កូរ៉េខាងត្បូង៖ រដ្ឋាភិបាលកូរ៉េខាងត្បូងគ្រោងនឹងប្រកាសចេញនូវវិធានការគម្លាតសង្គមថ្មីទៀត នៅថ្ងៃចន្ទក្រោយនេះហើយ ដើម្បីឆ្លើយតបទៅនឹងស្ថានការណ៍កាន់តែធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩នៅក្នុងប្រទេស ក្រោយពីដំណាក់កាលប្រក្រតីភាពថ្មីចាប់ផ្តើមអនុវត្តតាំងពីដើមខែវិច្ឆិកាមក នេះបើតាមការចុះផ្សាយក្នុងសារព័ត៌មាន KBS News។
តាមរយៈការចុះផ្សាយនេះ គឺរដ្ឋមន្ត្រីក្រសួងសុខាភិបាលនិងសុខុមាលភាពកូរ៉េខាងត្បូង លោក ខ្វុន ដុកឈុល បានប្រកាសពីគ្រោងការដាក់ចេញនូវវិធានការគម្លាតសង្គមថ្មី នៅថ្ងៃសុក្រនេះ ក្នុងសុន្ទរកថារបស់លោកនៅក្នុងកិច្ចប្រជុំតាមដានវឌ្ឍនភាពនៃស្ថានការណ៍កូវីដ។ លោករដ្ឋមន្ត្រីបានលើកឡើងថា គណៈកម្មការពិសេសរបស់រដ្ឋាភិបាលកូរ៉េ បានរៀបចំនូវកិច្ចប្រជុំមួយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ដើម្បីពិនិត្យមើលស្ថានការណ៍ ហើយឥឡូវនេះគណៈកម្មការអន្តរក្រសួង-ស្ថាប័ននេះកំពុងទទួលយកនូវធាតុចូលពិសំណាក់អ្នកជំនាញ និងពីសាធារណជនទូទៅ ដើម្បីធ្វើការសម្រេចដាក់ចេញនូវផែនការថ្មីដែលមានប្រសិទ្ធភាព។
លោករដ្ឋមន្ត្រីបានបន្តលើកឡើងថា ផែនការគម្លាតសង្គមថ្មីនេះនឹងត្រូវប្រកាសជាផ្លូវការនោថ្ងៃចន្ទនេះ ក្រោយពីបូកសរុបការពិគ្រោះយោបល់ទាំងអស់បញ្ចូលគ្នា។ ក្នុងនោះដែរ លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ពេលនេះប្រទេសទាំងមូលកំពុងតែប្រឈមនឹងវិបត្តិធ្ងន់បំផុតហើយក្នុងការប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩នេះ គឺត្រឹមតែរយៈពេល៤សប្តាហ៍ប៉ុណ្ណោះក្រោយពីបានចាប់ផ្តើមអនុវត្តគន្លងប្រក្រតីភាពថ្មីនេះ។
ជាមួយគ្នានោះដែរ លោករដ្ឋមន្ត្រីបានបញ្ជាក់ថាបច្ចុប្បន្ននេះសម្រាប់ក្រុងសេអ៊ូល សមត្ថភាពមន្ទីរពេទ្យ និងគ្រែពេទ្យកំពុងតែថយចុះកាន់តែខ្លាំងហើយ ខណៈដែលតួលេខនៃការឆ្លងប្រចាំថ្ងៃកើនឡើងកាន់តែច្រើនសឹងតែក្បែរ៤០០០ករណីប៉ុន្មានថ្ងៃជាប់គ្នា ហើយចំនួនអ្នកដែលមានស្ថានភាពអាការៈធ្ងន់ធ្ងរនោះក៏មានច្រើនផងដែរ។
សូមបញ្ជាក់ថានៅព្រឹកថ្ងៃសុក្រនេះ ចំនួនករណីឆ្លងនៅក្នុងប្រទេសកូរ៉េខាងត្បូងមានដល់ទៅ៣៩០១ករណី ខណៈដែលករណីឆ្លងក្នុងស្រុកមានដល់ទៅ៣៨៨២ករណី។ ចំណែកឯក្រុងសេអ៊ូលវិញមានករណីឆ្លងដល់ទៅ ១៧៤២ករណីឯណោះ ខណៈអ្នកដែលបាត់បង់ជីវិតបានកើនដល់ ៣៩ករណី ដែលបច្ចុប្បន្នសរុបមានដល់ ៣៤៤០ករណីហើយ។