កូរ៉េខាងត្បូង៖ ការចាប់ផ្តើមអនុវត្តការពិនិត្យកាតចាក់វ៉ាក់សាំងនៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលមានភាពតឹងតែងខ្លាំង ឥឡូវបានបង្កឱ្យមានការតវ៉ាថាមានការរើសអើងទៅលើជនបរទេស ដោយពួកគេមិនអាចប្រើប្រាស់វ៉ាក់សាំងកូវីដដែលខ្លួនបានចាក់នៅក្រៅប្រទេសដើម្បីឱ្យគេទទួលស្គាល់ជាផ្លូវការនៅក្នុងប្រទេសកូរ៉េ ដែលមានន័យថាពួកគេមិនអាចហាងកាហ្វេ ភោជនីយដ្ឋាន និងកន្លែងប្រើប្រាស់ច្រើនផ្សេងទៀត។
ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News ជនបរទេសដែលត្រូវបានចាក់វ៉ាក់សាំងកូវីដ-១៩ នៅក្រៅប្រទេស ពីប្រទេសកូរ៉េខាងត្បូង បច្ចុប្បន្ននេះមិនត្រូវបានគេទទួលស្គាល់ក្នុងការទទួលបានអត្ថប្រយោជន៍ដែលបានផ្តល់ឱ្យអ្នកដែលបានចាក់វ៉ាក់សាំងនៅក្នុងប្រទេសកូរ៉េខាងត្បុងផ្ទាល់នោះទេ ដោយសារកំណត់ត្រានៃការចាក់វ៉ាក់សាំងនៅក្រៅប្រទេសរបស់ពួកគេមិនត្រូវបានទទួលស្គាល់នៅក្រោមប្រព័ន្ធផ្តល់វ៉ាក់សាំងរបស់រដ្ឋាភិបាលដែលគេមិនមានហេតុផលបកស្រាយច្បាស់លាស់នោះទេ។
ផ្ទុយទៅវិញ ប្រព័ន្ធនេះបែរជាអាចទទួលស្គាល់កំណត់ត្រាការចាក់វ៉ាក់សាំងនៅក្រៅប្រទេសរបស់ប្រជាជនកូរ៉េខាងត្បូងទៅវិញ។
បញ្ហាលំបាករបស់ជនបរទេសដែលចាក់វ៉ាក់សាំងនៅក្រៅប្រទេសនេះ ដែលគេមិនទទួលស្គាល់នេះកាន់តែមានភាពធ្ងន់ធ្ងរ នៅពេលដែលរដ្ឋាភិបាលកូរ៉េខាងត្បូងចាប់ផ្តើមរឹតបន្តឹងវិធានការគម្លាតសង្គមកូវីដ-១៩ មួយចំនួនវិញនោះ ដើម្បីទប់ស្កាត់ការកើតឡើងវិញនៃជំងឺកូវីដ-១៩ និងជាពិសេសការឆ្លងនូវកូវីដជាប្រភេទបម្លែងខ្លួនថ្មី អូមីក្រុង។ វិធានការរឹតត្បិតនោះ គឺតម្រូវឱ្យមានកាតចាក់វ៉ាក់សាំងដែលរដ្ឋាភិបាលកូរ៉េទទួលស្គាល់ ដើម្បីអាចចូលទៅកាន់ទីតាំងផ្សេងៗ ដូចជាហាងកាហ្វេ ភោជនីយដ្ឋាន រោងកុន និងកន្លែងសាធារណៈផ្សេងទៀត។
ជាក់ស្តែង ស្ត្រីជនជាតិអេស្បាញអាយុ ២១ឆ្នាំម្នាក់ឈ្មោះ ហេឡេណា គឺជាជនបរទេសម្នាក់ក្នុងចំណោមជនបរទេសជាច្រើនដែលមិនអាចយកកំណត់ត្រាចាក់វ៉ាក់សាំងកូវីដរបស់ខ្លួនពីប្រទេសក្រៅ មកប្រើប្រាស់នៅក្នុងប្រទេសកូរ៉េខាងត្បូងបាន។
នាងបានប្រាប់ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ថា នាងបានត្រឡប់ទៅប្រទេសអេស្ប៉ាញវិញ ដើម្បីទទួលបានវ៉ាក់សាំងពេញលេញជាមួយនឹងវ៉ាក់សាំង Pfizer ហើយបានត្រឡប់មកវិញ។ ទោះជាយ៉ាងណាក៏ដោយ អាជ្ញាធរសុខាភិបាលនៅទីនេះបានប្រាប់នាងឱ្យទៅជួបស្ថានទូតកូរ៉េក្នុងប្រទេសអេស្បាញ ដើម្បីទទួលបានការបញ្ជាក់អំពីស្ថានភាពនៃការចាក់ថ្នាំបង្ការរបស់នាង ដែលធ្វើបែបនេះមានន័យថានាងនៅតែមិនអាចប្រើប្រាស់កាតវ៉ាក់សាំងរបស់ខ្លួន និងមិនអាចចូលទៅតាមទីតាំងនានាដែលគេតម្រូវឱ្យបង្ហាញកាតចាក់វ៉ាក់សាំងនេះ។
ស្ត្រីម្នាក់ទៀតជាជនជាតិអាឡឺម៉ង់ អាយុជាង២០ឆ្នាំក៏បានសម្តែងការខកចិត្តផងដែរ ដោយនិយាយថានាងមិនអាចចុះឈ្មោះប្រើប្រាស់វ៉ាក់សាំង Janssen ដែលនាងបានចាក់តាំងពីនៅប្រទេសរបស់ខ្លួន។
ចំពេលមានការតវ៉ាកាន់តែខ្លាំងឡើងក្នុងចំណោមសហគមន៍បរទេស ស្ថានទូតអង់គ្លេសប្រចាំនៅកូរ៉េបាននិយាយថា ខ្លួនកំពុងស្នើសុំឱ្យរដ្ឋាភិបាលដោះស្រាយបញ្ហានេះ។ ស្ថានទូតបានសរសេរនៅលើគណនី Twitter ផ្លូវការរបស់ខ្លួនថា “ស្ថានទូតចក្រភពអង់គ្លេស រួមជាមួយនឹងស្ថានទូតសហរដ្ឋអាមេរិក អូស្ត្រាលី កាណាដា នូវែលសេឡង់ និងឥណ្ឌា បានស្នើសុំជាថ្មីទៀតដល់រដ្ឋាភិបាលកូរ៉េខាងត្បូង សម្រាប់ការទទួលស្គាល់ជាបន្ទាន់នូវជនបរទេសដែលបានចាក់វ៉ាក់សាំងនៅបរទេស”។
បណ្តាអង្គទូតទាំងនេះបាននិយាយថា “ពួកគេគួរតែមានសិទ្ធិចូលប្រើប្រាស់មធ្យោបាយសាធារណៈដូចគ្នា ខណៈដែលជនជាតិកូរ៉េទាំងនោះបានចាក់វ៉ាក់សាំងពេញលេញនៅបរទេស”។