កូរ៉េខាងត្បូង៖ ជនល្មើសជាឃាតករដែលបានតាមលួចមើល និងសម្លាប់អតីតមិត្តស្រីខ្លួនឯង នៅថ្ងៃចន្ទនេះត្រូវបានតុលាការកូរ៉េខាងត្បូងបញ្ចេញអត្តសញ្ញាណហើយ ក្រោយពីត្រូវប៉ូលីសនាំខ្លួនពីបុស្តិ៍ប៉ូលិស ទៅការិយាល័យរដ្ឋអាជ្ញាកូរ៉េនៅទីក្រុងសេអ៊ូល ដើម្បីបន្តនីតិវិធីតុលាការ នេះបើតាមការចុះផ្សាយក្នុងសារព័ត៌មាន Yonhap News នៅព្រឹកថ្ងៃចន្ទនេះ។
ជនល្មើសរូបនេះមានឈ្មោះថា គីម ព្យ៉ុងចាន់ អាយុ៣៥ឆ្នាំ នៅពេលដែលនាំខ្លួនទៅកាន់ការិយាល័យរដ្ឋអាជ្ញា ត្រូវបានគេឱ្យឈរនៅនឹងមុខអ្នកសារព័ត៌មាន និងអ្នកថតរូប ហើយជនល្មើសបាននិយាយថា «ខ្ញុំសូមទោស» ដោយសម្លេងតិចៗ អោនមុខចុះ នៅពេលដែលអ្នកសារព័ត៌មានសួរថាមានពាក្យអ្វីដែលចង់ឆ្លើយតបទៅកាន់គ្រួសារជនរងគ្រោះ។ យ៉ាងណាមិញ ជនល្មើសមិនបានលើកឡើងថា អ្វីដែលខ្លួនបានប្រព្រឹត្តិនោះគឺមានចេតនា ឬក៏អត់ មានផែនការគ្រោងទុកមុន ឬក៏អត់នោះទេ។
ក្នុងករណីបទល្មើសនេះ ប៉ូលិសកូរ៉េបានសម្រេចដាក់ការចោទប្រកាន់ដល់ទៅ ៨បទករណីទៅលើជនលើ្មស រួមទាំងបទល្មើសឃាតកម្មសងសឹក បទល្មើសលួចតាមឃ្លាំមើល និងបទល្មើសគម្រាមកំហែងជាដើម។ សូមបញ្ជាក់ថា ជនល្មើសឈ្មោះ គីម នេះត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីសបា្តហ៍មុន ជាជនសង្ស័យពាក់ព័ន្ធករណីចាក់ជនរងគ្រោះជាអតីតមិត្តស្រីរបស់ខ្លួនរហូតដល់បាត់បង់ជីវិតនៅអាផាតមិនរបស់ជនរងគ្រោះនៅសេអ៊ូល ក្រោយពីជនល្មើសរូបនេះបានតាមឃ្លាំលួចមើលជនរងគ្រោះរហូតមកអស់ជាងមួយឆ្នាំមកហើយ។
ករណីនេះត្រូវបានសាធារណជនបង្ហាញអារម្មណ៍ខឹងសម្បារខ្លាំង ក្រោយពីគេដឹងព័ត៌មានថា ស្រ្តីរងគ្រោះនៅពេលកើតហេតុគឺស្ថិតនៅក្រោមការគាំពាររបស់សមត្ថកិច្ចទៅហើយ ក្រោយពីបានដាក់ពាក្យប្តឹងដល់ទៅ៤ដង ពីការតាមរំខាន និងឃ្លាំមើលរបស់ជនល្មើសមកលើខ្លួន តាំងពីដើមខែវិច្ឆិកាមក។
នៅថ្ងៃកើតហេតុនោះ ស្រ្តីជាអតីតមិត្តស្រីដែលជាជនរងគ្រោះបានខលទូរស័ព្ទតាមនាឡិកាដៃពិសេសដែលផ្តល់ដោយសមត្ថកិច្ចដើម្បីតាមការពារសុវត្ថិភាពជនរងគ្រោះនេះ ខណៈដែលជនរងគ្រោះដឹងថា ជនល្មើសកំពុងស្ថិតនៅម្តុំផ្ទះរបស់ខ្លួនតាំងពីពេលព្រឹកមក។ យ៉ាងណាមិញ ដោយសារមានបញ្ហាបច្ចេកទេស ប៉ូលិសមិនអាចមកដល់ទីតាំងកើតហេតុទាន់ពេលវេលា ហើយមិនអាចបញ្ឈប់ករណីឃាតកម្មនេះទាន់ពេលវេលា ជារឿងគួរឱ្យសោកស្តាយមែនទែន។
កាលពីសប្តាហ៍មុននេះ ប៉ូលិសបានបង្ហាញនូវអត្តសញ្ញាណ និងព័ត៌មានផ្ទាល់ខ្លួនរបស់ជនលើ្មស រួមមានទាំងឈ្មោះ និងរូបថត ដែលការធ្វើបែបនេះគឺក្នុងករណីបទឧក្រឹដ្ឋធ្ងន់ធ្ងរ ដែលគេចាំបាច់ត្រូវបញ្ចេញអត្តសញ្ញាណជនអ្នកប្រព្រឹត្តទៅសាធារណជន។
បទល្មើសចម្បងមួយដែលជនល្មើសនឹងត្រូវចោទប្រកាន់គឺបទល្មើសឃាតកម្មជាការសងសឹក ដោយសារតែគោលបំណងនៃឃាតកម្មនេះគឺជនល្មើសខឹងជនរងគ្រោះ ដែលរាយការណ៍សកម្មភាពខ្លួនទៅសមត្ថកិច្ច។ បទល្មើសនេះអាចនឹងត្រូវជាប់ឃុំឃាំងរហូតដល់រយៈពេល១០ឆ្នាំ ឬច្រើនជាងនេះ។