កូរ៉េខាងត្បូង៖ មានករណីវិជ្ជមានកូវីដ-១៩ ប្រភេទមេរោគបម្លែងខ្លួនថ្មី «អូមីក្រុង» ១ករណីទៀតហើយត្រូវបានអាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងរកឃើញនៅល្ងាចថ្ងៃព្រហស្បតិ៍នេះ បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Yonhap News។
ក្នុងការចុះផ្សាយនេះបានឱ្យដឹងថា ករណីវិជ្ជមានកូវីដ-១៩ «អូមីក្រុង» ថ្មីនេះត្រូវបានរកឃើញពីក្មេងវ័យជំទង់ម្នាក់ ដែលត្រូវជាកូនរបស់ប្តីប្រពន្ធមួយគូ ដែលគេរកឃើញថាបានឆ្លងមេរោគកូរ៉ូណាបម្លែងខ្លួនថ្មីនេះមុនគេបង្អស់នោះ។
ក្មេងជំទង់រូបនេះត្រូវបានរកឃើញថាវិជ្ជមានកូវីដ-១៩ពីថ្ងៃអង្គារ និងត្រូវបានគេធ្វើតេស្តបន្ថែមដើម្បីពិនិត្យថាជាមេរោគថ្មី «អូមីក្រុង» ក្រោយពីម្តាយឪពុករបស់ខ្លួនត្រូវបានគេរកឃើញថាមានវិជ្ជមានមេរោគកូរ៉ូណាប្រភេទបម្លែងខ្លួនថ្មីនេះកាលពីម្សិលមិញរួចមក។
បើតាមការបញ្ជាក់របសមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងកូរ៉េខាងត្បូង ករណីកូវីដថ្មី ឆ្លងលើក្មេងជំទង់នេះ ជាករណីទី៦ហើយ គិតត្រឹមល្ងាចថ្ងៃព្រហស្បតិ៍នេះ ដែលសឹងតែទាំងអស់គឺមានប្រភពមកពីប្តីប្រពន្ធដែលទើបនឹងធ្វើដំណើរមកដល់ពីប្រទេសនីហ្សេរីយ៉ា ដែលរកឃើញវិជ្ជមានកូវីដថ្មីនេះទាំងអស់។
ករណីទាំង៦នោះ គិតមកដល់ពេលនេះមានបុរសស្រ្តីជាប្តីប្រពន្ធអាយុ៤០ឆ្នាំជាងនេះ រួមនឹងមិត្តភក្តិ និងប្រជាជន២នាក់ផ្សេងទៀត ហើយឥឡូវនេះមានកូនរបស់បុរសស្រ្តីជាប្តីប្រពន្ធនេះផងដែរ។
សូមបញ្ជាក់ថា នៅថ្ងៃព្រហស្បតិ៍នេះ ករណីឆ្លងកូវីដថ្មីនៅកូរ៉េខាងត្បូងមានដល់ទៅ ៥២៦៦ករណី ដែលក្នុងនោះមាន៥២៤២ករណីជាករណីឆ្លងក្នុងស្រុក។ តួលេខដ៏ធំសម្បើមនេះបានកើនឡើងរហូតជាបន្តបន្ទាប់ ជាពិសេសគឺចាប់តាំងពីការអនុវត្តប្រក្រតីភាពថ្មី ដោយលុបបំបាត់ការរឹតត្បិតគម្លាតសង្គមផ្សេងៗសឹងតែទាំងអស់ ចាប់ពីដើមខែវិច្ឆិកាកន្លងមកនោះ។