ប្រយ័ត្នមែនទែន អ្នកសេអ៊ូល! ថ្ងៃអង្គារនេះកូវីដ «អូមីក្រុង» ដំបូងគេបង្អស់ ដល់ទៅ៣ករណី រកឃើញនៅក្នុងទីក្រុងសេអ៊ូលហើយ គឺឆ្លងតៗគ្នាតែម្តងចេញពី..

កូរ៉េខាងត្បូង៖ ករណីឆ្លងមេរោគកូរ៉ូណាបម្លែងខ្លួនថ្មី អូមីក្រុង ដំបូងគេបង្អស់ត្រូវបានគេរកឃើញនៅក្នុងទីក្រុងសេអ៊ូលហើយនៅថ្ងៃអង្គារនេះ ពីក្នុងចំណោមករណីនិស្សិតបរទេស៣រូបដែលរៀននៅតាមសាកលវិទ្យាល័យចំនួន៣នៃទីក្រុងសេអ៊ូល នេះបើតាមការចុះផ្សាយក្នុងសារព័ត៌មាន Yonhap News នៅរសៀលថ្ងៃអង្គារនេះ។

ក្នុងករណីឆ្លងអូមីក្រុងដំបូងគេនៅទីក្រុងសេអ៊ូលនេះ មាននិស្សិតបរទេសម្នាក់មកពីសាកលវិទ្យាល័យជាតិសេអ៊ូល (SNU) សាកលវិទ្យាល័យភាសាបរទេសហានគុក (HUFS) និងសាកលវិទ្យាល័យឃ្យ៉ុងហ៊ី (Kyunghee University) ត្រូវបានអាជ្ញាធរក្រុងសេអ៊ូលបញ្ជាក់ថា បានឆ្លងមេរោគកូវីដបម្លែងខ្លួនថ្មី អូមីក្រុង។

អ្នកទាំងបីត្រូវបានគេរកឃើញថាបានចូលរួមកម្មវិធីក្នុងព្រះវិហារសាសនាមួយនៅទីក្រុងអ៊ីនឆន់ ភាគខាងលិចនៃទីក្រុងសេអ៊ូល ជាកន្លែងដែលគ្រូគង្វាលម្នាក់ និងភរិយារបស់គាត់ត្រូវបានគេរកឃើញកាលពីសប្តាហ៍មុនថាជាករណីដំបូងបង្អស់នៃអូមីក្រុងនៅក្នុងប្រទេសកូរ៉េខាងត្បូងនោះ។ រដ្ឋាភិបាលបាននិយាយថា សិស្សទាំង៣នាក់នេះបានធ្វើតេស្ត និងរកឃើញថាវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃសុក្រសប្តាហ៍មុន ហើយក្រោយមកពួកគេត្រូវបានអាជ្ញាធរពិនិត្យបន្តដើម្បីស្វែងរកប្រភេទមេរោគបម្លែងខ្លួនថ្មី អូមីក្រុង តាមរយៈការធ្វើតេស្តវិភាគហ្សែនទាំងមូល។

នេះជាករណីលើកទីមួយ មុនគេបង្អស់ហើយដែលករណីមេរោគកូរ៉ូណាបម្លែងខ្លួន អូមីក្រុង ត្រូវបានរកឃើញនៅក្នុងទីក្រុងសេអ៊ូល។ សម្រាប់នៅទូទាំងប្រទេសកូរ៉េខាងត្បូងទាំងមូលវិញ ចំនួនករណីអូមីក្រុង ដែលរកឃើញបានកើនឡើង១២ករណីបន្ថែម ទៅដល់សរុបចំនួន ៣៦ករណីហើយ គិតត្រឹមពាក់កណ្តាលអធ្រាត្រថ្ងៃច័ន្ទនេះ។

ការឆ្លងរបស់និស្សិតភ្លាមៗបានបង្កើនការភ័យខ្លាចនៃការរីករាលដាលនៃមេរោគកូរ៉ូណាថ្មីនេះ ក្នុងចំណោមសហគមន៍នៃសិស្ស និស្សិតដទៃទៀតនៅតាមសាកលវិទ្យាល័យនៃទីក្រុងសេអ៊ូល ផងដែរ។ សាកលវិទ្យាល័យដែលពាក់ព័ន្ធកំពុងធ្វើការតាមដានទំនាក់ទំនងដែលទាក់ទងទៅនឹងសិស្សដែលឆ្លងមេរោគ និងដាក់ចេញនូវវិធានការគម្លាតសង្គម និងចត្តាឡីស័កដាក់ឱ្យនៅដាច់ពីគេ ខណៈដែលគេកំពុងបារម្ភពីលទ្ធភាពដែលសិស្សទាំង៣ខាងលើនេះបានចម្លងទៅកាន់អ្នកដទៃទៀតនោះផងដែរ។

សម្រាប់សកលវិទ្យាល័យ HUFS បានសម្រេចចិត្តប្តូរថ្នាក់ទាំងអស់ទៅថ្នាក់រៀនមកជាថ្នាក់អនឡាញទាំងស្រុង រហូតដល់ថ្ងៃទី ១៤ ខែធ្នូ ហើយដាក់កម្រិតបណ្តោះអាសន្នរហូតដល់ថ្ងៃទី១១ ខែធ្នូ លើប្រតិបត្តិការរបស់បណ្ណាល័យ និងទីតាំងនានារបស់សាលា ដែលកន្លងមកសិស្សដែលបានឆ្លងនេះបានទៅ ។

មន្ត្រីនៃសកលវិទ្យាល័យ HUFS ម្នាក់បាននិយាយថា “ការធ្វើតេស្តរកមេរោគកូរ៉ូណា ត្រូវបានសាលារៀបចំ និងជំរុញឱ្យនិស្សិតដែលកន្លងមករៀនថ្នាក់ជាមួយអ្នកដែលបានឆ្លងកូរ៉ូណាអូមីក្រុងនេះ ទាំង៣០នាក់ និងមនុស្ស ១៣៩ នាក់ទៀតដែលប្រើជាន់បណ្ណាល័យរួមគ្នា” ។ “រហូតមកដល់ពេលនេះមនុស្ស ៩៣ នាក់បានធ្វើតេស្តអវិជ្ជមានហើយមិនមានការឆ្លងបន្ទាប់បន្សំណាមួយត្រូវបានរកឃើញនៅឡើយទេ” ។

សម្រាប់សកលវិទ្យាល័យ SNU វិញ បានតម្រូវឱ្យអ្នកដែលត្រូវបានចាត់ថ្នាក់ថាជាទំនាក់ទំនងជិតស្និទ្ធរបស់អ្នកជំងឺកូវីដ អូមីក្រុង ធ្វើចត្តាឡីស័កសិន ហើយកំពុងពិចារណាសុំឱ្យនិស្សិតអន្តេវាសិកដ្ឋានទាំងអស់ជាមួយអ្នកជំងឺ ធ្វើតេស្តកូវីដរហ័សផងដែរ។

សម្រាប់សាកលវិទ្យាល័យឃ្យ៉ុងហ៊ីវិញ ក៏គ្រោងនឹងណែនាំការធ្វើតេស្តរកកូវីដ-១៩ សម្រាប់សិស្សទាំងអស់ដែលនៅជាន់អន្តេវាសិកដ្ឋានដូចគ្នាជាមួយសិស្សដែលរកឃើញឆ្លងកូវីដអូមីក្រុងនេះដែរ។ មន្ត្រី Kyunghee បាននិយាយថា “សិស្សដែលឆ្លងមេរោគ omicron រូបនេះកន្លេងមក រៀនតែតាមប្រព័ន្ធអនឡាញ ហើយបើតាមការស៊ើបអង្កេតឥឡូវនេះ រហូតមកដល់ពេលនេះ បានរកឃើញថា មិនទាន់មាននរណាម្នាក់ដែលបានប៉ះពាល់ទំនាក់ទំនងផ្ទាល់នោះទេ”

Leave a Reply

Your email address will not be published. Required fields are marked *