ចែករំលែក! ពលករខ្មែរយើងត្រៀមមកកូរ៉េខាងត្បូង បើធ្លាប់ទាក់ទងជាមួយនរណាធ្លាប់ធ្វើដំណើរពីអាហ្វ្រិក ប្រយ័ត្នផង! ការពារពីកូវីដបម្លែងខ្លួនថ្មី រដ្ឋាភិបាលកូរ៉េគ្រោងនឹងចេញវិធានការថ្មីតឹងជាងមុនលើអ្នកទាំងនេះ ..

កូរ៉េខាងត្បូង៖ ក្នុងខណៈដែលមេរោគកូរ៉ូណាបម្លែងខ្លួនថ្មី «អូមីក្រុង» កំពុងតែវាយលុក និងបង្កការបារម្ភខ្លាំងនោះ ពេលនេះកូរ៉េខាងត្បូងគ្រោងនឹងចេញវិធានការថ្មីមួយទៀតជាពិសេសចំពោះពលករបរទេស ដែលត្រូវធ្វើដំណើរចូលមកក្នុងប្រទេសកូរ៉េខាងត្បូង ដើម្បីរួមចំណែកទប់ស្កាត់ហានិភ័យនៃមេរោគថ្មីនេះមកដល់ប្រទេសកូរ៉េខាងត្បូង។

ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News បានឱ្យដឹងថានៅថ្ងៃចន្ទនេះ ក្រសួងការងារកូរ៉េខាងត្បូងបានប្រកាសផែនការវិធានការថ្មីរបស់ខ្លួន ដែលអាចមានជះឥទ្ធិពលទៅការធ្វើដំណើរចូលមកធ្វើការនៅក្នុងប្រទេសកូរ៉េខាងត្បូង ពីសំណាក់ពលករបរទេសពីតំបន់អាស៊ី ដល់ទៅ១៦ប្រទេស ដែលវិធានការនេះគឺស្របទៅនឹងវិធានការដាក់ចេញថ្មីៗ គឺការរឹតត្បិតការធ្វើដំណើរចូលមករបស់ជនបរទេសដែលមកពីប្រទេសអាហ្វ្រិកខាងត្បូង និងប្រទេសអាហ្វ្រិកពាក់ព័ន្ធចំនួន៧ទៀត។

វិធានការនេះមានន័យ ពលករបរទេសដែលមកពីតំបន់អាស៊ីទាំង១៦ប្រទេស នឹងត្រូវអាជ្ញាធរពិនិត្យមើលតឹងរ៉ឹងជាងមុនថាធ្លាប់មានប្រវត្តិទំនាក់ទំនងធ្វើដំណើរទៅប្រទេសអាហ្វ្រិកទាំងនោះឬអត់ ឬក៏មានប្រវត្តិពាក់ព័ន្ធជាមួយនរណាផ្សេងដែលមានជាប់ទៅនឹងប្រទេសអាហ្វ្រិកទាំងនោះឬអត់។ ធ្វើបែបនេះដើម្បីកាត់បន្ថយ និងទប់ស្កាត់ហានិភ័យនៃមេរោគថ្មីនេះមកដល់ប្រទេសកូរ៉េខាងត្បូង។

ក្នុងនោះដែរ ឥឡូវនេះក្រសួងការងារកូរ៉េកំពុងប្រឹក្សាយោបល់ជាមួយអាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង ចំពោះព័ត៌មាន និងលក្ខខណ្ឌលម្អិតក្នុងការរៀបចំដាក់ចេញនូវផែនការនេះ ដូចជាទៅលើរយៈពេល អំឡុងពេលនៃការធ្វើដំណើរដែលមានប្រវត្តពាក់ព័ន្ធ និងលក្ខខណ្ឌផ្សេងៗទៀត ដើម្បីធ្វើការរឹតត្បិតនេះឱ្យមានប្រសិទ្ធិភាព។

សូមបញ្ជាក់ថា រដ្ឋាភិបាលកូរ៉េខាងត្បូងកាលពីចុងសប្តាហ៍មុននេះបានប្រកាសថានឹងធ្វើការផ្អាកចេញទិដ្ឋាការសម្រាប់អ្នកធ្វើដំណើរមកពីប្រទេសអាហ្វ្រិកចំនួនដល់ទៅ៨ រួមទាំងប្រទេសអាហ្វ្រិកខាងត្បូងផងដែរ។ ប្រទេសទាំង៧ទៀតរួមមានប្រទេសបូតស្វាណា ហ្ស៊ីមបាវ៉េ ណាមីប៊ី ឡេសូតូ អេស្វាទីនី ម៉ូហ្សាមប៊ីក និងម៉ាលីវី ដែលប្រទេសទាំង៨នេះ នឹងត្រូវចាត់ចូលជាប្រទេសត្រូវឃ្លាំមើលពិសេស ដែលតម្រូវរឹតបន្តឹងខ្លាំងលើការផ្តល់ទិដ្ឋាការ (វីសារ) និងតម្រូវឱ្យមានវិធានការចត្តាឡីស័កតឹងរឹងជាពិសេសផងដែរ។

សម្រាប់អ្នកធ្វើដំណើរមកពីប្រទេសទាំងនេះ នឹងត្រូវតម្រូវឱ្យធ្វើចត្តាឡីស័ករយៈពេល១០ថ្ងៃ នៅទីតាំងកំណត់ដោយរដ្ឋាភិបាលកូរ៉េ ហើយត្រូវធ្វើតេស្តកូវីដតាមម៉ាស៊ីន (PCR) រយៈពេល៣ដងផងដែរ ដែលវិធានការនេះនឹងចាប់ផ្តើមអនុវត្តពីថ្ងៃអាទិត្យនេះទៅតែម្តង។

សូមបញ្ជាក់ផងដែរ កាលពីដើមខែវិច្ឆិកានេះ រដ្ឋាភិបាលកូរ៉េខាងត្បូងបានប្រកាសថានឹងបន្តការចេញទិដ្ឋាការ (វីសារ) សម្រាប់ពលករបរទេសមកពីប្រទេសអាស៊ី ក្រោមប្រព័ន្ធអនុញ្ញាតការងារ (EPS) ដែលមានន័យថាអនុញ្ញាតឱ្យពលករបរទេស រួមទាំងពីកម្ពុជាយើងអាចចូលមកធ្វើការនៅក្នុងប្រទេសកូរ៉េខាងត្បូង គឺស្របទៅនឹងគោលការណ៍ប្រក្រតីភាពថ្មីដែលកូរ៉េខាងត្បូងកំពុងអនុវត្តឥឡូវនេះផងដែរ។

 

Leave a Reply

Your email address will not be published. Required fields are marked *