កូរ៉េខាងត្បូង៖ ករណីថ្មីៗនេះដែលមានការបង្ហោះក្នុងបណ្តាញសង្គមតៗគ្នា ចែករំលែកដើម្បីឱ្យមានការចូលរួមជួយដល់គ្រួសារបងប្អូនពលករខ្មែរយើងនៅកូរ៉េ ដែលមានផ្ទៃពោះហេីយបានឆ្លងកូរ៉ូណា ដោយសារស្ថានភាពសុខភាពរបស់ម្តាយមិនល្អ ត្រូវវះកាត់យកកូនចេញដេីម្បីចិញ្ចឹមក្នុងកែវ និងកំពុងជួបភាពខ្វះខាតនោះ ពេលនេះត្រូវបានលោកគ្រូ អ្នកគ្រូខ្មែរនៅកូរ៉េ និងតំណាងស្ថានទូតកម្ពុជាយើងចេញមកទៅជួយសម្រួល និងដោះស្រាយបញ្ហាជូនគាត់ហើយ។
តាមរយៈការចែករំលែករបស់លោកអនុព័ន្ធទទួលបន្ទុកការងារប្រចាំស្ថានទូតខ្មែរនៅកូរ៉េខាងត្បូងបានឱ្យដឹងថា ករណីគ្រួសាររបស់បងប្រុស មួន សុខា ដែលបងប្អូននៅកូរ៉េយើងមានការចែករំលែក និងបង្ហោះអាណិតគាត់ ដោយសារតែ កូន និងម្ដាយមានបញ្ហាត្រូវវះកាត់យកកូនចេញនៅពេលដែលកូនទើបបាន ៦ខែនៅក្នុងពោះនោះ ហើយប្រហែលអាចត្រូវចំណាយថវិកា សរុបជិត១០ម៉ឺនដុល្លា ព្រោះពួកគាត់មិនមានធានារ៉ាប់រងនោះ បច្ចុប្បន្ន ក្រុមការងារដែលមានអ្នកគ្រូប្រធានសមាគម ផាក ម៉ីហាំង និងមន្ត្រីស្ថានទូតខ្មែរយើងនៅកូរ៉េ បានដោះស្រាយ និងសង្គ្រោះពួកគាត់ហើយ។
លោកអនុព័ន្ធការងារបានលើកឡើងថា ទាំងអ្នកគ្រូប្រធានសមាគម និងលោកផ្ទាល់បានព្យាយាមគ្រប់លទ្ធភាព ដើម្បីជួយពួកគាត់ និងថ្ងៃនេះ ខ្ញុំសប្បាយចិត្តណាស់ ដែលបានឃើញស្នាមញញឹម និងការនិយាយលេងសើច ក៏ដូចជាការសំពះអរគុណទៅវិញទៅមក របស់គ្រួសាររបស់គាត់ ដោយកាលមុន ពួកគាត់តែងតែយំរាល់យប់ ព្រួយបារម្ភអំពីលុយកាក់ ការមិនមានអ្នកជួយ និងខ្វាយខ្វល់គ្រប់បែបយ៉ាង។
ជាការចែករំលែកដែរ លោកអនុព័ន្ធការងារបានចែករំលែកថា តាមអ្វីដែលលោកសង្កេតឃើញ គឺបញ្ហាតែងតែកើតឡើងចំពោះបងប្អូន ដែលជាពលករមិនស្របច្បាប់ ភាគច្រើនពួកគាត់មិនមានធានារ៉ាប់រង និងការខ្វល់ខ្វាយពីថៅកែ ដូច្នេះ សូមបងប្អូនគួរតែយកចិត្តទុកដាក់ថែរក្សាសុខភាព គិតគូរការសន្សំប្រាក់កាសទុក និងគួរមានទំនាក់ទំនងល្អជាមួយបងប្អូនសហគមន៍យើងឲ្យបានច្រើនជាងនេះបន្ថែមទៀត។
លោកអនុព័ន្ធការងារបានថ្លែងអរគុណអ្នកគ្រូ លោកគ្រូ ដែលបានយកចិត្តទុកដាក់ករណីនេះ ជាពិសេស អរគុណម្ដងទៀត អ្នកគ្រូ ផាក ម៉ីហាំង ដែលជាអ្នកធ្វើការបានល្អ លះបង់កម្លាំងកាយចិត្តជាមួយគ្នាក្នុងការជួបបងប្អូនខ្មែរយើងនេះ និងជាពិសេសក៏បានអំពាវនាវឱ្យបងប្អូនខ្មែរយើងទាំងអស់ថែរក្សាសុខភាព និងកុំធ្វេសប្រហេសនៃការរីករាលដាលនៃជម្ងឺឆ្លងកូវីដ ព្រោះឥលូវនេះ គឺដល់៧ពាន់ករណីក្នុងមួយថ្ងៃហើយ។