លេចចេញវត្តមានកូរ៉ូណាបម្លែងខ្លួនថ្មី «អូមីក្រុង» រកឃើញពីអាហ្វ្រិក! កូរ៉េខាងត្បូងប្រកាសភ្លាមៗ រឹតបន្តឹងការផ្តល់ទិដ្ឋាការ អ្នកធ្វើដំណើរពីប្រទេស ៨ នេះនៅអាហ្វ្រិក តម្រូវឱ្យ..

កូរ៉េខាងត្បូង៖ ប្រកាសនៅថ្ងៃសៅរ៍ម្សិលមិញនេះបានឱ្យដឹងថា កូរ៉េខាងត្បូងនឹងធ្វើការផ្អាកការចេញទិដ្ឋាការ (វីសារ) សម្រាប់អ្នកធ្វើដំណើរមកពីប្រទេសចំនួន ៨ នេះនៅតំបន់អាហ្វ្រិក ចាប់ពីថ្ងៃអាទិត្យនេះទៅ ដោយសារតែការបារម្ភទៅលើវត្តមាននៃមេរោគកូរ៉ូណាប្រភេទបម្លែងខ្លួនថ្មី «អូមីក្រុង» បើតាមការចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។

ចុះផ្សាយបានឱ្យដឹងថា ក្រោយពីមានការដឹងជាសាធារណៈនូវវត្តមានមេរោគកូរ៉ូណាបម្លែងខ្លួនប្រភេទថ្មីចុងក្រោយបង្អស់ឈ្មោះថា «អូមីក្រុង» ត្រូវបានរកឃើញដំបូងគេបង្អស់ដោយអ្នកជំនាញពីប្រទេសអាហ្វ្រិកខាងត្បូងនោះ ពេលនោះពិភពលោកទាំងមូលកំពុងជ្រួលច្របល់ជាថ្មីជាមួយនឹងវត្តមានមេរោគបម្លែងខ្លួននេះ ដោយសារតែក្តីបារម្ភថាមេរោគនេះអាចនឹងប៉ះពាល់ខ្លាំង និងមានសមត្ថភាពឆ្លងរាលដាលខ្លាំងជាងកូវីដ-១៩ ប្រភេទដែលតាទៅទៀត។

ដូចនេះហើយ ទើបប្រទេសកូរ៉េខាងត្បូងប្រកាសភ្លាមៗផ្អាកការចេញទិដ្ឋាការសម្រាប់អ្នកធ្វើដំណើរមកពីប្រទេសអាហ្វ្រិកចំនួនដល់ទៅ៨ រួមទាំងប្រទេសអាហ្វ្រិកខាងត្បូងផងដែរ។ ប្រទេសទាំង៧ទៀតរួមមានប្រទេសបូតស្វាណា ហ្ស៊ីមបាវ៉េ ណាមីប៊ី ឡេសូតូ អេស្វាទីនី ម៉ូហ្សាមប៊ីក និងម៉ាលីវី ដែលប្រទេសទាំង៨នេះ នឹងត្រូវចាត់ចូលជាប្រទេសត្រូវឃ្លាំមើលពិសេស ដែលតម្រូវរឹតបន្តឹងខ្លាំងលើការផ្តល់ទិដ្ឋាការ (វីសារ) និងតម្រូវឱ្យមានវិធានការចត្តាឡីស័កតឹងរឹងជាពិសេសផងដែរ។

សម្រាប់អ្នកធ្វើដំណើរមកពីប្រទេសទាំងនេះ នឹងត្រូវតម្រូវឱ្យធ្វើចត្តាឡីស័ករយៈពេល១០ថ្ងៃ នៅទីតាំងកំណត់ដោយរដ្ឋាភិបាលកូរ៉េ ហើយត្រូវធ្វើតេស្តកូវីដតាមម៉ាស៊ីន (PCR) រយៈពេល៣ដងផងដែរ ដែលវិធានការនេះនឹងចាប់ផ្តើមអនុវត្តពីថ្ងៃអាទិត្យនេះទៅតែម្តង។

ការប្រកាសដាក់ចេញវិធានការបែបនេះ គឺស្របទៅនឹងការប្រកាសវិធានការរបស់ប្រទេសមួយចំនួនដូចជាសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងប្រទេសអាស៊ីមួយចំនួនដទៃទៀត ដែលបានសម្រេចផ្អាកជើងហោះហើរទាំងទៅ និងមកពីប្រទេសទាំង៨ខាងលើនេះ ដោយសារតែបារម្ភពីវត្តមាននៃមេរោគកូរ៉ូណាបម្លែងខ្លួនថ្មីនេះ។

អង្គការសុខភាពពិភពលោកបានប្រកាសផងដែរ កំណត់មេរោគកូរ៉ូណាប្រភេទថ្មីនេះជាប្រភេទមេរោគ «បម្លែងខ្លួនដែលគួរឱ្យបារម្ភ» ហើយអាចនឹងមានសមត្ថភាពចម្លងបានខ្លាំងជាងមេរោគបម្លែងខ្លួនដទៃកន្លងមកផងដែរ។ គិតមកដល់ពេលនេះ កូរ៉េខាងត្បូងមិនទាន់មានករណីឆ្លងកូវីដពីមេរោគកូរ៉ូណាថ្មី «អូមីក្រុង» នេះទេ។

Leave a Reply

Your email address will not be published. Required fields are marked *