ប្រយ័ត្នមែនទែន កូវីដផ្ទុះខ្លាំងនៅសេអ៊ូល! ថ្ងៃនេះ ក្រុងសេអ៊ូលតែឯង បំបែកតួលេខករណីឆ្លងកូវីដច្រើនបំផុតទៀតហើយ ចាប់តាំងពីអនុវត្តប្រក្រតីភាពថ្មីមក

កូរ៉េខាងត្បូង៖ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ក្រុងសេអ៊ូលនៅកូរ៉េខាងត្បូងបានបំបែកកំណត់ត្រាថ្មីរកឃើញមានករណីឆ្លងកូវីដ-១៩ថ្មីច្រើនបំផុតដល់ទៅ ១៧៦០ករណី ជាករណីឆ្លងច្រើនជាងគេបង្អស់ហើយក្នុងរយៈពេលជាង២ឆ្នាំចុងក្រោយនេះ បើតាមការប្រកាសរបស់មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងកូរ៉េខាងត្បូងនៅថ្ងៃនេះ។

ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News ជាតួលេខសរុបនៅថ្ងៃព្រហស្បតិ៍នេះករណីឆ្លងនៅសេអ៊ូលមានដល់ ១៧៦០ករណី កើនឡើងលើសពីថ្ងៃម្សិលមិញចំនួន២៥ករណី ហើយបើធៀបទៅនឹងតួលេខខ្ពស់បំផុតកាលពីសប្តាហ៍មុននៅសេអ៊ូលមានត្រឹមតែ ១៤២៩ករណីប៉ុណ្ណោះ។

គេសង្កេតឃើញប្រជុំជននៅក្រុងសេអ៊ូលក្លាយជាចំណុចក្តៅជាងគេនៃករណីផ្ទុះឆ្លងកូវីដកាន់តែច្រើនឡើងៗ ដោយតួលេខគឺកើនឡើងខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ មិនទាន់មានសញ្ញាថមថយនោះទេ ចាប់តាំងពីចូលខែវិច្ឆិកាដែលគេចាប់ផ្តើមអនុវត្តគន្លងប្រក្រតីភាពថ្មី រស់នៅជាមួយនឹងជំងឺកូវីដ-១៩ នេះមក។

កាលពីក្នុងខែតុលាកន្លងមក តួលេខនៃករណីឆ្លងនៅសេអ៊ូលមានត្រឹមតែ៣ខ្ទង់គឺក្រោម១០០០ករណី តែក្រោយពីចាប់ផ្តើមចូលដល់ខែតុលា ករណីឆ្លងថ្មីនៅសេអ៊ូលចាប់ផ្តើមកើនឡើងពី១០០០ករណីសឹងតែរៀងរាល់ថ្ងៃ ហើយតែងតែបំបែកកំណត់ត្រាតួលេខឆ្លងថ្មីរហូតដល់ថ្ងៃនេះ កើនដល់ទៅដល់១៧៦០ករណីទៅហើយ។ បើគិតពីតួលេខសរុបនៅក្នុងក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង តួលេខឆ្លងកូវីដកើនដល់ ១៤៦៤០៦ករណីហើយ ត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ ខណៈដែលករណីបាត់បង់ជីវិតនៅសេអ៊ូលមានដល់ ១០០៤ ករណីផងដែរ។

សូមបញ្ជាក់ថា នៅថ្ងៃនេះដែរ​ ប្រទេសកូរ៉េខាងត្បូងរកឃើញករណីឆ្លងកូវីដថ្មីដល់ទៅ ៣៩៣៨ករណីហើយ ក្រោយពីថ្ងៃពុធម្សិលមិញនេះ បានរកឃើញតួលេខឆ្លងកូវីដទូទាំងប្រទេសកើនដល់ទៅ ៤១១៥ ករណី ជាតួលេខកំណត់ត្រាខ្ពស់ជាងគេបង្អស់នៅក្នុងប្រទេសកូរ៉េខាងត្បូង។

Leave a Reply

Your email address will not be published. Required fields are marked *