ធ្ងន់ធ្ងរហើយ! ប្តីប្រពន្ធ ដែលរកឃើញវិជ្ជមាន​កូវីដ-១៩ថ្មី «អូមីក្រុង» ដំបូងគេនៅកូរ៉េខាងត្បូងនោះ ត្រូវគេដឹងថា បានផ្តល់ព័ត៌មានកុហក នាំឱ្យមានអ្នកពាក់ព័ន្ធបន្តទៀតកើនដល់ជាង ៩០នាក់ហើយ

កូរ៉េខាងត្បូង៖ ប្តីប្រពន្ធមួយគូដែលគេរកឃើញថាមានវិជ្ជមានជំងឺកូវីដ-១៩ មេរោគកូរ៉ូណាប្រភេទបម្លែងខ្លួនថ្មី «អូមីក្រុង» ជាករណីដំបូងគេនៅកូរ៉េខាងត្បូងនោះ ត្រូវបានអាជ្ញាធររកឃើញថាកន្លងមកបាននិយាយកុហកក្នុងការផ្តល់ព័ត៌មាន ដែលការផ្តល់ជាព័ត៌មានមិនពិតនេះបានបង្កឱ្យមានការប៉ះពាល់ជាហានិភ័យបន្តដល់មនុស្សដទៃទៀតជាច្រើន។

ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News នៅថ្ងៃព្រហស្បតិ៍នេះបានឱ្យដឹងថា ប្តីប្រពន្ធមួយគូអាយុជាង៤០ឆ្នាំនេះ ត្រូវបានគេស្គាល់ថាមានម្នាក់ជាបុគ្គលគ្រូសាសនា និងប្រពន្ធខ្លួន បានផ្តល់ព័ត៌មានមិនពិតដល់សមត្ថកិច្ច អំពីការធ្វើដំណើររបស់ពួកគេក្រោយពីពួកគេបានមកដល់ព្រលានយន្តហោះកូរ៉េខាងត្បូង ពីប្រទេសនីស្សេរីយ៉ាកន្លងមក។

អ្វីដែលប្តីប្រពន្ធនេះបានរាយការណ៍ប្រាប់សមត្ថកិច្ច និងអ្នកជំនាញពីដំបូងមកនោះគឺ បានប្រាប់ថាពួកគេក្រោយពីបានមកព្រលានយន្តហោះអ៊ីនឆន់នៅថ្ងៃទី២៤ ខែវិច្ឆិកា បានធ្វើដំណើរតាមរថយន្តតាក់ស៊ីពិសេសមួយដែលអាជ្ញាធររៀបចំជូន ដើម្បីត្រឡប់មកផ្ទះវិញ តែក្រោយមកអាជ្ញាធរជំនាញបានស៊ើបអង្កេត និងរកឃើញថា មានមិត្តភក្តិរបស់ប្តីប្រពន្ធរូបនេះ ជាជនជាតិអ៊ុយបែកគីស្ថាន ជាអ្នកមកបើកបរជូនពួកគេត្រឡប់ទៅផ្ទះទៅវិញទេ ដែលជាការប្រើប្រាស់រថយន្តផ្ទាល់ខ្លួន។

ការផ្តល់ព័ត៌មានមិនពិតបែបនេះ បាននាំឱ្យសមត្ថកិច្ចបាត់ប្រភពតាមដានទៅលើមិត្តភក្តិរបស់ប្តីប្រពន្ធទាំង២នេះ ដែលអាចជាហានិភ័យក្នុងការបង្កើតជាប្រភពចម្លងបន្តបន្ទាប់ទៅមនុស្សដទៃទៀតជាច្រើនក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ។ មែនទែនទៅ នៅពេលដែលប្តីប្រពន្ធទាំង២នេះ ត្រូវបានធ្វើតេស្ត និងរកឃើញថាមានវិជ្ជមានកូវីដកាលពីថ្ងៃទី២៥ ខែវិច្ឆិកា កន្លងមកទៅហើយនោះ ក៏សមត្ថកិច្ចមិនបានដឹងថាមិត្តភក្តិរូបនេះមានពាក់ព័ន្ធផ្ទាល់ជាមួយនឹងប្តីប្រពន្ធនេះដែរ។

ក្រោយមកទៀត ជាបញ្ហាទៀតនោះ គឺបុរសជាមិត្តភក្តិនេះបានធ្វើដំណើរទៅទីកន្លែងផ្សេងៗជាធម្មតា និងប្រក្រតីក្នុងរយៈពេលជាង៦ថ្ងៃមកហើយ ដែលប៉ះពាល់ដល់មនុស្សដទៃទៀតដល់ទៅ ៨៧នាក់ រួមទាំងគ្រួសារ មិត្តរួមការងារ មិត្តភក្តិជាដើម ដែលអ្នកទាំងនោះសុទ្ធតែមានរងហានិភ័យនៃការឆ្លងកូវីដ-១៩ទាំងអស់។ បុរសជាមិត្តភក្តិរូបនេះ ក្រោយមកក៏ត្រូវបានគេរកឃើញថាមានវិជ្ជមានកូវីដ-១៩ ប្រភេទបម្លែងខ្លួនថ្មីនេះផងដែរ។

បច្ចុប្បន្ននេះអ្នកពាក់ព័ន្ធនឹងបុរសជាមិត្តភក្តិនេះ មាន២នាក់ទៀត គឺប្រពន្ធ និងម្តាយក្មេក ក៏ត្រូវបានអាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងចាត់ចូលជាអ្នកដែលសង្ស័យថាពាក់ព័ន្ធនឹងករណីកូរ៉ូណាបម្លែងខ្លួនថ្មី «អូមីក្រុង» នេះផងដែរ ហើយបច្ចុប្បន្នការស៊ើបអង្កេតបច្ចេកទេសកំពុងបន្តអនុវត្តផងដែរ។

សម្រាប់ករណីនេះ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងកំពុងធ្វើការពិចារណាថាតើគួរអនុវត្តច្បាប់ ដោយធ្វើការប្តឹងដល់ប្តីប្រពន្ធនេះដែលបានផ្តល់ព័ត៌មានមិនពិត ដែលបង្កជាហានិភ័យនៃការឆ្លងរោគរាលដាលដល់អ្នកដទៃជាបន្តបន្ទាប់ដែរឬទេ។ ករណីបំពានបែបនេះមានចែងនៅក្នុងច្បាប់ស្តីពីការបង្ការជំងឺឆ្លងរបស់កូរ៉េខាងត្បូង។

 

Leave a Reply

Your email address will not be published. Required fields are marked *