កូរ៉េខាងត្បូង៖ កំពុងកើតមានការព្រួយបារម្ភខ្លាំងក្នុងចំណោមស្រ្តីៗជាមាតាកំពុងពរពោះនៅក្នុងប្រទេសកូរ៉េខាងត្បូង ថាគួរចាក់វ៉ាក់សាំងកូវីដ-១៩ឬយ៉ាងណា ក្រោយពីលេចចេញករណីគួរឱ្យបារម្ភមួយឆ្លងកូវីដពីម្តាយមកកាន់កូនក្នុងពោះ នេះបើតាមការចុះផ្សាយក្នុងសារព័ត៌មាន Korea Times។
ក្នុងអត្ថបទព័ត៌មានចុះផ្សាយពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះបានឱ្យដឹងថា ការបារម្ភកំពុងមានការកើនឡើងខ្លាំង និងជាពិសេសចំពោះស្រ្តីៗជាមាតាកំពុងតែពរពោះ ដោយសារតែការប្រកាសថ្មីៗចុងក្រោយនេះរបស់មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងកូរ៉េខាងត្បូងបានឱ្យដឹងថា ពីករណីថ្មីមួយដែលម្តាយម្នាក់មិនទាន់បានចាក់វ៉ាក់សាំងកូវីដ ហើយបានរកឃើញថាវិជ្ជមានកូវីដកាលពីថ្ងៃទី១៨ ខែវិច្ឆិកានេះ និងបានធ្វើការសម្រាលកូន៤ថ្ងៃក្រោយពីបានឆ្លងកូវីដនោះ ហើយបញ្ហាគឺគេរកឃើញថាទារកដែលកើតមកនោះ គឺមានជំងឺកូវីដជាប់មកជាមួយដែរ។
គេមិនទាន់ដឹងថាករណីនេះគឺបណ្តាលមកពីការឆ្លងតាមរយៈការពរពោះផ្ទាល់ ឬក៏ជាការឆ្លងតាមរយៈទឹកឬសារធាតុរាវផ្សេងៗដែលអាចផ្ទុកមេរោគកូវីដពីម្តាយ ហើយឆ្លងមកកូននោះទេ នេះបើតាមការលើកឡើងរបស់មន្ត្រីជំនាញ។ មន្ត្រីជំនាញបានលើកទៀតថា ការសិក្សាលើករណីនេះនៅមានការលំបាកដោយសារតែមិនទាន់មានទិន្នន័យគ្រប់គ្រាន់ ហើយគេត្រូវការពិនិត្យលម្អិតពីសំណាក់អ្នកជំនាញទៅលើបញ្ហានេះ។
តែយ៉ាងណាមិញ ព័ត៌មានដែលចេញផ្សាយពីករណីនេះបានបង្កជាការបារម្ភខ្លាំងចំពោះស្រ្តីជាម្តាយដែលកំពុងតែពរពោះដទៃទៀត ដែលភាគច្រើនមិនទាន់បានទៅចាក់វ៉ាក់សាំងដោយបារម្ភពីផលប៉ះពាល់ដែលអាចកើតមានពីការចាក់វ៉ាក់សាំង។ ឥឡូវនេះពួកគេកំពុងបារម្ភកាន់តែខ្លាំងទៅលើហានិភ័យនៃការចម្លងកូវីដពីម្តាយ ទៅកាន់កូនរបស់ខ្លួនក្នុងផ្ទៃទៀតផង។
បើតាមទិន្នន័យរបស់មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លង បច្ចុប្បន្ននេះមានស្រ្តីមានផ្ទៃពោះត្រឹមតែ ១៧២៩នាក់ប៉ុណ្ណោះនៅកូរ៉េខាងត្បូងដែលបានចាក់វ៉ាក់សាំងកូវីដដូសទី១រួច ហើយមានតែ៦១៣នាក់ប៉ុណ្ណោះដែលបានចាក់វ៉ាក់សាំងកូវីដដូសទី២រួចរាល់ ខណៈចំនួនតួលេខនៃស្រ្តីមានផ្ទៃពោះមានដល់ទៅជាង ១៣ម៉ឺននាក់។
គេឃើញមានការបង្ហោះជាច្រើនក្នុងទំព័រអនឡាញមួយសម្រាប់សហគមន៍នៃស្រ្តីអ្នកមានផ្ទៃពោះ និងឪពុកម្តាយ ដោយបាននិយាយថា ខ្លួនសម្រេចមិនចាក់វ៉ាក់សាំងកូវីដ-១៩ តែឥឡូវនេះក្រោយពីព័ត៌មានដូចនេះហើយ ក៏ចាប់ផ្តើមមានការបារម្ភ និងចង់គិតគូរសារឡើងវិញទៅលើការសម្រេចចិត្តបែបនេះ។ ពួកគេភាគច្រើនគឺកំពុងមានការពិបាកក្នុងការសម្រេចចិត្តលើបញ្ហានេះ។
បើតាមស្ថាប័នអាជ្ញាធរសុខាភិបាលអាមេរិកវិញ បានលើកឡើងថាហានិភ័យទៅលើទារក ដែលកើតពីម្តាយដែលមានផ្ទុកមេរោគកូវីដធម្មតា គឺលើសពីទារកធម្មតាដល់ទៅ២ដង គឺមានន័យថាទារកដែលកើតពីម្តាយដែលបានឆ្លងកូវីដ គឺមានហានិភ័យសុខភាពខ្លាំងជាងដល់ទៅ២ដង ហើយបើមេរោគកូវីដជាមេរោគប្រភេទដែលតាទៀតនោះ ហានិភ័យគឺនឹងអាចកើនឡើងដល់ទៅ៣ដង។ អ្នកជំនាញនៅតែបន្តលើកឡើងពីសារៈសំខាន់នៃការចាក់វ៉ាក់សាំង រួមទាំងសម្រាប់ស្រ្តីដែលមានផ្ទៃពោះផងដែរ។