ចែករំលែក! អាជ្ញាធរកូរ៉េខាងត្បូងប្រកាសទទួលស្គាល់ផ្លូវការហើយ ជនបរទេសចាក់វ៉ាក់សាំងកូវីដនៅក្រៅប្រទេសកូរ៉េទាំងអស់ ដោយគ្រាន់តែត្រូវចុះឈ្មោះជាមួយ ២ ឯកសារនេះប៉ុណ្ណោះ

កូរ៉េខាងត្បូង៖ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងបានចាប់ផ្តើមទទួលស្គាល់ព័ត៌មាន និងកំណត់ត្រាចាក់វ៉ាក់សាំងកូវីដដែលធ្វើនៅក្រៅប្រទេសកូរ៉េខាងត្បូងហើយ ដែលនេះមានន័យថានរណាក៏ដោយ ឱ្យតែបានចាក់វ៉ាក់សាំងកូវីដរួចរាល់បើទោះបីមិនមែននៅក្នុងប្រទេសកូរ៉េក៏ដោយ ក៏ត្រូវបានទទួលស្គាល់នៅក្នុងប្រទេសកូរ៉េខាងត្បូងផងដែរ នេះបើតាមការបញ្ជាក់របស់មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងកូរ៉េខាងត្បូងពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។

ចុះផ្សាយក្នុងសារព័ត៌មាន Korea Times បានឱ្យថាការកែសម្រួលវិធានការថ្មីនេះ គឺដើម្បីអាចសម្រួលឱ្យជនបរទេសដែលបានចាក់វ៉ាក់សាំងហើយនៅក្រៅប្រទេស អាចប្រើប្រាស់ព័ត៌មានវ៉ាក់សាំងរបស់ខ្លួន ដើម្បីអនុវត្តប្រព័ន្ធ «កាតចាក់វ៉ាក់សាំង» នៅកូរ៉េ ដែលកំពុងអនុវត្តឥឡូវនេះ។

អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងលើកឡើងថា ជនបរទេសដែលបានចាក់វ៉ាក់សាំងកូវីដនៅក្រៅប្រទេស អាចមកធ្វើការចុះឈ្មោះព័ត៌មានវ៉ាក់សាំងរបស់ខ្លួនក្នុងប្រព័ន្ធចាក់វ៉ាក់សាំងរបស់កូរ៉េខាងត្បូង កម្មវិធី (COOV Covid-19) ដោយគ្រាន់តែត្រូវទៅជួបនៅមណ្ឌលសុខភាពតាមតំបន់របស់ខ្លួន ជាមួយនឹងអត្តសញ្ញាណ និងព័ត៌មានចាក់វ៉ាក់សាំងនៅក្រៅប្រទេសរបស់ខ្លួន ដើម្បីទៅចុះឈ្មោះ។

មុននឹងវិធានការនេះត្រូវបានកែសម្រួល ការចាក់វ៉ាក់សាំងកូវីដនៅក្រៅប្រទេសត្រូវបានអាជ្ញាធរសុខាភិបាលទទួលស្គាល់តែសម្រាប់ជនជាតិកូរ៉េខាងត្បូងដែលបានចាក់វ៉ាក់សាំងនៅក្រៅបរទេស ហើយជនបរទេសដទៃទៀតដែលចាក់វ៉ាក់សាំងនៅក្រៅប្រទេសដូចគ្នា គឺមិនអាចទទួលស្គាល់ ដែលហេតុនេះហើយនាំឱ្យមានការផ្ទុះតវ៉ាយ៉ាងខ្លាំងថ្មីៗនេះ ជាពិសេសគឺការតវ៉ាធ្វើឡើងពីសំណាក់អង្គទូតបរទេសនៅកូរ៉េខាងត្បូង រួមទាំងទូតកម្ពុជាយើងផងដែរ។

មូលហេតុដែលនាំឱ្យមានការតវ៉ាខ្លាំងនោះ គឺចន្លោះប្រហោងក្នុងការមិនអាចទទួលស្គាល់ព័ត៌មានចាក់វ៉ាក់សាំងរបស់ជនបរទេសបាន ដែលនាំឱ្យពួកគេក្លាយជាអ្នកមិនទាន់ចាក់វ៉ាក់សាំង និងដូចនេះមិនមានសិទ្ធិដូចគ្នាទៅនឹងអ្នកចាក់វ៉ាក់សាំងដទៃទៀត ជាក់ស្តែងគឺដោយសារតែមានការអនុវត្តវីធានការពិនិត្យ «កាតចាក់វ៉ាក់សាំង» នៅតាមទីតាំងផ្សេងៗដូចជាភោជនីយដ្ឋាន ហាងកាហ្វេ និងទីកន្លែងដទៃៗទៀតនោះ។

តែសម្រាប់ការសម្រួលវិធានការថ្មីនេះ មានន័យថាឥឡូវនេះជនបរទេរសទាំងអស់ដែលបានចាក់វ៉ាក់សាំងហើយ នឹងត្រូវបានទទួលស្គាល់ស្មើគ្នា ហើយក៏អាចចាក់វ៉ាក់សាំងដូសជំរុញ (ទី៣) នៅកូរ៉េខាងត្បូងបានផងដែរ។ លើសពីនោះទៀត ពួកគេនឹងអាចប្រើប្រាស់កាតចាក់វ៉ាក់សាំងដើម្បីចូលតាមទីតាំងផ្សេងៗបានដោយគ្មាន​បញ្ហាទៀតនោះទេ។

យ៉ាងណាមិញ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងបានបញ្ជាក់ថា វ៉ាក់សាំងចាក់នៅក្រៅប្រទេសដែលគេទទួលស្គាល់បាននោះ មានតែប្រភេទវ៉ាក់សាំងកូវីដដែលទទួលស្គាល់រួចរាល់ដោយអង្គការសុខភាពពិភពលោកប៉ុណ្ណោះ រួមមានវ៉ាក់សាំង Pfizer, Janssen, Moderna, AstraZeneca, Covishield, Sinopharm, Sinovac and Covaxin។ សម្រាប់កម្ពុជា វ៉ាក់សាំងដែលចាក់ច្រើនជាងគេនោះគឺ Sinopharm, Sinovac, AstraZeneca, និង Covishield ដែលសុទ្ធតែអាចទទួលស្គាល់បានទាំងអស់។

សូមបញ្ជាក់ថា ជាមួយនឹងវិធានការថ្មីនេះ យ៉ាងណាមិញ បញ្ហាធំៗ២ដែលកូរ៉េខាងត្បូងកំពុងជួបប្រទះក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដនេះគឺ៖ ទី១ បញ្ហាកើនឡើងខ្លាំងនៃករណីឆ្លងកូវីដថ្មី ដោយថ្ងៃនេះជាថ្ងៃទី៣ជាប់គ្នាហើយ ដែលករណីឆ្លងកូវីដកើនដល់លើស៧ពាន់ករណី ខណៈដែលបញ្ហាធំទី២នោះ គឺការប្រយុទ្ធទប់ស្កាត់ជំងឺកូវីដបម្លែងខ្លួនថ្មី «អូមីក្រុង»។

 

Leave a Reply

Your email address will not be published. Required fields are marked *