កូរ៉េខាងត្បូង៖ លោកជំទាវឯកអគ្គរាជទូតកម្ពុជា ជ្រឹង បុទុមរង្សី បានចំណាយមួយថ្ងៃពេញកាលពីថ្ងៃម្សិលមិញ ដើម្បីជួបពិភាក្សាការងារជាមួយតំណាងវិស័យឯកជន និងថ្នាក់ដឹកនាំកូរ៉េខាងត្បូងដើម្បីអាចស្វែងរកឱកាសជំរុញកិច្ចសហប្រតិបត្តិការបន្ថែមរវាងប្រទេសទាំងពីរ នេះបើតាមការចែករំលែកផ្ទាល់របស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េ។
ក្នុងការចែករំលែកដោយឡែកពីគ្នានោះបានឱ្យដឹងថា កាលពីថ្ងៃអង្គារម្សិលមិញនេះ លោកជំទាវឯកអគ្គរាជទូត និងសហការីស្ថានទូតបានជួបពិភាក្សាការងារជាមួយលោក Taeho Kim, Executive Vice President for Economic Cooperation &Trade Affairs, Korea Trade Investment Agency ដើម្បីជំរុញកិច្ចសហប្រតិការបន្ថែមទៀតលើ វិស័យវិនិយោគ ពាណិជ្ជកម្ម និង ទេសចរណ៍ រវាង កម្ពុជា-កូរ៉េ។
ក្នុងជំនួបនោះ លោកជំទាវឯកអគ្គរាជទូត បានជម្រាបជូន លោក Taeho Kim នូវគម្រោងនៃការរៀបចំវេធិកាធុរកិច្ច កម្ពុជា-កូរ៉េ ដែលគ្រោងនឹងរៀបចំឡើងនៅថ្ងៃទី ០៧ ខែមករា ឆ្នាំ២០២២ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។ ជាការឆ្លើយតប ភាគីកូរ៉មានការីករាយគាំទ្រនូវការរៀបចំ និងបន្តធ្វើជាដៃគូដ៏ល្អក្នុងការចូលរួមសម្រាប់កម្មវិធីខាងលើ ក៍ដូចជាកម្មវិធីផ្សេងៗទៀតរបស់ស្ថានទូត។
ក្រោយពីបញ្ចប់ជំនួបការងារនៅពេលព្រឹករួចមក នៅរសៀលថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ២០២១ដដែលនោះ លោកជំទាវឯកអគ្គរាជទូត និងលោកអនុព័ន្ធពាណិជ្ជកម្មនៃស្ថានទូតកម្ពុជា បានជួបសំណេះសំណាល និងពិសារអាហារមិត្តភាពជាមួយឯកឧត្តម Yoonjong Chun អនុរដ្ឋមន្រ្តីពាណិជ្ជកម្មកូរ៉េ ផងដែរ។ ឆ្លៀតក្នុងឱកាសនោះផងដែរ លោកជំទាវឯកអគ្គរាជទូត បានជម្រាបជូន ឯកឧត្តម អំពីបរិយាកាសវិនិយោគ ពាណិជ្ជកម្ម ក៍ដូចជាវិស័យទេសចរណ៍នៅកម្ពុជា ក៍ដូចជាគម្រោងនៃការរៀបចំ វេធិកាធុរកិច្ច កម្ពុជា-កូរ៉េ ដែលគ្រោងនឹងរៀបចំឡើងនៅថ្ងៃទី ០៧ ខែមករា ឆ្នាំ២០២២ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។ ជាការឆ្លើយតប ឯកឧត្តមមានការីករាយក្នុងការចូលរួម គាំទ្រនូវរាល់ការរៀបចំកម្មវិធីខាងលើ និងមានការគាំទ្រ ក្នុងការជួយសម្របសម្រួលជាមួយជាស្ថាប័នពាក់ព័ន្ធរដ្ឋ ក៍ដូចជាវិស័យឯកជនផងដែរ។
សូមបញ្ជាក់ថា កិច្ចសហប្រតិបត្តិការកម្ពុជានិងកូរ៉េខាងត្បូងថ្មីៗនេះបានសម្រេចជាសមិទ្ធផលប្រវត្តិសាស្រ្តថ្មីចុងក្រោយ ដោយប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-សាធារណរដ្ឋកូរ៉េកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ថ្មីៗនេះ។ ជាមួយនឹងសមិទ្ធិផលជាប្រវត្តិសាស្រ្តនេះ លោកជំទាវឯកអគ្គរាជទូត និងក្រុមការងារស្ថានទូតបានរៀបចំជាបន្តបន្ទាប់នូវព្រឹត្តិការណ៍ផ្សេងៗ ដើម្បីជំរុញផ្សព្វផ្សាយ និងទាញយកអត្ថប្រយោជន៍ជាក់ស្តែងក្នុងចំណោមសកម្មភាពពាណិជ្ជកម្ម ធុរកិច្ច និងវិនិយោគរវាងប្រទេសកម្ពុជា និងកូរ៉េខាងត្បូង។