ប្រធានាធិបតីកូរ៉េខាងត្បូង៖ ផ្លូវទៅកាន់ប្រក្រតីភាពថ្មីនៅកូរ៉េខាងត្បូង នឹងកាន់តែមានបញ្ហាប្រឈមធំហើយ ខណៈដែល «អូមីក្រុង» ចាប់ផ្តើមមានវត្តមានហើយនៅកូរ៉េ

កូរ៉េខាងត្បូង៖ ដំណើរការឈានទៅកាន់ប្រក្រតីភាពថ្មីដែលកំពុងអនុវត្តនៅក្នុងប្រទេសកូរ៉េខាងត្បូងបច្ចុប្បន្ននេះ អាចនឹងប្រឈមនឹងវិបត្តិបន្តទៀតហើយ ខណៈដែលករណីមេរោគកូរ៉ូណាបម្លែងខ្លួនថ្មី «អូមីក្រុង» ដំបូងបង្អស់ចា​ប់ផ្តើមមានវត្តមាននៅក្នុងប្រទេសកូរ៉េខាងត្បូងហើយ នេះបើតាមការបញ្ជាក់ដោយផ្ទាល់ពីលោកប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន កាលពីព្រឹកថ្ងៃសុក្រនេះ។

ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News បានឱ្យដឹងថា លោកប្រធានាធិបតីកូរ៉េខាងត្បូង បានលើកឡើងថា «ដំណើរការឆ្ពោះទៅកាន់ប្រក្រតីភាពថ្មីកំពុងមិនទាន់មានភាពរលូននោះទេ ហើយហានិភ័យនៃមេរោគកូរ៉ូណាថ្មី អូមីក្រុង ក៏កំពុងតែកើនឡើងខ្លាំងគួរឱ្យព្រួយបារម្ភផងដែរ»។ លោកប្រធានាធិបតីលើកឡើងបែបនេះនៅក្នុងកម្មវិធីជំនួបជាមួយនឹងក្រុមតំណាងសាសនានៅកូរ៉េខាងត្បូងនៅព្រឹកនេះតែម្តង។

លោកប្រធានាធិបតីបានបន្តលើកឡើងថា បើទោះជាមានបញ្ហាប្រឈមពិតមែន តែរដ្ឋាភិបាលនឹងមិនព្រងើយកន្តើយនោះទេ គឺនឹងខិតខំប្រឹងប្រែងជំនះលើបញ្ហាប្រឈមទំាងនេះ ដើម្បីអាចបន្តជាមួយនឹងផ្លូវទៅកាន់ប្រក្រតីភាពថ្មី ឱ្យខាងតែបាននៅពេលខាងមុខបន្តទៀត។ សូមបញ្ជាក់ថា លោកប្រធានាធិបតី លើកឡើងបែបនេះ គឺក្រោយពីថ្ងៃម្សិលមិញពេលល្ងាច កូរ៉េខាងត្បូងបានប្រកាសរកឃើញករណីវិជ្ជមានកូវីដ បង្កពីមេរោគកូរ៉ូណាបម្លែងខ្លួនថ្មី «អូមីក្រុង» ដំបូងគេបង្អស់ ក្នុងចំណោមមនុស្ស៥នាក់ ដែលក្នុងនោះមានទាំងប្តីប្រពន្ធមួយគូដែលបានចាក់វ៉ាក់សាំងកូវីដរួចរាល់ ដែលទើបនឹងធ្វើដំណើរមកពីប្រទេសនីហ្សេរីយ៉ាកាលពីថ្ងទី២៣ វិច្ឆិកានេះផងដែរ។

សម្រាប់ជាវិធានការឥឡូវនេះ កូរ៉េខាងត្បូងនឹងធ្វើការរឹតបន្តឹងបន្ថែមលើការធ្វើដំណើរ ការពិនិត្យនៅនឹងព្រលានយន្តហោះ ការអនុវត្តវិធានការតម្រូវឱ្យធ្វើចត្តាឡីស័ក និងវិធានការសុខាភិបាលពាក់ព័ន្ធដទៃទៀតដើម្បយ៉ាងណាស អាចទប់ស្កាត់ការរីករាលដាលនៃមេរោគកូរ៉ូណាបម្លែងខ្លួនថ្មីនេះនៅក្នុងប្រទេសកូរ៉េខាងត្បូង។

សូមបញ្ជាក់ថា ចាប់តាំងពីខែវិច្ឆិកាមក កូរ៉េខាងត្បូងបានឃើញករណីឆ្លងកូវីដមានការកើនឡើងគួរឱ្យកត់សម្គាល់យ៉ាងខ្លាំង ខណៈដែលរដ្ឋាភិបាលកំពុងតែអនុវត្តគន្លងប្រក្រតីភាពថ្មីដំណាក់កាលទី១មក។ ជាក់ស្តែងនៅក្នុងថ្ងៃព្រហស្បតិ៍នេះ ករណីឆ្លងកូវីដថ្មីកើនមានដល់ទៅចំនួន ៥២៦៦ករណី ដែលក្នុងនោះមានដល់ទៅ៥២៤២ករណីជាករណីឆ្លងក្នុងស្រុក ខណៈដែលទីក្រុងសេអ៊ូលវិញថ្ងៃនេះមានករណីឆ្លងសរុបដល់ទៅលើស២ពានករណីផងដែរ។ ថ្ងៃនេះជាថ្ងៃទី២ជាប់គ្នាហើយ ដែលកូរ៉េខាងត្បូងរកឃើញករណីឆ្លងកូវីដថ្មីដល់លើស ៥ពាន់ករណី។

Leave a Reply

Your email address will not be published. Required fields are marked *