ធ្ងន់ធ្ងរខ្លាំងណាស់ថ្ងៃនេះ! ករណីកូវីដ-១៩ថ្មីនៅកូរ៉េខាងត្បូងថ្ងៃនេះ ដល់លើស ៥ពាន់ករណី លើកដំបូងបង្អស់ហើយ ចំណែកករណីឈឺធ្ងន់វិញក៏បំបែកកំណត់ត្រាច្រើនជាងគេបង្អស់ហើយ

កូរ៉េខាងត្បូង៖ នៅថ្ងៃពុធនេះ កូរ៉េខាងត្បូងរកឃើញមានករណីវិជ្ជមានកូវីដ-១៩ថ្មីដល់ទៅលើស៥០០០នាក់ ជាលើកដំបូងបង្អស់ក្នុងប្រវត្តិសាស្រ្តនៃស្ថានការណ៍កូវីដជាង២ឆ្នាំមកនេះ ខណៈដែលតួលេខនៃអ្នកជំងឺកូវីដដែលមានស្ថានភាពធ្ងន់ធ្ងរទៀតនោះ ក៏ឡើងបំបែកកំណត់ត្រាច្រើនជាងគេបង្អស់ដែរនៅថ្ងៃនេះ បើតាមការចុះផ្សាយទិន្នន័យដោយមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងកូរ៉េខាងត្បូង។

ចុះផ្សាយក្នុងសារព័ត៌មាន Korea Times បានឱ្យដឹងថា ចេញប្រកាសនៅថ្ងៃពុធនេះ ករណីឆ្លងកូវីដថ្មីដែលរកឃើញពេញមួយថ្ងៃពីថ្ងៃអង្គារម្សិលមិញមានដល់ទៅ ៥១២៣ករណី ដែលក្នុងនោះមានដល់ទៅ ៥០៧៥ករណីជាករណីកូវីដដែលឆ្លងក្នុងស្រុក ខណៈដែលតួលេខឆ្លងកូវីដ-១៩ មកដល់ពេលនេះកើនងដល់ ៤៥២៣៥០ករណីហើយ។ បើតាមតួលេខ នេះជាករណីប្រចាំថ្ងៃនៅកូរ៉េខាងត្បូងដែលមានករណីឆ្លងកូវីដថ្មីច្រើនជាងគេបង្អស់ដល់ទៅលើស៥០០០នាក់ជាងនេះ ដែលកំណត់ត្រាកាលពីប៉ុន្មានថ្ងៃមុននេះ គឺមានត្រឹម៤១១៥នាក់ ច្រើនជាងគេបង្អស់កាលពីថ្ងៃទី២៤ ខែវិច្ឆិកា កន្លងទៅ។

ចំណែកឯករណីអ្នកបាត់បង់ជីវិតមានដល់ទៅ៣៤នាក់ថ្មី ដែលនាំឱ្យតួលេខសរុបនៃករណីបាត់បង់ជីវិតកើនដល់ ៣៦៥៨ករណីហើយ ដែលមានន័យអត្រានៃការបាត់បង់ជីវិតក្នុងចំណោមអ្នកជំងឺកូវីដមានដល់ទៅ ០.៨១% ហើយឥឡូវនេះ។ សម្រាប់តួលេខករណីដែលឈឺធ្ងន់វិញ គិតមកដល់ពេលនេះ ក៏បានបំបែកកំណត់ត្រាថ្មីច្រើនជាងគេបង្អស់ផងដែរ ដល់ទៅ៧២៣ករណី ជាលើកដំបូងហើយដែលកូរ៉េខាងត្បូងមានករណីអ្នកឈឺធ្ងន់ដោយសារកូវីដដល់លើស ៧០០ករណី។ កាលពីថ្ងៃអង្គារម្សិលមិញ តួលេខករណីអ្នកឆ្លងកូវីដដែលមានអាការៈធ្ងន់ធ្ងរមានត្រឹម ៦៦១ករណី។

សូមបញ្ជាក់ថា តួលេខដ៏ច្រើនសន្ធឹកនេះគឺកើតឡើងក្នុងបរិការណ៍ដែលកូរ៉េខាងត្បូងបានអនុវត្តគន្លងប្រក្រតីភាពថ្មីរយៈពេលជាង១ខែមកហើយ ដែលក្នុងនោះដែរ គេឃើញថាដោយសារតែស្ថានភាពមិនទាន់ធូរស្បើយ និងមានភាពកាន់តែធ្ងន់ធ្ងរទៅនៃករណីឆ្លងកូវីដនេះ គន្លងប្រក្រតីភាពថ្មីនៅកូរ៉េខាងត្បូងដែលកំពុងអនុវត្តបច្ចុប្បន្ននេះ នឹងមិនទាន់ត្រូវគេអនុញ្ញាតឱ្យឈានជើងចូលដល់ដំណាក់កាលទី២នោះទេ ដែលពីដំបូងឡើយគេគ្រោងនឹងចាប់ផ្តើមអនុវត្តពីខែធ្នូខាងមុខនេះ។

យ៉ាងណាមិញ កាលពីថ្ងៃចន្ទនេះ លោកប្រធានាធិបតី មូន ជេអ៊ីន បានចេញសេចក្តីថ្លែងប្រកាសដោយផ្ទាល់ថា នឹងត្រូវចាប់ផ្តើមរយៈពេលសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ពិសេសរយៈពេល៤សប្តាហ៍នចាប់ផ្តើមពីឥឡូវនេះទៅ ដែលក្នុងការអនុវត្តវិធានការពិសេសនេះ គឺផ្តោតសំខាន់ទៅលើការចាក់វ៉ាក់សាំងដូសបន្ថែម ដែលលោកប្រធានាធិបតីកូរ៉េខាងត្បូងទទូចយ៉ាងខ្លាំងឱ្យប្រជាជនត្រូវទៅចាក់ឱ្យបានគ្រប់គ្នា ហើយលោកប្រធានាធិបតីក៏បានណែនាំឱ្យអាជ្ញាធរពន្លឿនការដាក់ប្រើប្រាស់ថ្នាំគ្រាប់ព្យាបាលកូវីដត្រឹមចុងឆ្នាំនេះផងដែរ។ ចំណុចសំខាន់មួយទៀតដែរនោះ គឺរដ្ឋាភិបាលកូរ៉េខាងត្បូង ​បានបញ្ជាក់ថាសម្រាប់ឥឡូវនេះ បើទោះជាស្ថានការណ៍កាន់តែអាក្រក់ តែរដ្ឋាភិបាលកូរ៉េនឹងមិនដើរថយក្រោយពីគន្លងប្រក្រតីភាពថ្មីបច្ចុប្បន្ននេះនោះដែរ។

សម្រាប់បញ្ហាធំមួយទៀតនោះគឺ កាលពីថ្ងៃអង្គារម្សិលមិញនេះ នៅកូរ៉េខាងត្បូងគេបានរកឃើញករណីសង្ស័យវិជ្ជមានដំបូងករណីកូវីដ ពីមេរោគកូរ៉ូណាបម្លែងខ្លួន «អូមីក្រុង» ពីប្តីប្រពន្ធត្រឡប់មកពីប្រទេសនីហ្សេរីយ៉ា។ ការសង្ស័យករណីដំបូងរបស់វីរុសបំលែងខ្លួនថ្មីអូមីក្រុន​ កេីតឡេីងក្នុងប្រទេសកូរ៉េ​ បន្ទាប់ពីប្តីប្រពន្ធ​ អាយុ៤០ឆ្នាំប្លាយ​ ត្រឡប់មកពីដំណេីរកំសាន្តនៅប្រទេសនីហ្សេរីយ៉ា​ កាលពីថ្ងៃទី២៤នេះ​ ។

អាជ្ញាធរសុខាភិបាលកូរ៉េ​ បានអោយដឹងនៅថ្ងៃទី៣០នេះ​ ប្តីប្រពន្ធដែលមានទីលំនៅក្នុងទីក្រុង​អុីនឆន់ ដែលទេីបត្រឡប់មកពីប្រទេសនីហ្សេរីយ៉ា​ ហេីយសង្ស័យមានការឆ្លងវីរុសបំលែងខ្លួនថ្មី​ អូមីក្រុង ឥលូវកំពុងធ្វេីតេស្តសំណាក់​តាមដាន​ ហេីយលទ្ធផលនឹងបញ្ជាក់ជូននៅល្ងាចថ្ងៃទី១ធ្នូនេះ។

 

Leave a Reply

Your email address will not be published. Required fields are marked *