លោកជំទាវឯកអគ្គរាជទូតកម្ពុជា បង្ហាញជំហរវិជ្ជមានលើគោលនយោបាយកូរ៉េខាងត្បូង ងាកមកអាស៊ាន ហើយកម្ពុជាស្នើឱ្យមានកិច្ចសហប្រតិបត្តិការបន្ថែមទៀតកាន់ច្រើន ជាពិសេសក្រោយវិបត្តិកូវីដ

កូរ៉េខាងត្បូង៖ លោកជំទាវ​ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង បានលើកឡើងជាច្រើនអំពីទស្សនៈវិជ្ជមានចំពោះ វិស័យនៃសក្តានុពលកិច្ចសហប្រតិបត្តិការរវាងអាស៊ាន-កូរ៉េខាងត្បូង ព្រមទាំងការត្រៀមខ្លួនរួចរាល់របស់កម្ពុជាក្នុងបរិបទក្រោយស្ថានភាពជំងឺកូវីដ-១៩ នាពេលខាងមុខ នេះបើតាមការចែករំលែកលើទំព័រហ្វេសប៊ុកលោកជំទាវនាថ្ងៃម្សិលមិញនេះ។

ក្នុងឱកាសនៃការចូលរួមសន្និសីទអន្ដរជាតិស្ដីពី “Achievement of New Southern Policy Plus and Way Forward Vision, Progress, and the Future” ដែលរៀបចំដោយវិទ្យាស្ថានគោលនយោបាយសេដ្ឋកិច្ចអន្ដរជាតិកូរ៉េ ដោយមានការចូលរួមពី តំណាងក្រសួងការបរទេសកូរ៉េ ឯកអគ្គរាជ/រដ្ឋទូតអាស៊ាន ឥណ្ឌា និងតំណាងស្ថាប័នអន្ដរជាតិមួយចំនួន កាលពីថ្ងៃទី៨ ខែធ្នូ ២០២១ម្សិលមិញនេះ លោកជំទាវទូតកម្ពុជាបានលើកឡើងអំពីកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសអាស៊ាន និងកូរ៉េ តាមរយៈគម្រោងនានាក្រោមគោលនយោបាយ New Southern Policy Plus របស់កូរ៉េ ដែលផ្អែកលើសសរស្តម្ភទាំង ៣ គឺ ប្រជាជន វិបុលភាព និងសន្តិភាព។

លោកជំទាវឯកអគ្គរាជទូតក៏បានលើកឡើងអំពីលទ្ធភាពដែលកម្ពុជា និងកូរ៉េអាចរួមគ្នាសហការធ្វើទៅបានក្នុងខណៈដែលប្រទេសទាំងពីរត្រៀមខ្លួនដើម្បីស្តារសង្គម-សេដ្ឋកិច្ចឡើងវិញក្រោយកូវីដ-១៩ ព្រមទាំងបានសាទរចំពោះការរៀបចំបោះឆ្នោតប្រធានាធិបតីកូរ៉េ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅខែមីនា ឆ្នាំ២០២២ ខាងមុខផងដែរ ដោយបានគូសបញ្ជាក់ថា កម្ពុជាក៏ដូចជាសមាជិកអាស៊ានដ៏ទៃទៀត នឹងត្រៀមស្វាគមន៍រដ្ឋាភិបាលកូរ៉េថ្មី ហើយយើងមានក្តីរំពឹងទុកជាមុនថារដ្ឋាភិបាលថ្មីនឹងបន្តអនុវត្តនូវគោលនយោបាយ New Southern Policy Plus ដោយយោងតាមការពិនិត្យទៅលើប្រសិទ្ធភាព និងសមិទ្ធផលដែលទទួលបានក្នុងរយៈពេលនៃការអនុវត្តន៍កន្លងមក ជាពិសេសការជំរុញកំណើនសេដ្ឋកិច្ច ពិតជាបានបញ្ជាក់ថាគោលនយោបាយនេះបានផ្តល់អត្ថប្រយោជន៍សេដ្ឋកិច្ចច្រើនដល់ប្រទេសកូរ៉េ និងដៃគូអាស៊ាន និងឥណ្ឌា។

ទន្ទឹមនឹងនេះលោកជំទាវ ជាតំណាងឱ្យសម្លេងនៃព្រះរាជាណាចក្រកម្ពុជានៅក្នុងប្រទេសកូរ៉េខាងត្បូង ក៏បានបានសង្កត់បន្ថែមថា កម្ពុជាក៏ស្នើសូមរដ្ឋាភិបាលកូរ៉េថ្មី ជំរុញឱ្យមានសកម្មភាពដែលជំរុញលទ្ធផលជាក់ស្តែង តាមរយៈគម្រោងដែលមិនទាន់បានអនុវត្តនាពេលកន្លងមក និងស្នើសុំឱ្យមានកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមលើវិស័យនានា រួមមាន ការកសាងហេដ្ឋារចនាសម្ព័ន្ធ ការជំរុញសេដ្ឋកិច្ច និងការប្រែក្លាយប្រព័ន្ធសង្គមឌីជីថល (social digital transformation) ដើម្បីអនុវត្តន៍ផែនការសមាហរណកម្មឧស្សាហកម្ម ៤.០ ទាំងនេះនឹងចូលរួមចំណែកធ្វើឱ្យកម្ពុជាអាចត្រលប់មកស្ថានភាពប្រសើរឡើងវិញ ក្រោយវិបត្តិកូវីដ-១៩។

ម៉្យាងវិញទៀត លោកជំទាវក៏បានលើកឡើងអំពីសក្ដានុពលកម្ពុជានាពេលបច្ចុប្បន្ន និងការរៀបចំខ្លួនរួចរាល់តាមរយៈការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ១៩ យ៉ាងមានប្រសិទ្ធភាព និងការអនុវត្តយុទ្ធនាការចាក់វ៉ាក់សាំងបានទូលំទូលាយ ដើម្បីត្រៀមខ្លួនស្វាគមន៍ភ្ញៀវទេសចរណ៍ វិនិយោគ និងធុរកិច្ចលើគ្រប់វិស័យនៅកម្ពុជា។

 

 

Leave a Reply

Your email address will not be published. Required fields are marked *