មិនគួរឱ្យជឿ! បុរសជាឪពុក វិនិយោគលើគ្រីបតូជំពាក់បំណុលវ័ណ្ឌកអស់ជាង២ឆ្នាំ ត្រូវមកធ្លាក់ខ្លួននឹងបញ្ហាកូវីដទៀត ក៏សម្រេចចិត្តសម្លាប់កូនខ្លួនឯងអាយុទើប៣ឆ្នាំ ឥឡូវនេះត្រូវជាប់ទោស ១៣ឆ្នាំ

កូរ៉េខាងត្បូង៖ បុរសជនជាតិកូរ៉េខាងត្បូងម្នាក់ត្រូវបានតុលាការកូរ៉េសម្រេចកាត់ទោសជាប់ឃុំឃាំងដល់ទៅ១៣ឆ្នាំ ករណីដែលបុរសជាជនល្មើសនេះដាច់ចិត្តសម្លាប់កូនស្រីខ្លួនឯងអាយុត្រឹមតែ៣ឆ្នាំ ក្រោយពីធ្លាក់ខ្លួនជាប់បំណុលវ័ន្តកខណៈអំឡុងពេលស្ថានការណ៍កូវីដធ្ងន់ធ្ងរកន្លងមកនោះ។

ចុះផ្សាយក្នុងសារព័ត៌មាន Naver News របស់កូរ៉េខាងត្បូងនៅថ្ងៃនេះបានឱ្យដឹងថា នៅថ្ងៃអាទិត្យនេះ តុលាការកូរ៉េខាងត្បូងនៅស៊ូវ៉ុន បានធ្វើការកាត់ទោសទៅលើជនល្មើសជាឪពុកដែលមានអាយុ២៨ឆ្នាំ ដែលគេស្គាល់ឈ្មោះថា អេ នេះពីបទមនុស្សឃាត ឱ្យជាប់ឃុំឃាំងរយៈពេល១៣ឆ្នាំ និងត្រូវជាប់២ឆ្នាំទៀតក្រោមការឃ្លាំមើលរបស់សមត្ថកិច្ចក្រោយអនុវត្តទោសរួចរាល់។

តាមការប្រកាសនេះ បានឱ្យដឹងថាជនល្មើសនេះបានចាក់កូនរបស់ខ្លួនអាយុ៣ឆ្នាំ រហូតដល់បាត់បង់ជីវិត ខណៈដែលកូនរូបនោះកំពុងដេកនៅក្នុងផ្ទះខ្លួននៅស៊ូវ៉ុន ខេត្តឃ្យ៉ុងគីដូ កាលពីថ្ងៃទី១៥ ខែសីហានេះ ម៉ោងប្រហែល៤រសៀល។

ក្រោយពីបានបង្កករណីនេះហើយ ជនល្មើសប្រុងនឹងបញ្ចប់ជីវិតខ្លួនឯង តែត្រូវបានគេជួយសង្គ្រោះទាន់ ដោយត្រូវបញ្ជូនចូលដល់បន្ទប់វះកាត់ដោយធ្វើការកាត់ផ្នែកនៃសួតរបស់ខ្លួន ដើម្បីអាចសង្គ្រោះជីវិតបាន។

សូមបញ្ជាក់ថា ជាសាវតាជនល្មើសរូបនេះតាំងពីខែសីហា ឆ្នាំ២០១៨កន្លងមក នៅពេលដែលកូនស្រីទើបនឹងកើតនោះ គឺបានជាប់ជំពាក់បំណុលវ័ណ្ឌកដល់ទៅ៤០លានវ៉ុនឯណោះ ដោយសារតែការវិនិយោគទៅលើលុយឌីជីថល (Cryptocurrnecy) ហើយក្រោយមកនៅខែសីហាឆ្នាំមុននេះ បុរសរូបនេះបានលែងលះប្រពន្ធខ្លួន ហើយបានទទួលចិញ្ចឹមកូនដោយឱ្យម្តាយខ្លួនជួយមើលថែ។

តែជាអកុសលជាមួយនឹងស្ថានការណ៍នៃជំងឺកូវីដ-១៩ ចាប់ផ្តើមវាយលុកមកនោះ បុរសរូបនេះត្រូវកាត់បន្ថយប្រាក់ចំណូលថែមទៀតដោយសារតែក្រុមហ៊ុនរបស់ខ្លួនត្រូវកាត់បន្ថយម៉ោងការងារ ដោយសារស្ថានការណ៍កូវីដនេះ។ ដូចនេះហើយទើបដល់ថ្ងៃកើតហេតុ ជំរុញចិត្តឱ្យជនល្មើសហ៊ានប្រព្រឹត្តករណីបែបនេះឡើង គឺនៅពេលដែលម្តាយរបស់ខ្លួនបានចេញទៅក្រៅមិននៅផ្ទះ។

តុលាការបានបកស្រាយសាលដីកា ចំពោះករណីនេះ ជនល្មើសបានបញ្ចប់ជីវិតជនរងគ្រោះទាំងវ័យក្មេងដែលមិនមានកំហុសអ្វី ហើយជាការសម្រេចរបស់ជនល្មើសតែឯងថាជីវិតកូនខ្លួនមិនមានភាពសប្បាយរីករាយ។ ជាមួយនឹងហេតុផលនេះហើយ ទើបនាំឱ្យតុលាការឈានដល់ការសម្រេចបែបនេះ។

Leave a Reply

Your email address will not be published. Required fields are marked *