ចែករំលែក! កូវីដកើនឡើងខ្លាំងពេក កូរ៉េខាងត្បូងនឹងលើកពេលអនុវត្តដំណាក់កាលទី២នៃ «គន្លងប្រក្រតីភាពថ្មី» គ្រោងពាក់កណ្តាលខែធ្នូនេះ ហើយជំនួសដោយអនុវត្តវិធានការទប់កូវីដធំៗចំនួន ៤ នេះសិន ..

កូរ៉េខាងត្បូង៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន ចេញប្រកាសដោយផ្ទាល់នៅថ្ងៃនេះ ថាសម្រាប់ដំណាក់កាលបន្ទាប់នៃការបន្ថយគម្លាតសង្គមនៅកូរ៉េខាងត្បូង ដែលគ្រោងនឹងចាប់ផ្តើមអនុវត្តនៅពាក់កណ្តាលខែធ្នូខាងមុខនេះ នឹងត្រូវផ្អាកមិនទាន់ដំណើរការអនុវត្តតាមការគ្រោងទុកនោះទេ ដោយសារតែវត្តមាននៃជំងឺកូវីដឆ្លងថ្មីហាក់មានការកើនឡើងគួរឱ្យបារម្ភចុងក្រោយនេះ។

ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News បានឱ្យដឹងថា រដ្ឋាភិបាលកូរ៉េខាងត្បូងនឹងធ្វើការផ្អាកដំណាក់កាលបន្ទាប់នៃការបន្ថយគម្លាតសង្គមនៅកូរ៉េខាងត្បូង ដែលគ្រោងនឹងចាប់ផ្តើមអនុវត្តនៅពាក់កណ្តាលខែធ្នូខាងមុខនេះសិន ហើយជំនួសវិញដោយការអនុវត្តវិធានការថ្មី «ការទប់ស្កាត់ពិសេស» ក្នុងរយៈពេល៤សប្តាហ៍ខាងមុខនេះ បើតាមការបញ្ជាក់របសលោកប្រធានាធិបតីកូរ៉េខាងត្បូង មូន ជេអ៊ីន។ វិធានការថ្មីនេះ នឹងរួមបញ្ចូលនូវវិធានការរដ្ឋបាលឆាប់រហ័សនានា ការចាក់វ៉ាក់សាំងដូសបន្ថែម និងវិធានការដទៃទៀតដើម្បីធានាចំនួនគ្រែពេទ្យត្រៀមសម្រាប់អ្នកជំងឺកូវីដ-១៩ ឱ្យបានគ្រប់គ្រាន់។

យ៉ាងណាមិញ ជាមួយនឹងការដាក់ចេញវិធានការថ្មីជំនួសនេះ លោកប្រធានាធិបតីបានបញ្ជាក់ច្បាប់ថា រដ្ឋាភិបាលកូរ៉េខាងត្បូងនឹងមិនដើរថយក្រោយវិញចំពោះគន្លងប្រក្រតីភាពថ្មីដែលកំពុងអនុវត្តបច្ចុប្បន្ននេះនោះទេ បើទោះជាបច្ចុប្បន្ននេះមានការកើនឡើងខ្លាំងនៃករណិឆ្លងថ្មីក៏ដោយ។

បញ្ហាប្រឈមធំនៅពេលនេះ គឺការចាប់ផ្តើមខ្សត់ខ្សោយនៃគ្រែពេទ្យសម្រាប់អ្នកជំងឺកូវីដ-១៩ ជាពិសេសគឺអ្នកជំងឺឈឺធ្ងន់ដែលត្រូវការព្យាបាលនៅមន្ទីរពេទ្យនោះ។ សូមបញ្ជាក់ថា កូរ៉េខាងត្បូងបានចាប់ផ្តើមអនុវត្តគន្លងប្រក្រតីភាពថ្មីនេះ ក្នុងដំណាក់កាលទី១ ចាប់តាំងពីដើមខែវិច្ឆិកាមក ហើយគ្រោងនឹងចាប់ផ្តើមអនុវត្តដំណាក់កាលទី២ និងទី៣បន្តបន្ទាប់ទៀត ដោយពិនិត្យទៅលើស្ថានការណ៍នៃគន្លងប្រក្រតីភាពថ្មីដំណាក់កាលទី១នេះសិន។

តែជាមួយនឹងការលុបចោលការរឹតត្បិតគម្លាតសង្គមមួយចំនួនធំនេះ គេឃើញថាករណីឆ្លងកូវីដថ្មីមានការកើនឡើងគួរឱ្យកត់សម្គាល់ខ្លាំង ជាពិសេសគឺចំនួនអ្នកឈឺធ្ងន់ និងបាត់បង់ជីវិតផងដែរ។ កាលពីសប្តាហ៍មុននេះ តួលេខអ្នកឆ្លងកូវីដមានដល់ទៅជាង ៤០០០ករណី ហើយចំនួនករណីអ្នកជំងឺដែលមានអាការៈធ្ងន់ធ្ងរវិញនោះមានដល់ទៅ ៦២០ករណី ខ្ពស់បំផុតកាលពីថ្ងៃសុក្រកន្លងទៅ ដែលប្រឈមដល់មន្ទីរពេទ្យលើចំនួនគ្រែពេទ្យដែលអាចទទួលអ្នកជំងឺបាន។

ក្នុងនោះដែរ លោកប្រធានាធិបតីជំរុញមែនទែនឱ្យគ្រប់គ្នាទទួលយកការចាក់វ៉ាក់សាំងកូវីដដូសបន្ថែម។ លោកប្រធានាធិបតីបានមានប្រសាសន៍ថា វ៉ាក់សាំងដូសទី៣នេះមិនមែនជាវ៉ាក់សាំងដូសសម្រាប់ចាក់បន្ថែមទៀតនោះទេ តែជាវ៉ាក់សាំងដូសទូទៅដែលគេត្រូវតែចាក់ មានន័យថាដល់តែចាក់បាន៣ដូស ទើបបានវ៉ាក់សាំងពេញលេញ ដូចនេះប្រជាជនទាំងអស់ត្រូវឈប់គិតថា វ៉ាក់សាំងដូសទី៣ មិនចាំបាច់តទៅទៀត។

លោកប្រធានាធិបតីក៏បានណែនាំឱ្យអាជ្ញាធរសុខាភិបាលធ្វើការបង្កើនអត្រាចាក់វ៉ាក់សាំងសម្រាប់យុវជនក្មេងៗអាយុ១២ដល់១៧ឆ្នាំផោងដែរ ព្រមទាំងចាប់ផ្តើមធ្វើការប្រើប្រាស់ថ្នាំគ្រាប់ព្យាបាលកូវីដ-១៩ ឱ្យបានលឿនត្រឹមចុងឆ្នាំនេះ ដែលជាផែនការដំបូងគ្រោងនឹងចាប់ផ្តើមនៅខែកុម្ភៈឆ្នាំ២០២២ ឯណោះទេ។

សម្រាប់វត្តមាននៃមេរោគកូរ៉ូណាបម្លែងខ្លួនថ្មី អូមីក្រុង វិញ លោកប្រធានាធិបតីបានណែនាំផងដែរឱ្យអាជ្ញាធរសុខាភិបាលយកចិត្តទុកដាក់ក្នុងការទប់ស្កាត់ការចម្លងចូលមកដល់ប្រទេសកូរ៉េខាងត្បូង តាមរយៈវិធានការរឹតត្បិតលើការចេញទិដ្ឋាការ និងការធ្វើដំណើរចូលមកប្រទេសកូរ៉េខាងត្បូង ពីប្រទេសនៅអាហ្វ្រិកចំនួន៨ដែលគេចាត់ទុកថាមានហានិភ័យនោះ។

 

 

Leave a Reply

Your email address will not be published.