កូរ៉េខាងត្បូង៖ បងប្អូនពលករ-ពលការិនីខ្មែរយើងនៅកូរ៉ខាងត្បូង ដែលកាន់ទិដ្ឋាការ (វីសារ) ប្រភេទ E-9 ដែលបានមកលេងស្រុកកំណើតខ្មែរ ហើយត្រូវត្រឡប់ចូលប្រទេសកូរ៉េខាងត្បូងវិញ ត្រូវមកស្នើសុំធ្វើលិខិតបញ្ជាក់ចត្តាឡីស័កនៅនឹងមជ្ឈមណ្ឌលអភិវឌ្ឍន៍ធនធានមនុស្សនៃសាធារណរដ្ឋកូរ៉េ ជាសេចក្តីជូនដំណឹងថ្មីចុងក្រោយបង្អស់ដែលផ្សព្វផ្សាយដោយមជ្ឈមណ្ឌលអភិវឌ្ឍន៍ធនធានមនុស្សនៃសាធារណរដ្ឋកូរ៉េនៅថ្ងៃនេះ។
ក្នុងសេចក្តីជូនដំណឹងនេះបញ្ជាក់ថា សម្រាប់បបងប្អូណពលករ-ពលការិនី (E-9) ទាំងអស់ដែលបានមកលេងស្រុកកំណើត ហើយត្រូវត្រឡប់ចូលមកប្រទេសកូរ៉េវិញ ចាប់ពីថ្ងៃទី៣ ខែធ្នូនេះ ចន្លោះម៉ោង ០០:០០ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១២:០០ ត្រូវមកធ្វើលិខិតបញ្ជាក់ចត្តាឡីស័កនៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ធនធានមនុស្សនៃសាធារណរដ្ឋកូរ៉េ (HRD Korea in Cambodia EPS Center)។
ការតម្រូវឱ្យមានការអនុវត្តបែបនេះ ក៏ដោយសារតែការផ្ទុះឡើងនៃមេរោគកូរ៉ូណាបម្លែងខ្លួនថ្មី «អូមីក្រុង» ដែលអាជ្ញាធរកូរ៉េខាងត្បូងតម្រូវឱ្យធ្វើចត្តាឡីស័ករយៈពេល១០ថ្ងៃ ត្រូវបានផ្លាស់ប្តូរទៅជាកាតព្វកិច្ចសម្រាប់អ្នកធ្វើដំណើរចូលប្រទេសកូរ៉េខាងត្បូងទាំងអស់ (ទាំងជនជាតិកូរ៉េ និងជនបរទេស) ចាប់ពីថ្ងៃទី៣ ខែធ្នូ ចន្លោះម៉ោង ០០:០០ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១២:០០។
សម្រាប់បងប្អូនពលករ ពលការិនី (E-9) ទាំងអស់បន្ទាប់ពីបានមកលេងស្រុកកំណើតនៅក្នុងអំឡុងពេលខាងលើនេះ ដើម្បីអាចចូលប្រទេសកូរ៉េបាន ត្រូវមានលិខិតបញ្ជាក់ធ្វើចត្តាឡីស័កចេញពីមជ្ឈមណ្ឌលអភិវឌ្ឍន៍ធនធានមនុស្សនៃសាធារណរដ្ឋកូរ៉េ ពេលត្រឡប់ចូលទៅកាន់ប្រទេសកូរ៉េខាងត្បូងវិញ បងប្អូនទាំងអស់ក៏ត្រូវតម្រូវឱ្យធ្វើចត្តាឡីស័ករយៈពេល១០ថ្ងៃផងដែរ។
បងប្អូនពលករ ពលការិនី (E-9) ទាំងអស់ដែលពិបាកក្នុងការស្វែងរកកន្លែងធ្វើចត្តាឡីស័ក មជ្ឈមណ្ឌលបានជូនដំណឹង និងណែនាំដល់បងប្អូនដែលមានគោលបំណងចង់ទៅប្រទេសកំណើតរបស់ខ្លួន គួរតែចាកចេញបន្ទាប់ពីថ្ងៃទី១៦ ខែធ្នូ ប៉ុន្តែរយៈពេលខាងលើនេះនឹងអាចមានការប្រែប្រួលបន្ថែមទៀត។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទំព័រហ្វេសប៊ុក៖ HRD Korea in Cambodia ឬតាមលេខទូរស័ព្ទ៖ មជ្ឈមណ្ឌលអភិវឌ្ឍន៍ធនធានមនុស្សនៃសាធារណរដ្ឋកូរ៉េ 023-997-844 / 023-997-822