ចែករំលែក! ពេលនេះអាជ្ញាធរកូរ៉េខាងត្បូងសម្រេចដាក់ប្រទេសពីអាហ្វ្រិក ២នេះទៀត ហាមឃាត់ និងរឹតត្បិតការធ្វើដំណើរមកកូរ៉េខាងត្បូង ខណៈអូមីក្រុងកំពុងឆ្លងកាន់តែលឿន

កូរ៉េខាងត្បូង៖ ខណៈដែលកូរ៉ូណាបម្លែងខ្លួនថ្មី អូមីក្រុង កំពុងបន្តវាយលុក និងកើនឡើងនៅក្នុងប្រទេសកូរ៉េខាងត្បូង និងក៏ដូចជានៅជុំវិញប្រទេសផ្សេងៗជុំវិញពិភពលោកនោះ ពេលនេះកូរ៉េខាងត្បូង ដើម្បីជាវិធានការការពារបន្ថែមទៀត បានសម្រេចបន្ថែមប្រទេសចំនួន២ទៀតនៅតំបន់អាហ្វ្រិក ដែលកូរ៉េខាងត្បូងនឹងហាមឃាត់ក្នុងការធ្វើដំណើរចូលមកប្រទេសកូរ៉េខាងត្បូង។

ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News បានឱ្យដឹងថា កាលពីថ្ងៃម្សិលមិញនេះ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងបានប្រកាសបន្ថែមប្រទេសនៅតំបន់អាហ្វ្រិកចំនួន២ទៀតហើយ គឺប្រទេសហ្គាណា និងប្រទេសហ្សាមបៀ ដែលប្រទេសទាំង២នេះ នឹងត្រូវតម្រូវហាមឃាត់មិនឱ្យមានការធ្វើដំណើរចូលមកប្រទេសកូរ៉េខាងត្បូង សម្រាប់អ្នកធ្វើដំណើរមករយៈពេលខ្លី ដូចជាការធ្វើទេសចរណ៍ទូទៅនោះទេ ខណៈប្រជាជនកូរ៉េ និងអ្នកដែលត្រូវមកកូរ៉េខាងត្បូងរយៈពេលវែង ត្រូវតម្រូវចត្តាឡីស័កដល់ទៅ១០ថ្ងៃ បើទោះជាបានចាក់ ឬមិនបានចាក់វ៉ាក់សាំងកូវីដហើយក៏ដោយ។

ការហាមឃាត់ប្រទេស២បន្ថែមទៀតនេះ នឹងត្រូវអនុវត្តពីថ្ងៃសុក្រនេះ រហូតដល់ថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយ។ សូមបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី២៨ វិច្ឆិកា កន្លងមក កូរ៉េខាងត្បូងបានធ្វើការហាមឃាត់ប្រទេសនៅតំបន់អាហ្វ្រិកដល់ទៅ៨ផងដែរ ដោយបារម្ភពីហានិភ័យនៃការនាំយកជំងឺអូមីក្រុងមកតាមរយៈការធ្វើដំណើរ។ ប្រទេសដែលត្រូវបានហាមឃាត់នោះរួមមានប្រទេសអាហ្វ្រិកខាងត្បូង ប្រទេសបូស្វាណា ប្រទេសឡេសូតូ ប្រទេសណាំមីប៊ី ប្រទេសម៉ូហ្សាមប៊ីក ប្រទេសម៉ាឡាវី ប្រទេសហ្សីមបាវ៉េ ប្រទេសអេស្វាទីនី និងប្រទេសនីហ្សេរីយ៉ា។

គិតមកដល់ថ្ងៃព្រហស្បតិ៍នេះ កូរ៉េខាងត្បូងបានប្រកាសរកឃើញករណីវិជ្ជមានកូវីដ ពីមេរោគកូរ៉ូណាបម្លែងខ្លួនថ្មី អូមីក្រុង នេះដល់ទៅ៣៨ករណីហើយ ដែលករណីដំបូងគេបង្អស់នោះត្រូវបានរកឃើញក្នុងចំណោមអ្នកធ្វើដំណើរជនជាតិកូរ៉េខាងត្បូង ដែលត្រឡប់មកពីប្រទេសនីហ្សេរីយ៉ាកន្លងមក។

Leave a Reply

Your email address will not be published. Required fields are marked *