កូរ៉េខាងត្បូង៖ ការចាក់វ៉ាក់សាំងដូសបន្ថែម សម្រាប់មនុស្សពេញវ័យនៅប្រទេសកូរ៉េខាងត្បូង អាចនឹងធ្វើឡើងជាផ្លូវការនៅរយៈពេលត្រឹមតែ៣ខែបន្ទាប់ពីការចាក់វ៉ាក់សាំងដូសទី២វិញហើយ នេះបើតាមការបញ្ជាក់របស់នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង គីម បូឃ្យ៉ុម ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News នៅថ្ងៃសុក្រនេះ។
ការសម្រេចចិត្តកាត់បន្ថយចន្លោះពេលរវាងការចាក់វ៉ាក់សាំងកូវីដដូសទី២ និងការចាក់វ៉ាក់សាំងកូវីដដូសបន្ថែមសម្រាប់មនុស្សពេញវ័យ ដែលមានអាយុចាប់ពី១៨ ឆ្នាំឡើងទៅនេះ ត្រូវបានប្រកាសឡើង ខណៈដែលការឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃនៅក្នុងងប្រទេសនេះបានកើនលើស៧ពាន់ករណី ក្នុងរយៈពេលបីថ្ងៃជាប់គ្នាហើយ ចំពេលមានការព្រួយបារម្ភអំពីកូរ៉ូណាបម្លែងខ្លួនថ្មី អូមីក្រុង ក៏កំពុងតែវាយលុក ខណៈពេលដែលករណីជំងឺកូវីដ-១៩ ហាក់នៅតែធ្ងន់ធ្ងរ និងមិនទាន់បានបង្ហាញសញ្ញានៃការរសាយទេ។
លោកនាយករដ្ឋមន្ត្រី បាននិយាយក្នុងអំឡុងកិច្ចប្រជុំពិនិត្យស្ថានការណ៍កូវីដ-១៩ ថា “សមត្ថភាពឆ្លើយតបផ្នែកវេជ្ជសាស្រ្តរបស់យើងកំពុងតែខើចទៅៗ ខណៈដែលករណីប្រចាំថ្ងៃនៅតែមានកើនឡើងខ្លាំងលើស៧ពាន់ករណី រយៈពេលបីថ្ងៃជាប់គ្នា ជាមួយនឹងមនុស្សចាស់ដែលមានអាយុចាប់ពី៦០ ឆ្នាំឡើងទៅមានចំនួន ៣៥% នៃករណី” ។
វ៉ាក់សាំងកូវីដដូសជម្រុញ គេសំដៅលើវ៉ាក់សាំងកូវីដដែលត្រូវបានផ្តល់ឱ្យបន្ទាប់ពីប្រសិទ្ធិភាពនៃការការពារដែលផ្តល់ដោយវ៉ាក់សាំងកូវីដ២ដូសដំបូង ត្រូវបានថមថយទៅតាមពេលវេលានោះ។
កាលពីខែមុន អាជ្ញាធរបានកាត់បន្ថយចន្លោះពេលវ៉ាក់សាំងកូវីដដូសជម្រុញពី ៦ ខែមកនៅត្រឹម ៤ ខែសម្រាប់មនុស្សអាយុ ៦០ ឆ្នាំឡើងទៅ និង ៥ ខែសម្រាប់អ្នកដែលមានអាយុ ៥០ ឆ្នាំ។ លោកនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវឱ្យបង្កើនល្បឿននៃការចាក់វ៉ាក់សាំងសម្រាប់ក្មេងជំទង់ដោយនិយាយថាអាជ្ញាធរគ្រោងនឹងដំណើរការកម្មវិធីចាក់ថ្នាំនៅតាមសាលារៀនចាប់ពីសប្តាហ៍ក្រោយ។
ចំពេលមានការកើនឡើងនៃចំនួនអ្នកជម្ងឺធ្ងន់ធ្ងរ លោក Kim បាននិយាយថា រដ្ឋាភិបាលនឹងចេញបទបញ្ជារដ្ឋបាលបន្ថែម ដែលអំពាវនាវឱ្យមន្ទីរពេទ្យនៅក្នុងតំបន់មិនមែនរាជធានី ធានាបានគ្រែមន្ទីរពេទ្យយ៉ាងហោចណាស់១៧០០គ្រែ។ អាជ្ញាធរនឹងចាត់តាំងមន្ទីរពេទ្យបន្ថែមទៀតប្រើប្រាស់សម្រាប់ការព្យាបាលជំងឺកូវីដ-១៩។ លោកនាយករដ្ឋមន្ត្រី បាននិយាយថាការផ្លាស់ប្តូរបែបនេះ គឺអាចនឹងបន្ថែមគ្រែជាង៥ពាន់ សម្រាប់អ្នកជំងឺកូវីដ-១៩ និងបានលើកឡើងថារដ្ឋាភិបាលក៏នឹងពង្រឹងកម្លាំងការងារដើម្បីគាំទ្រកិច្ចខិតខំប្រឹងប្រែងកំចាត់មេរោគផងដែរ។
លោកក៏បានស្នើសុំឱ្យមានកិច្ចសហប្រតិបត្តិការរបស់ប្រជាជនក្នុងការបង្ការមេរោគ និងបានណែនាំថា រដ្ឋាភិបាលអាចនឹងរឹតបន្តឹងបន្ថែមទៀតនូវវិធានការគម្លាតសង្គមនាពេលអនាគតដ៏ខ្លី ប្រសិនបើស្ថានភាពមិនប្រសើរឡើង។
សូមបញ្ជាក់ថា សម្រាប់បច្ចុប្បន្ននេះ រដ្ឋាភិបាលបានប្រកាសរួចហើយថាចំនួនអតិបរិមានៃការជួបជុំឯកជន នឹងត្រូវបានកំណត់ត្រឹម៦នាក់ នៅក្នុងប្រជុំជនទីក្រុងសេអ៊ូល រាប់ទាំងខេត្តឃ្យ៉ុងគី និងក្រុងអ៊ីនឆន់ និងត្រឹម៨នាក់នៅក្នុងតំបន់ផ្សេងទៀតរហូតដល់ថ្ងៃទី២ ខែមករា ខាងមុខ។
អ្នកទស្សនាអាជីវកម្មដែលមានហានិភ័យខ្ពស់ រួមទាំងសូណា ហាងស្រា និងកន្លែងហាត់ប្រាណ តម្រូវឱ្យបង្ហាញ “ប័ណ្ណចាក់វ៉ាក់សាំង” របស់អតិថិជន ដើម្បីបង្ហាញថាពួកគេបានចាក់វ៉ាក់សាំង ឬមានលទ្ធផលតេស្តមេរោគអវិជ្ជមាន ដើម្បីអាចចូលទៅហាងទាំងនោះបាន។