កូរ៉េខាងត្បូង៖ នៅថ្ងៃសៅរ៍នេះ នៅតាមប្រជុំជនធំៗនៅកូរ៉េខាងត្បូង ត្រូវហ៊ុំព័ទ្ធដោយកំទេចធូលីពាសពេញផ្ទៃមេឃ ដែលនាំឱ្យអាជ្ញាធរមូលដ្ឋាននានាចេញសេចក្តីណែនាំជាបន្តបន្ទាប់ជំរុញឱ្យប្រជាជននៅខាងក្នុងផ្ទះ ដើម្បីការពារពីការបំពុលបរិស្ថាននេះ បើតាមការចុះផ្សាយក្នុងសារព័ត៌មាន Korea Times នៅថ្ងៃនេះ។
ចុះផ្សាយក្នុងព័ត៌មាននេះបានឱ្យដឹងថា គិតត្រឹមថ្ងៃត្រង់ថ្ងៃសៅរ៍នេះ កម្រិតនៃធូលីនៅក្នុងបរិយាកាស ដែលជាភាសាបច្ចេកទេសគេហៅថា សារធាតុ PM2.5 គឺឈានដល់កម្រិតមួយដែលអាជ្ញាធរកំណត់ថាជាកម្រិតអាក្រក់ហើយ សម្រាប់ទីក្រុងធំៗដូចជាសេអ៊ូល អ៊ីនឆន់ ខេត្តឃ្យ៉ុងគី និងឈុងណាម នេះបើតាមទិន្នន័យបញ្ចេញដោយអាជ្ញាធរបរិស្ថាននៅកូរ៉េខាងត្បូងផ្ទាល់។
នៅតំបន់ផ្សេងទៀតនៃប្រទេសកូរ៉េខាងត្បូង លើកលែងខេត្តខ្វាងជូ និងឈុនណាម កម្រិតសារធាតុធូលីបំពុលមួយប្រភេទទៀតហៅថា សារធាតុ PM10 ក្នុងបរិយាកាសក៏កើនដល់កម្រិត «អាក្រក់» នេះផងដែរ។
សារធាតុធូលីបំពុល PM2.5 និង PM10 នេះ គឺគេសំដៅសារធាតុភាគល្អិតដែលមានអង្កត់ផ្ចិតតូចជាង២.៥មីក្រូម៉ែត្រ និងតូចជាង១០មីក្រូម៉ែត្រ ហើយពពួកសារធាតុអស់នេះ អាជ្ញាធរបរិស្ថានកូរ៉េខាងត្បូងធ្វើការកំណត់ និងចាត់ថ្នាក់នៃការបំពុលទៅតាមប្រភេទចំណាត់ថ្នាក់ស្ថានភាពដូចជា «ល្អ» «មធ្យម» «អាក្រក់» និង «អាក្រក់ខ្លាំង»។
បើតាមការបញ្ជាក់របស់អាជ្ញាធរ កម្រិតសារធាតុធូលីក្នុងបរិយាកាសកើនឡើងខ្លាំងនេះ គឺដោយសារមានប្រភពពីប្រទេសចិន ដែលបានចាប់ផ្តើមហុយមកដល់បរិយាកាសនៅលើឧបទ្វីបកូរ៉េខាងត្បូងតាំងពីយប់ថ្ងៃព្រហស្បតិ៍កន្លងមកនេះ ហើយស្ថានភាពដែលធ្វើឱ្យមានកម្រិតនេះកើនឡើងខ្លាំងក៏ដោយសារតែ ស្ថានភាពបរិយាកាសស្ងប់ខ្យល់ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះផងដែរ។
ចំពោះអត្រានៃសារធាតុធូលីខ្ពស់ក្នុងបរិយាកាសនេះ កាលពីថ្ងៃសុក្រល្ងាចម្សិលមិញ អាជ្ញាធរបានចេញសេចក្តីជូនដំណឹងពីកម្រិតធូលីខ្ពស់ក្នុងបរិយាកាសនេះសម្រាប់អ្នកនៅសេអ៊ូល និងខេត្តឃ្យ៉ុងគី ជាលើកដំបូងបង្អស់ក្នុងរយៈពេលជាង៦ខែមកនេះ។ តំបន់ដទៃទៀតដែលកំពុងតែប៉ះពាល់ដែរនោះ បានទទួលការជូនដំណឹងពីអាជ្ញាធរមូលដ្ឋានជាផ្លូវការនៅថ្ងៃសៅរ៍នេះផងដែរ។
ជាទូទៅ អាជ្ញាធរចេញសេចក្តីជូនដំណឹងពីកម្រិតសារធាតុធូលីខ្ពស់ក្នុងបរិយាកាសនេះនៅពេលដែលកម្រិតសារធាតុ PM2.5 កើនលើសពី ៧៥មីក្រូក្រាមក្នុងមួយម៉ែត្រគូប សម្រាប់រយៈពេល២ម៉ោងជាប់គ្នា។ ហើសម្រាប់សារធាតុ PM10 វិញ ចេញសេចក្តីជូនដំណឹងនៅពេលដែលសារធាតុនេះកើនឡើងដល់លើសពី ១៥០មីក្រូក្រាមក្នុងមួយមែ៉ត្រគូប សម្រាប់រយៈពេល២ម៉ោងជាប់គ្នា។
កម្រិតសារធាតុធូលីខ្ពស់ក្នុងបរិយាកាសនេះអាចនឹងបន្តរហូតដល់រសៀលថ្ងៃអាទិត្យស្អែក មុននឹងអាចមានធ្លាក់ភ្លៀង និងខ្យល់ខ្លាំងដែលអាចបន្ថយកម្រិតសារធាតុធូលីនេះមកកម្រិតទាបវិញនៅយប់ថ្ងៃអាទិត្យ។