កូរ៉េខាងត្បូង៖ នៅល្ងាចថ្ងៃអង្គារម្សិលមិញនេះ កូរ៉េខាងត្បូងបានដាក់ចេញនូវវិធានការដើម្បីសម្រួលប្រព័ន្ធទទួលស្គាល់ព័ត៌មានចាក់ និងកាតចាក់វ៉ាក់សាំងរបស់ជនបរទេស សម្រាប់អាចប្រើប្រាស់បានក្នុងប្រទេសកូរ៉េខាងត្បុងជារួមស្មើភាពគ្នាវិញ នេះបើតាមបញ្ជាក់ពីមន្ត្រីរដ្ឋាភិបាលកូរ៉េខាងត្បូង និងចុះផ្សាយក្នុងសារព័ត៌មាន The Korea Herald របស់កូរ៉េ។
វិធានការកែសម្រួលនេះដាក់ចេញឡើងក្រោយពីមានការរិះគន់យ៉ាងសម្បើមទៅលើអាជ្ញាធរសុខាភិបាល និងរដ្ឋាភិបាលកូរ៉េខាងត្បូងលើការមិនទទួលស្គាល់កាតចាក់វ៉ាក់សាំងកូវីដរបស់ជនបរទេស ដែលបានចាក់វ៉ាក់សាំងកូវីដនៅតាមប្រទេសរៀងៗខ្លួន ដែលការមិនទទួលស្គាល់នេះបង្កជាបញ្ហាដោយសារតែការអនុវត្តវិធានការគម្លាតសង្គមបច្ចុប្បន្ននេះ តម្រូវឱ្យប្រជាជនត្រូវបង្ហាញកាតចាក់វ៉ាក់សាំងកូវីដ ដើម្បីអាចចូលទៅកាន់ទីតាំងនានាបានដូចជាហាងកាហ្វេ ភោជនីយដ្ឋាន បណ្ណាល័យ រោងភាពយន្តជាដើមនោះ។
បើតាមការបញ្ជាក់របស់មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងកូរ៉េខាងត្បូង៖ «អាជ្ញាធរសុខាភិបាលកំពុងធ្វើការពង្រាងនូវទម្រង់ថ្មីសម្រាប់ទទួលស្គាល់វ៉ាក់សាំងរបស់ជនបរទេសដែលបានចាក់នៅក្រៅប្រទេស»។ ផែនការផ្លាស់ប្តូរថ្មីនេះនឹងអាចឱ្យមនុស្សកាន់តែច្រើនមានសិទ្ធិប្រើប្រាស់កាតចាក់វ៉ាក់សាំងដើម្បីអត្ថប្រយោជន៍នានាក្នុងសង្គម ក៏ដូចជាមានសិទ្ធិអាចចាក់វ៉ាក់សាំងកូវីដដូសបន្ថែមផងដែរ។ ព័ត៌មានលម្អិតនៃវិធានការថ្មីនេះ នឹងត្រូចប្រកាសនូវថ្ងៃព្រហស្បតិ៍ស្អែកនេះ។
តាមពិតទៅ ការដែលអាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងបានសម្រេចចិត្តផ្លាស់ប្តូរវិធានការរបស់ខ្លួននេះ គឺក្រោយពេលដែលបណ្តាលអង្គទូតបរទេសជាច្រើននៅកូរ៉េខាងត្បូង ដែលដឹកនាំដោយអាមេរិក និងប្រទេសដទៃទៀតនោះរួមទាំងស្ថានទូតកម្ពុជាយើងនៅក្នុងប្រទេសកូរ៉េខាងត្បូងផងនោះ បានជំរុញឱ្យរដ្ឋាភិបាលកូរ៉េខាងត្បូងចេញសកម្មភាពជាបន្ទាន់ក្នុងការសម្រួលទទួលស្គាល់ព័ត៌មានចាក់វ៉ាក់សាំងរបស់ជនបរទេសដែលបានចាក់នៅក្រៅប្រទេស ដើម្បីអាចប្រើប្រាស់ផ្លូវការបាននៅក្នុងប្រទេសកូរ៉េខាងត្បូង។
នៅក្នុងគណនី Twitter មានសេចក្តីថ្លែងការណ៍រួមពីបណ្តាអង្គទូតលើកឡើងថា «ពួកគេគួរមានសិទ្ធិអាចប្រើប្រាស់ទីតាំងនានាបានដូចជនជាតិកូរ៉េខាងត្បូង ដែលបានចាក់វ៉ាក់សាំងកូវីដរួចរាល់នៅក្រៅប្រទេស»។ ការលើកឡើងបែបនេះក្រោយមានការរិះគន់ខ្លាំងៗថា រដ្ឋាភិបាលកូរ៉េមិនទទួលស្គាល់ព័ត៌មានចាក់វ៉ាក់សាំងកូវីដរបស់ជនបរទេសដែលបានចាក់វ៉ាក់សាំងនៅក្រៅប្រទេស តែប្រព័ន្ធសុខាភិបាលកូរ៉េបែរជាអាចទទួលស្គាល់ព័ត៌មានចាក់វ៉ាក់សាំងរបស់ប្រជាជនកូរ៉េខាងត្បូងខ្លួនឯងដែលបានចាក់នៅក្រៅប្រទេសទៅវិញ។
សម្រាប់ប្រទេសកម្ពុជាយើងវិញ លោកជំទាវឯកអគ្គរាជទូត បានបង្ហោះចែករំលែកនៅលើបណ្តាញសង្គមហ្វេសប៊ុកថា «ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ គឺជាបណ្តាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួនដែលបានទាមទារដោយផ្ទាល់ឲ្យរដ្ឋាភិបាលកូរ៉េរៀបចំនិតិវិធីក្នុងការទទួលស្គាល់កាតចាក់វាក់សាំងរបស់ប្រទេសខ្លួន។ ឥឡូវនេះយើងបានទទួលការឆ្លើយតបពីរដ្ឋាភិបាលកូរ៉េ ដែលបានសន្យាថានឹងរៀបចំប្រព័ន្ធចុះបញ្ជីមួយក្នុងពេលឆាប់ៗខាងមុខនេះដែលនឹងទទួលស្គាល់កាតចាក់វាក់សាំងរបស់បណ្តាប្រទេសនានាលើពិភពលោករួមទាំងកម្ពុជាផងដែរ។
ករណីនេះនឹងជួយសម្រួលដល់បងប្អូនខ្មែរដែលបានចាក់វាក់សាំងនៅកម្ពុជារួចរាល់ហើយ អាចទទួលបានការចាក់វាក់សាំជំរុញបន្ថែមនៅកូរ៉េ ក៏ដូចជាការចូលប្រើប្រាស់សេវាកម្មផ្សេងៗមានដូចជា អាហារដ្ឋាន កន្លែងកំសាន្ត ទីកន្លែងជួបជុំផ្សេងៗទៀតដែលតំរូវការបង្ហាញកាតចាក់វាក់សាំង។ »
សូមបញ្ជាក់ថា ក្រោយពីកូរ៉េខាងត្បូងចាប់ផ្តើមអនុវត្តវិធានការប្រក្រតីភាពថ្មី រស់នៅជាមួយនឹងកូវីដកន្លងមកដែលបានលើកលែងការអនុវត្តគម្លាតសង្គមសឹងទាំងស្រុងនោះ ឥឡូវនេះស្ថានការណ៍ហាក់ផ្លាស់ប្តូរទាំងស្រុងវិញនៅពេលដែលវត្តមាននៃកូរ៉ូណាបម្លែងខ្លួនថ្មី អូមីក្រុង បានវាយលុកចូលមកក្នុងប្រទេសកូរ៉េ ដែលក្នុងនោះរដ្ឋាភិបាលកូរ៉េខាងត្បូងបានដាក់ចេញវិធានការមួយចំនួន រួមទាំងការតម្រូវឱ្យប្រើប្រាស់កាតចាក់វ៉ាក់សាំងដើម្បីអាចចូលទៅកាន់ទីតាំងនានាបានផងដែរ ដែលនេះហើយបង្កជាបញ្ហាចន្លោះប្រហោងក្នុងការអនុវត្ត ដែលនាំឱ្យមានការតវ៉ានេះឡើង។