កូរ៉េខាងត្បូង៖ គិតត្រឹមថ្ងៃសុក្រម្សិលមិញនេះ កូរ៉េខាងត្បូងកំពុងធ្លាក់ចូលស្ថានការណ៍ដែលខ្វះខាតនូវគ្រែសម្រាប់ការសង្គ្រោះបន្ទាន់ សម្រាប់ទទួលអ្នកជំងឺកូវីដ-១៩ ដែលឈឺធ្ងន់ទៀតហើយ ខណៈដែលតួលេខឆ្លងថ្មី និងអ្នកដែលមានករណីធ្ងន់ធ្ងរកំពុងកើនឡើងខ្លាំង លើសពីការរំពឹងទុករបស់រដ្ឋាភិបាលកូរ៉េ នេះបើតាមការចុះផ្សាយក្នុងសារព័ត៌មាន Korea Time។
ចុះផ្សាយក្នុងព័ត៌មាននេះបានឱ្យដឹងថា ចំនួននៃករណីអ្នកឈឺធ្ងន់ធ្ងរដោយសារតែជំងឺកូវីដកាលពីថ្ងៃសុក្រម្សិលមិញនេះមានដល់ទៅ ៦១៧ករណី ជាតួលេខកំណត់ត្រាករណីឈឺធ្ងន់ច្រើនជាងគេមកដល់បច្ចុប្បន្ននេះ ខណៈដែលករណីនៃការឆ្លងសរុបវិញនោះក៏កើនឡើងច្រើនផងដែរក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ក្នុងដំណាក់កាលនៃការអនុវត្តប្រក្រតីភាពថ្មីនេះ។
ជាមួយនឹងការកើនឡើងចំនួននៃករណីឆ្លងថ្មី និងករណីអ្នកឈឺធ្ងន់ដ៏ច្រើនលើសលប់នេះ បានបង្កឱ្យមានការបារម្ភពីសមត្ថភាពនៃវិស័យសុខាភិបាលកូរ៉េខាងត្បូង ក្នុងរយៈពេលខ្លីខាងមុខនេះ ថាតើអាចនឹងទ្រាំទ្របានដែរឬយ៉ាងណា ខណៈដែលអ្នកជំនាញសុខាភិបាលមួយចំនួនបានអំពាវនាវឱ្យរដ្ឋាភិបាលកូរ៉េខាងត្បូងផ្អាកបណ្តោះអាសន្នសិនការអនុវត្តប្រក្រតីភាពថ្មី រស់នៅជាមួយនឹងកូវីដនេះ ហើយងាកមកទប់ស្កាត់អត្រាចំនួនឆ្លងកូវីដវិញសិន។
បើតាមតួលេខនៃមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងកូរ៉េខាងត្បូង (KDCA) នៅព្រឹកថ្ងៃសៅរ៍នេះ តួលេខឆ្លងកូវីដថ្មីមានដល់ទៅ៤០៦៨ករណី ក្នុងនោះករណីឆ្លងក្នុងស្រុកមានដល់ទៅ៤០៤៥ករណី។ តួលេខឆ្លងកូវីដថ្មីប្រចាំថ្ងៃកើនឡើងដល់ខ្ទង់៤០០០ករណីសឹងតែរៀងរាល់ថ្ងៃក្នុងសប្តាហ៍នេះ ជាតួលេខឆ្លងខ្ពស់បំផុតក្នុងរយៈពេលជាង២ឆ្នាំនៃស្ថានការណ៍កូវីដនៅក្នុងប្រទេសកូរ៉េ។
ចំណែកឯតួលេខករណីឆ្លងដែលឈានដល់អាការៈធ្ងន់ធ្ងរវិញក៏កើនដល់កម្រិតកំពូលដែរ មានដល់ទៅ៦១៧ករណីកាលពីថ្ងៃព្រហស្បតិ៍ ក្នុងនោះមានអ្នកអាយុលើស៦០ឆ្នាំ ដល់ទៅជាង៨៥% ដែលសុទ្ធតែមានហានិភ័យខ្ពស់ខ្លាំងមែនទែន។ គេក៏សង្កេតឃើញដែរ ថ្មីៗចុងក្រោយនេះ តួលេខនៃអ្នកដែលបាត់បង់ជីវិតបណ្តាលមកពីកូវីដហាក់ឡើងខ្ពស់សឹងលើស៣០នាក់រាល់ថ្ងៃ ខណៈព្រឹកថ្ងៃសៅរ៍នេះ តួលេខបាត់បង់ជីវិតដោយសារតែកូវីដមានដល់ទៅ ៥២នាក់ឯណោះ។
ជាមួយនឹងតួលេខកើនឡើងលឿនបែបនេះ ចំនួនគ្រែពេទ្យជាក់ស្តែងដែលមានសម្រាប់អ្នកជំងឺកូវីដបានកំពុងតែពេញលឿនមែនទែន។ គិតត្រឹមម៉ោង៥លា្ងចថ្ងៃព្រហស្បតិ៍ ចំនួនគ្រែពេទ្យនៅសេអ៊ូល ខេត្តឃ្យ៉ុងគី និងក្រុងអ៊ីនឆន់ កំពុងប្រើប្រាស់ដល់ទៅ៨៤.៥%ហើយ ខណៈដែលគ្រែនៅសល់តែ១០៨គ្រែប៉ុណ្ណោះ។ ជាមួយនឹងចំនួនគ្រែពេទ្យសឹងតែពេញបន្ទុកនេះ ឥឡូវនេះមានចំនួនអ្នកជំងឺកូវីដដែលរង់ចាំចូលព្យាបាល តែត្រូវព្យាបាលនៅផ្ទះកើនដល់ទៅ១៣១០នាក់ហើយ។
អាជ្ញាធរសុខាភិបាលបានលើកឡើងថា សម្រាប់ស្ថានការណ៍បច្ចុប្បន្ននេះ ពិបាកណាស់ក្នុងការផ្តល់សេវាសុខាភិបាលពេញលេញ ជាពិសេសសេវាព្យាបាលសង្គ្រោះបន្ទាន់ដោយសារតែនៅតាមមន្ទីរពេទ្យនីមួយក្នុងក្រុងសេអ៊ូល ខេត្តឃ្យ៉ុងគី និងក្រុងអ៊ីនឆន់សឹងតែពេញបន្ទុកអស់ទៅហើយ។
បញ្ហាក្នុងការតម្លើងចំនួនគ្រែពេទ្យ និងសម្ភារៈបច្ចកទេសមិនជាបញ្ហានោះទេ តែបញ្ហាចម្បងធំនោះគឺ កង្វះខាតមន្ត្រីជំនាញក្នុងការផ្តល់សេវាកម្មសុខាភិបាល និយាយឱ្យស្រួលស្តាប់គឺខ្វះគ្រូពេទ្យជំនាញ។
សូមបញ្ជាក់ថា គិតមកដល់ពេលនេះ ប្រទេសកូរ៉េខាងត្បូងកំពុងតែចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដដូសទី៣បណ្តើរៗហើយ ទៅតាមក្រុមអាទិភាពដែលអាជ្ញាធរកំណត់។ ក្នុងនោះដែរ អ្នកជំនាញក៏អំពាវនាវឱ្យរដ្ឋាភិបាលពិចារណាក្នុងការអនុវត្តគម្លាតសង្គមឡើងវិញ ក្នុងកម្រិតណាមួយដែលអាចទប់ស្កាត់ការចម្លងកូវីដដ៏ច្រើនដូចសព្វថ្ងៃនេះ។