អំពីកូរ៉ូណាប​ម្លែងខ្លួនថ្មី «អូមីក្រុង» !! តោះមកដឹង ៤ ចំណុចធំៗនេះ ដែលអ្នកវិទ្យាសាស្រ្តបានដឹង និងបញ្ជាក់អំពីមេរោគកូរ៉ូណាបម្លែងខ្លួនថ្មី «អូមីក្រុង»

ថ្មីៗនេះជាមួយនឹងការរកឃើញនូវវត្តមានមេរោគកូរ៉ូណាប​ម្លែងខ្លួនថ្មី «អូមីក្រុង» ដោយអ្នកវិទ្យាសាស្រ្តអាហ្វ្រិកខាងត្បូង និងត្រូវបានប្រកាសដោយអង្គការសុខភាពពិភពលោក កំណត់មេរោគបម្លែងខ្លួនថ្មីនេះជាប្រភេទមេរោគដែលគួរឱ្យបារម្ភនោះ ប្រទេសជាច្រើន រួមទាំងប្រទេសកូរ៉េខាងត្បូងផងបានដាក់ចេញវិធានការផ្សេងៗដើម្បីទប់ស្កាត់ហានិភ័យ ជាពិសេសគឺតាមរយៈការធ្វើដំណើរ និងវិធានការចត្តាឡីស័កតឹងរ៉ឹងទៅលើអ្នកធ្វើដំណើរមកពីតំបន់ដែលមានហានិភ័យខ្ពស់។

តើអ្វីខ្លះជាព័ត៌មានសំខាន់ៗដែលគេបានរកឃើញពីមេរោគកូរ៉ូណាបម្លែងខ្លួនថ្មីនេះ? ខាងក្រោមនេះជាព័ត៌មានសង្ខេបមួយចំនួនពីមេរោគកូរ៉ូណាបម្លែងខ្លួនថ្មីនេះ ដោយសារព័ត៌មាន Korea Times។

ប្រភព៖ មេរោគកូរ៉ូណាបម្លែងថ្មីនេះមានឈ្មោះបច្ចេកទេសថា «B.1.1.529» ហើយដែលគេឱ្យឈ្មោះថា «អូមីក្រុង»។ គេមិនច្បាស់នោះទេថាមេរោគកូរ៉ូណា «អូមីក្រុង» ដែលបម្លែងខ្លួនថ្មីនេះមានប្រភពមកពីណា តែអ្នកវិទ្យាសាស្រ្តរបស់ប្រទេសអាហ្វ្រិកខាងត្បូងជាអ្នកដំបូងគេបង្អស់ដែលបានរកឃើញវត្តមាននៃមេរោគនេះ និងបានប្រកាសឱ្យដឹងកាលពីថ្ងៃទី២៥ ខែវិច្ឆិកានេះ។

នៅពេលដែលគេប្រកាសនោះ មេរោគនេះត្រូវបានគេរកឃើញមានវត្តមាននៅហុងកុង និងបូស្វាណា ហើយមួយថ្ងៃក្រោយមក អ្នកវិទ្យាសាស្រ្តនៅប្រទេសបែលហ្សិច និងអ៊ីស្រាអែលក៏បានរកឃើញពីមេរោគបម្លែងខ្លួនថ្មីនេះដែរ។

ការបម្លែងខ្លួន៖ អ្នកវិទ្យាសាស្រ្តរកឃើញថាមេរោគបម្លែងខ្លួន ដែលមានប្រភេទបម្លែងខ្លួនជាលក្ខណៈបច្ចេកទេសខុសពីអ្វីដែលគេធ្លាប់ដឹងកន្លងមកនោះ គឺចាប់ផ្តើមពីថ្ងៃទី២៣ ខែវិច្ឆិកា។ សាស្រ្តាចារ្យនៅសាកលវិទ្យាល័យ KwaZulu-Natal របស់អាហ្វ្រិកខាងត្បូង បាននិយាយថា អ្វីដែលគេរកឃើញពីមេរោគបម្លែងខ្លួនថ្មីនេះ គឺវាមានការបម្លែងខ្លួនច្រើនជាងគេបង្អស់ក្នុងចំណោមមេរោគកូរូ៉ណាបម្លែងខ្លួនថ្មីៗដទៃទៀត។៊

លទ្ធភាពចម្លង៖ លទ្ធភាពនៃការចម្លងរបស់មេរោគកូរ៉ូណាបម្លែងខ្លួនថ្មីនេះគឺគេសន្និដ្ឋានបឋមថាអាចចម្លងបានលឿន ហើយអាចជាកត្តាដែលបង្កើនចំនួនករណីកូវីដឆ្លងថ្មីដែលកំពុងកើនឡើងក្នុងប្រទេសអាហ្វ្រិកខាងត្បូងផងដែរ។

បើទោះបីជាករណីដែលឆ្លងថ្មីរកឃើញប៉ុន្មានថ្ងៃចុងក្រោយនេះមិនពាក់ព័ន្ធទាំងស្រុងទៅនឹងមេរោគកូរ៉ូណាបម្លែងថ្មី «អូមីក្រុង» នេះក៏ដោយ គេសង្កេតឃើញថាមេរោគកូរ៉ូណាបម្លែងខ្លួនថ្មីទាំងនេះ មានលទ្ធភាពអនុញ្ញាតឱ្យមេរោគកូរ៉ូណាអាចឆ្លងបានកាន់តែខ្លាំង និងលឿន ងាយស្រួលជាងមុន។

ភាពធ្ងន់ធ្ងរ៖​ គេរកឃើញថាប្រភេទហ្សែនបំបែកខ្លួនមួយចំនួននៃមេរោគ អាចមានសមត្ថភាពវាយលុកទៅលើប្រព័ន្ធភាពស៊ាំរបស់មនុស្ស តែគេមិនទាន់អាចដឹងថាវាអាចប៉ះពាល់កម្រិតណាដល់វ៉ាក់សាំងកូវីដដែលបានចាក់នៅឡើយទេ។ សម្រាប់ភាពធ្ងន់ធ្ងរនៃមេរោគកូរ៉ូណាថ្មីនេះវិញ អ្នកវិទ្យាសាស្រ្តក៏មិនទាន់អាចកំណត់បាននៅឡើយដែរ ដោយត្រូវការទិន្នន័យបន្ថែមទៀតដើម្បីពិនិត្យមើលទៅលើមេរោគកូរ៉ូណាបម្លែងខ្លួនថ្មីនេះ។

 

Leave a Reply

Your email address will not be published. Required fields are marked *