លោកជំទាវទូតកម្ពុជា​ បំពេញទស្សនកិច្ច និងពិភាក្សាការងារជាមួយតំណាងមន្ទីរពេទ្យសាកលវិទ្យាល័យសេអ៊ូល ដ៏ល្បីនៅកូរ៉េ និងសង្ឃឹមមានលទ្ធភាពចុះ MOU ជួយសម្រួលសហគមន៍ខ្មែរអាចទទួលសេវាកម្មពេទ្យដោយងាយ

កូរ៉េខាងត្បូង៖ លោកជំទាវ ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅកូរ៉េ បានដឹកនាំប្រតិភូស្ថានទូតកម្ពុជាបំពេញទស្សនកិច្ច និងជួបពិភាក្សាការងាររឹតចំណងមិត្តភាពជាមួយថ្នាក់ដឹកនាំមន្ទីរពេទ្យសាកលវិទ្យាល័យសេអ៊ូល SNUH ដឹកនាំដោយលោកបណ្ឌិត Paik Nam-Jong ប្រធាន និងជាអគ្គនាយកមន្ទីរពេទ្យកាលពីរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ នេះបើតាមការចែករំលែកក្នុងទំព័រហ្វេសប៊ុកលោកជំទាវផ្ទាល់។

ក្នុងដំណើរទស្សនកិច្ច និងជំនួបពិភាក្សានេះ លោកជំទាវបានស្នើសុំថ្នាក់ដឹកនាំមន្ទីរពេទ្យពិនិត្យលទ្ធភាពក្នុងការចុះអនុស្សារនៈយោគយល់ (MOU) ជាមួយស្ថានទូតកម្ពុជា ដើម្បីអាចជួយសម្រួលដល់សហគមន៍ខ្មែរនៅប្រទេសកូរ៉េដែលមានជីវភាពខ្វះខាតលើការព្យាបាល ក៏ដូចជាការបញ្ចុះតម្លៃសេវាដល់ប្រជាជនខ្មែរ និងមន្រ្តីរាជការស្ថានទូត។ ក្នុងនោះដែឬ លោកជំទាវទូតក៏បានបញ្ជាក់ពីបំណងផ្សាភ្ជាប់កិច្ចសហការរវាងមន្ទីរពេទ្យ SNUH និងប្រព័ន្ធសុខាភិបាលនៅកម្ពុជា និងការផ្លាស់ប្ដូរបទពិសោធន៍ផ្នែកសុខាភិបាលរវាងប្រទេសទាំងពីរនាថ្ងៃអនាគត។

ជាការឆ្លើយតប លោកបណ្ឌិត Paik Nam-Jong ប្រធានមន្ទីរពេទ្យបានថ្លែងអំណរគុណសម្រាប់ការអញ្ចើញមកបំពេញទស្សនៈកិច្ច និងសាទរចំពោះការលើកឡើងពីបំណងក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមរវាងមន្ទីរពេទ្យ និងស្ថានទូត ហើយលោកក៏សង្ឃឹមថាយើងនឹងបន្តការសិក្សាទៅលើកិច្ចការងារនេះទៅមុខទៀត។ សូមបញ្ជាក់ថា មន្ទីរពេទ្យសាកលវិទ្យាល័យសេអ៊ូល SNUH ជាមន្ទីរពេទ្យដ៏ធំ និងល្បីជាងគេនៅកូរ៉េ។

 

 

Leave a Reply

Your email address will not be published. Required fields are marked *