ពិភពលោក៖ ប្រទេសអាហ្រ្វិកខាងត្បូងបានត្អូញត្អែរនៅថ្ងៃសៅរ៍នេះថា ប្រទេសខ្លួនកំពុងត្រូវបានរងការ “ដាក់ទណ្ឌកម្ម” សម្រាប់ការរកឃើញវត្តមានមេរោគកូរ៉ូណាបម្លែងខ្លួនថ្មី «អូមីក្រុង» ទៅវិញ ដែលមេរោគថ្មីនេះ ត្រូវបានអង្គការសុខភាពពិភពលោកចាត់ទុកថា “មេរោគបម្លែងខ្លួនដែលគួរឱ្យព្រួយបារម្ភ” ហើយអាចមានសមត្ថភាពចម្លងបានច្រើនជាងប្រភេទមេរោគកូរ៉ូណាបម្លែងខ្លួន ដែលតា ទៅទៀត។
ចុះផ្សាយក្នុងសារព័ត៌មាន Korea Times ក្រសួងការបរទេសប្រទេសអាហ្វ្រិកខាងត្បូង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការសម្រេចចិត្តរបស់បណ្តាប្រទេសមួយចំនួនជុំវិញពិភពលោកក្នុងការហាមឃាត់ការហោះហើរពីប្រទេសអាហ្វ្រិកខាងត្បូង ក្រោយពីគេរកឃើញវត្តមាននៃមេរោគកូរ៉ូណាបម្លែងខ្លួនថ្មីនេះ “គឺស្រដៀងនឹងការដាក់ទណ្ឌកម្មដល់ប្រទេសអាហ្វ្រិកខាងត្បូង សម្រាប់លទ្ធភាពវិទ្យាសាស្រ្តកម្រិតខ្ពស់ ដែលមានសមត្ថភាពក្នុងការអាចកំណត់មេរោគកូរ៉ូណាថ្មីនេះបានលឿនជាងប្រទេសដទៃទៅវិញ” ។
សេចក្តីថ្លែងការណ៍ដដែលបានលើកឡើងថា៖ «សមត្ថភាព និងរបកគំហើញវិទ្យាសាស្ត្របែបនេះ គួរត្រូវបានសាទរ និងមិនត្រូវបានដាក់ទណ្ឌកម្មនោះទេ»។
ក្រសួងបានចង្អុលបង្ហាញថាប្រភេទមេរោគកូរ៉ូណាបម្លែងខ្លួនថ្មីនេះ ត្រូវបានគេរកឃើញនៅក្នុងផ្នែកផ្សេងទៀតនៃពិភពលោកឯណោះទេ។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអាហ្វ្រិកក៏បានលើកឡើងថា “ករណីនីមួយៗទាំងនោះមិនមានទំនាក់ទំនងថ្មីៗជាមួយអាហ្វ្រិកខាងត្បូងទេ ប៉ុន្តែប្រតិកម្មចំពោះប្រទេសទាំងនោះគឺខុសគ្នាស្រឡះទៅនឹងករណីនៅអាហ្វ្រិកខាងត្បូង”។
សូមបញ្ជាក់ថា ប្រទេសអ៊ីស្រាអែល និងបែលហ្ស៊ិកបានប្រកាសបន្ទាប់ពីអាហ្រ្វិកខាងត្បូងថាពួកគេក៏បានរកឃើញករណីមេរោគកូរ៉ូណាបម្លែងខ្លួនថ្មី Omicron នេះផងដែរ។
រដ្ឋាភិបាលបានទទូចថា “សមត្ថភាពធ្វើតេស្ត និងកម្មវិធីចាក់វ៉ាក់សាំងរបស់អាហ្វ្រិកខាងត្បូង ដែលគាំទ្រដោយសហគមន៍វិទ្យាសាស្ត្រលំដាប់ពិភពលោក គួរតែផ្តល់ឱ្យដៃគូពិភពលោករបស់យើងនូវទំនុកចិត្តទៅលើអ្វីដែលយើងកំពុងធ្វើ រួមចំណែកដល់ការគ្រប់គ្រងជំងឺរាតត្បាត”។
ដោយមានជាង ២.៩៥ លានករណី និងករណីបាត់បង់ជីវិតដល់ទៅ ៨៩៧៨៣នាក់ ប្រទេសអាហ្រ្វិកខាងត្បូងគឺជាប្រទេសដែលរងគ្រោះខ្លាំងជាងគេនៅទ្វីបអាហ្រ្វិកដោយសារជំងឺរាតត្បាត។
សូមបញ្ជាក់ផងដែរថា នៅថ្ងៃសៅរ៍ម្សិលមិញនេះ ប្រទេសមួយចំនួនរួមទាំងកូរ៉េខាងត្បូង បានប្រកាសដាក់ចេញវិធានការរឹតបន្តឹងជើងហោះហើរទៅមករវាងប្រទេសអាហ្វ្រិកខាងត្បូង រួមជាមួយនឹងប្រទេសអាហ្វ្រិកក្បែរខាងនោះចំនួន៧ប្រទេសទៀត។ សម្រាប់អ្នកដំណើរប្រទេសទាំងនេះ ត្រូវឆ្លងការការធ្វើចត្តាឡីស័កនៅទីតាំងផ្តល់ដោយរដ្ឋាភិបាលកូរ៉េខាងត្បូងរយៈពេល ១០ថ្ងៃ និងត្រូវធ្វើតេស្តកូវីដតាមម៉ាស៊ីន (PCR) រយៈពេល៣ដងផងដែរ។