ្វើការកក់ទុកនៅលើគេហទំព័រ KDCA សម្រាប់ដូសទី៣របស់ពួកគេចាប់ពីថ្ងៃច័ន្ទសប្តាហ៍ក្រោយនេះទៅ។

អាជ្ញាធរសុខាភិបាលក៏កំពុងខិតខំបង្កើនអត្រាការចាក់វ៉ាក់សាំងលើកុមារដែលមានអាយុចន្លោះពី១២ទៅ ១៧ ឆ្នាំ។ រដ្ឋបាលឥឡូវនេះកំពុងដាក់ចេញអនុសាសន៍ជំរុញយ៉ាងខ្លាំងឱ្យកុមារក្រុមអាយុ១២ដល់១៧ឆ្នាំនេះទៅចាក់វ៉ាក់សាំង ដែលខុសពីលើកមុនដែលរដ្ឋាភិបាលកូរ៉េត្រឹមតែលើកឡើងថា “ការចាក់វ៉ាក់សាំងរបស់កុមារគឺជាការ ជម្រើសផ្ទាល់ខ្លួន”។

ទោះជាយ៉ាងណាក៏ដោយ យុទ្ធសាស្ត្រដែលផ្តោតលើវ៉ាក់សាំងទាំងនេះ មិនគ្រប់គ្រាន់ដើម្បីកាត់បន្ថយការឆ្លងដែលកើនឡើងនោះទេ បើតាមអ្នកជំនាញវេជ្ជសាស្ត្រដែលព្យាករណ៍ថាក្នុងល្បឿននេះ ប្រទេសកូរ៉េនឹងឃើញករណីឆ្លងថ្មីប្រចាំថ្មីកើនឡើងដល់១០០០០ករណី ក្នុងខែនេះតែម្តង។

“តួលេខនៃការឆ្លងប្រចាំថ្ងៃកើនដល់លើស១ម៉ឺនករណី ត្រូវបានរំពឹងថានឹងកើតឡើងក្នុងរដូវកាលជប់លៀងចុងឆ្នាំ ឬក្នុងដើមខែមករាខាងមុខ ប៉ុន្តែក្នុងល្បឿនបច្ចុប្បន្ននេះ យើងអាចឃើញថាវានឹងអាចកើតឡើងមុននេះទៅទៀត។

លោក Chon Eun-mi សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Ewha Womans University Mokdong Hospital បាននិយាយថា “ទោះបីជាការរីករាលដាលនៃករណីឆ្លងកូវីដ-១៩ នាពេលបច្ចុប្បន្ននេះភាគច្រើនលើសលប់ដោយសារតែមេរោគកូរ៉ូណាបម្លែងខ្លួនដែលតាក៏ដោយ គេរំពឹងថានៅពេលដែលមេរោគបម្លែងខ្លួន អូមីក្រុង ក្លាយជាមេរោគដែលឆ្លងខ្លាំងជាងគេវិញនោះ នឹងអាចមានករណីឆ្លងប្រចាំថ្ងៃកើនឡើងទ្វេដងក្នុងរយៈពេលមួយថ្ងៃ ដូចស្ថានភាពនៅអាហ្វ្រិកខាងត្បូងផងដែរ” ដូចនេះហើយ អ្នកជំនាញជាច្រើនអំពាវនាវឱ្យរដ្ឋាភិបាលដាក់ចេញនូវ “វិធានការណ៍គម្លាតសង្គមថ្មីដែលមិនធ្លាប់មានពីមុនមក”។

ទីភ្នាក់ងាប្រយុទ្ធប្រឆាំងជំងឺឆ្លងកូរ៉េខាងត្បូង ក៏បាននិយាយថា ខ្លួននឹងពិនិត្យឡើងវិញនូវវិធានការគម្លាតសង្គមបន្ថែមទៀតនៅសប្តាហ៍ក្រោយ ប្រសិនបើស្ថានភាពមេរោគមិនទាន់ថមថយនៅពេលនោះ។

ទន្ទឹមនឹងនេះ KDCA បានបញ្ជាក់ជាថ្មីអំពីផែនការរបស់ខ្លួនក្នុងការពង្រីកប្រព័ន្ធ “ការចាក់វ៉ាក់សាំង” ដល់អនីតិជន ទោះបីជាមានប្រតិកម្មខ្លាំងក្នុងចំណោមឪពុកម្តាយក៏ដោយ។ ការប្រកាសមុនរបស់ខ្លួនដើម្បីបន្តកម្មវិធីចាក់វ៉ាក់សាំងលើអ្នកដែលមានអាយុចន្លោះពី ១២ ទៅ ១៧ឆ្នាំ ចាប់ពីខែកុម្ភៈឆ្នាំក្រោយ ត្រូវបានរងការរិះគន់ប្រឆាំងយ៉ាងខ្លាំងពីឪពុកម្តាយដែលបានចាត់ទុកវាជាទង្វើ “បង្ខំ” កុមារឱ្យចាក់វ៉ាក់សាំងកូវីដ។

Leave a Reply

Your email address will not be published. Required fields are marked *