កុំចេះតែចង់ផ្គើន! មេដឹកនាំសហជីពកូរ៉េខាងត្បូងម្នាក់ ត្រូវតុលាការកាត់ឱ្យជាប់ឃុំឃាំង១ឆ្នាំ តែត្រូវព្យួរទោស ដោយសារដឹកនាំបាតុកម្មខុសច្បាប់ មិនស្តាប់អាជ្ញាធរ ពេលអនុវត្តគម្លាតសង្គមកន្លងមក …

កូរ៉េខាងត្បូង៖ មេដឹកនាំបាតុកម្មនៃក្រុមសហជីពធំមួយនៅកូរ៉េខាងត្បូង ត្រូវបានតុលាការកូរ៉េខាងត្បូងសម្រេចកាត់ទោសឱ្យជាប់ឃុំឃាំងរយៈពេល១ឆ្នាំ តែត្រូវអនុវត្តការព្យួរទោសរយៈពេល២ឆ្នាំ ពាក់ព័ន្ធទៅនឹងការដឹកនាំបាតុកម្មខុសច្បាប់កន្លងមកក្នុងពេលដែលស្ថានការណ៍កូវីដកំពុងតែវាយលុកខ្លាំង នេះបើតាមការសម្រេចរបស់តុលាការកូរ៉េកាលពីថ្ងៃព្រហស្បតិ៍នេះ។

ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News បានឱ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ តុលាការក្រុងសេអ៊ូលបានចេញសាលក្រមដោយតម្រូវឱ្យមេដឹកនាំសហជីពដ៏ធំមួយនៅកូរ៉េខាងត្បូង ឈ្មោះ យ៉ាង ឃ្យ៉ុងសូ ឱ្យជាប់រងការពិន័យចំនួន៣លានវ៉ុន (ប្រមាណជាង២៥០០ដុល្លារ) និងជាប់ឃុំឃាំងរយៈពេល១ឆ្នាំ តែត្រូវអនុវត្តការព្យួរទោសរយៈពេល២ឆ្នាំ។

មេដឹកនាំសហជីពដ៏ធំនេះ គឺត្រូវបានឃាត់ខ្លួន និងនាំខ្លួនឡើងតុលាការកាលពីខែកញ្ញាកន្លងទៅនេះ ក្រោយពីរងការចោទប្រកាន់ថាបានបំពានទៅនឹងច្បាប់គ្រប់គ្រងការជួបជុំ និងបាតុកម្ម និងច្បាប់ពិសេសប្រឆាំង និងបង្ការជំងឺឆ្លង ហើយនឹងការបង្កឱ្យមានការកកស្ទះចរាចរណ៍សាធារណៈ។

សូមបញ្ជាក់ មេដឹកនាំសហជីពរូបនេះកន្លងមកបានដឹកនាំបាតុកម្ម ការតវ៉ាសាធារណៈជាច្រើនលើកច្រើនសានៅក្នុងទីក្រុងសេអ៊ូលដោយមិនមានការអនុញ្ញាតពីអាជ្ញាធរ ចន្លោះពីខែឧសភាពដល់ខែកក្កដា ដែលខណៈពេលដែលរៀបចំ ទីក្រុងសេអ៊ូលកំពុងតែស្ថិតក្រោមការអនុវត្តគម្លាតសង្គមពិសេសការពារកូវីដ ដែលហាមដាច់ខាតមិនឱ្យមានការរៀបចំជួបជុំតវ៉ាជាសាធារណៈនានា លើកលែងតែការរៀបចំដោយមានការអនុញ្ញាត។

ចំពោះការចោទប្រកាន់ទាំងនេះ ជនជាប់ចោទរូបនេះបានទទួលស្គាល់កំហុសរបស់ខ្លួនទាំងស្រុង តែបានស្នើការសម្រេចយោគយល់ពីតុលាការដោយសារតែខ្លួននៅពេលដែលរៀបចំបាតុកម្មនោះ គឺដោយសារយល់ឃើញលើមូលដ្ឋានការហាមឃាត់មិនឱ្យជួបជុំគឺប៉ះពាល់ទៅនឹងសិទ្ធិសេរីភាពក្នុងការប្រមូលផ្តុំ។

តែយ៉ាងណាក៏ដោយ តុលាការបានសម្រេចចោទប្រកាន់ជនរូបនេះគ្រប់បទចោទ ដោយលើកឡើងថាជនជាប់ចោទមានកាតព្វកិច្ចត្រូវអនុវត្តទៅតាមវិធានការដាក់ចេញដោយរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក្នុងខណៈពេលដែលស្ថានការណ៍ជីវិតរបស់ប្រជាពលរដ្ឋគ្រប់រូបសុទ្ធតែត្រូវប៉ះពាល់ដោយគម្លាតសង្គម ដើម្បីតែគោលបំណងរួមដើម្បីអាចកាត់ផ្តាច់ខ្សែចម្លងនៃជំងឺឱ្យបាននេះ។

តែក្នុងនោះដែរ តុលាការកូរ៉េក៏បានលើកឡើងថា សម្រេចអនុវត្តការព្យួរទោសសម្រាប់ករណីមេសហជីពរូបនេះ ដោយសារយោគយល់ថាមិនមានការករណីកូវីដ-១៩ណាមួយរកឃើញថាបានឆ្លងចេញពីព្រឹត្តិការណ៍ជួបជុំបាតុកម្មដែលបានរៀបចំខុសច្បាប់នោះទេ ក៏ដូចជាយោគយល់ចំពោះការយល់ព្រមទទួលស្គាល់កំហុសនេះ។

សូមបញ្ជាក់ មេដឹកនាំសហជីពរូបនេះត្រូវបានឃុំខ្លួនកន្លងមករយៈពេល៨៤ថ្ងៃរួចមកហើយ មុននឹងដល់ថ្ងៃប្រកាសសាលក្រមនេះ ដែលត្រូវចាប់ផ្តើមអនុវត្តការព្យួរទោសនៅក្រៅឃុំរយៈពេល២ឆ្នាំ។

 

Leave a Reply

Your email address will not be published. Required fields are marked *