កូរ៉េខាងត្បូង៖ ក្រោយពីការប្រឡងត្រៀមខ្លួនចូលសកលវិទ្យាល័យនៅកូរ៉េខាងត្បូងបានបញ្ចប់កាលពីថ្ងៃម្សិលមិញ រដ្ឋមន្ត្រីអប់រំកូរ៉េខាងត្បូងបានចេញមកប្រកាសជាផ្លូវការថា ចាប់ពីសប្តាហ៍ក្រោយនេះទៅ ការចូលរៀនផ្ទាល់ក្នុងថ្នាក់រៀនវិញនឹងចាប់ផ្តើមទាំងស្រុងវិញហើយ នេះបើតាមការចុះផ្សាយក្នុងសារព័ត៌មាន Yonhap News នៅថ្ងៃសុក្រនេះ។
តាមការចុះផ្សាយនេះបានឱ្យដឹងថា ស្របទៅនឹងផែនការរដ្ឋាភិបាលកូរ៉េខាងត្បូងដែលបានដាក់ចេញ ប្រក្រតីភាពថ្មី «រស់នៅជាមួយនឹងកូវីដ» នេះ មានន័យថារាល់សាលារៀនទាំងអស់រាប់ពីសាលាមត្តេយ្យ សាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យនៅទូទាំងប្រទេសកូរ៉េខាងត្បូង នឹងត្រូវត្រឡប់មករៀនផ្ទាល់ក្នុងថ្នាក់ទាំងស្រុងវិញហើយ ចាប់ពីថ្ងៃចន្ទខាងមុខ គឺសប្តាហ៍ក្រោយនេះទៅ ជាការចូលរួមក្នុងថ្នាក់វិញទាំងស្រុងលើកដំបូងបង្អស់ក្នុងរយៈពេលជាង២ឆ្នាំនៃស្ថានការណ៍កូវីដ-១៩នេះ។
សូមបញ្ជាក់ផងដែរថា តាំងពីដើមខែវិច្ឆិកានេះមក រដ្ឋាភិបាលកូរ៉េបានធ្វើការបន្ធូរបន្ថយគម្លាតសង្គមក្នុងដំណាក់កាលទី១សិន នៃប្រក្រតីភាពថ្មី សម្រាប់ប្រជាជនកូរ៉េខាងត្បូងអាចត្រឡប់មកជីវិតធម្មតាវិញបាន តែសម្រាប់អាជ្ញាធរអប់រំកូរ៉េខាងត្បូងវិញកាលពីពេលនោះបានផ្អាកសិននូវការចូលរៀនក្នុងថ្នាក់វិញទាំងស្រុង ដើម្បីរង់ចាំដល់ពេលដែលប្រឡងចូលសកលវិទ្យាល័យបិទបញ្ចប់សិន ដែលការប្រឡងថ្នាក់ជាតិដើម្បីចូលរៀននៅសកលវិទ្យាល័យនេះ បានរៀបចំឡើងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។
ការប្រឡងថ្នាក់ជាតិដើម្បីត្រៀមចូលសកលវិទ្យាល័យនៅកូរ៉េខាងត្បូងនេះ ជាព្រឹត្តិការណ៍ប្រឡងវិស័យអប់រំថ្នាក់ជាតិធំជាងគេបង្អស់ហើយនៅក្នុងប្រទេស ហើយកាលពីឆ្នាំមុននេះ ក៏ត្រូវរំខាងខ្លាំងផងដែរពីស្ថានការណ៍កូវីដ។ ជាទូទៅការប្រឡងនេះធ្វើឡើងនៅថ្ងៃព្រហស្បតិ៍សប្តាហ៍ទី៣ នៃខែវិច្ឆិកា តែឆ្នាំ២០២០កន្លងទៅ ការប្រឡងនេះត្រូវបានពន្យារពេលដល់ទៅ២សប្តាហ៍។
ក្រសួងអប់រំបានលើកឡើងថា នឹងផ្តល់ជាជំនួយឧបត្ថម្ភដល់មន្ត្រីអប់រំ និងហិរញ្ញវត្ថុនានាសម្រាប់វិធានការការពារ និងប្រឆាំងការឆ្លងកូវីដនៅតាមសាលារៀនទាំងអស់ជាពិសេសនៅតំបន់សេអ៊ូល ខេត្តឃ្យ៉ុងគី និងក្រុងអ៊ីនឆន់ ដែលស្ថានការណ៍ឆ្លងនៅតែមានភាពធ្ងន់ធ្ងរ។
សូមបញ្ជាក់ថា នៅថ្ងៃសុក្រនេះស្ថានការណ៍ឆ្លងកូវីដនៅក្នុងប្រទេសកូរ៉េខាងត្បូងកើនដល់ ៣ពាន់ករណីលើស រយៈពេល៣ថ្ងៃជាប់គ្នាហើយ ខណៈដែលតំបន់ប្រជុំជនធំៗនៅម្តុំសេអ៊ូលនេះមានករណីឆ្លងសរុបដល់ទៅ ៨០.៣% នៃករណីឆ្លងកូវីដថ្មីទូទាំងប្រទេសទាំងអស់។
ការិយាល័យអប់រំតាមតំបន់នានាក៏បានដាក់ចេញវិធានការអនុញ្ញាតឱ្យសាលារៀននីមួយៗអាចធ្វើការបន្ធូរបន្ថយវិធានការកត់វត្តមាន និងចំនួនសិស្សរៀនក្នុងថ្នាក់នីមួយៗផងដែរ ហើយរដ្ឋមន្ត្រីអប់រំបានលើកឡើងថារដ្ឋាភិបាលកូរ៉េនឹងស្វះស្វែងរកវិធានការសមស្របណាមួយ ដើម្បីជំរុញឱ្យសិស្សទាំងអស់កាន់តែច្រើនទៀតបានទៅចាក់វ៉ាក់សាំងកាន់តែច្រើន។
គេសង្កេតឃើញថាករណីឆ្លងកូវីដក្នុងចំណោមយុវជនជំទង់មានការកើនឡើងផងដែរ ខណៈដែលតួលេខនៃការចាក់វ៉ាក់សាំងនៅមានកម្រិតទាប ធៀបទៅនឹងកម្រិតក្រុមអាយុដទៃទៀត។