កូរ៉េខាងត្បូង៖ គេសង្កេតឃើញថាសកម្មភាពឆបោកលុយកាក់នៅកូរ៉េខាងត្បូងកំពុងតែកើនសកម្មភាពកាន់តែខ្លាំងឡើង និងហ៊ានជាងមុន ខណៈពួកឆបោកមួយចំនួនធំឥឡូវនេះសឹងតែចង់ជួបជាមួយនឹងជនរងគ្រោះផ្ទាល់តែម្តង ដើម្បីឆបោកលុយកាក់ជាដើម នេះបើតាមការបញ្ជាក់របស់ស្ថាប័នប៉ូលិសកូរ៉េនៅថ្ងៃពុធម្សិលមិញនេះ។
ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News បានឱ្យដឹងថា ស្ថាប័នប៉ូលិសកូរ៉េបាននិយាយក្រោមបេសកកម្មបង្ក្រាបទៅលើសកម្មភាពឆបោកកន្លងមកនេះ ក្នុងរយៈពេល៨ខែ នៅឆ្នាំនេះ ចន្លោះពីខែកុម្ភៈដល់ខែមិថុនា និងចន្លោះពីខែសីហា ដល់ខែតុលានេះ គេរកឃើញមានករណីឆបោកនេះកើតឡើងដល់ទៅ ១៩,៦៣៦ករណី ក្នុងនោះមានដល់ទៅជនសង្ស័យចំនួន ១៨៤៥ នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន។
ក្នុងចំណោមបទល្មើសឆបោកតាមប្រព័ន្ធទូរស័ព្ទដែលគេចាប់បានកន្លងមកគិតត្រឹមខែតុលានេះ ចំនួននៃករណីឆបោកឱ្យវេរលុយពីជនរងគ្រោះទៅពួកខិលខូច ដោយវេរចេញពីគណនីធនាគារជនរងគ្រោះ មានដល់ ៣០៧៨ករណី ចុះប្រមាណជាង៦៩% ពីរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
តែចំណែកបទឧក្រឹដ្ឋប្រភេទជួបមុខគ្នាផ្ទាល់នេះវិញ កំពុងតែកើនឡើងខ្លាំងរហូតដល់៧៧% ពីរយៈពេលដូចគ្នាកាលពីឆ្នាំមុន មានដល់ទៅ១៩៦៣០ករណីហើយ។ ប្រភេទបទឧក្រឹដ្ឋប្រភេទជួបមុខគ្នាផ្ទាល់នេះ (Face-to-face phishing) នេះជារួមគឺសំដៅដល់ប្រភេទឆបោកដោយជនល្មើសបន្លំខ្លួនជាបុគ្គលិកស្ថាប័នហិរញ្ញវត្ថុដូចជាធនាគារ ហើយបានមកជួបជនរងគ្រោះដោយផ្ទាល់ និងបោកប្រាស់ជនរងគ្រោះឱ្យធ្វើការសងប្រាក់កម្ចីធនាគារដែលជនរងគ្រោះជំពាក់ធនាគារនោះ ឬបន្លំធ្វើជាអ្នកសើបអង្កេត ហើយមកជំរិតទារប្រាក់ជនរងគ្រោះនៅនឹងទីតាំងផ្ទាល់តែម្តង។
ស្ថាប័នសមត្ថកិច្ចកូរ៉េលើកឡើងថា ជាមួយនឹងការកើនឡើងសកម្មភាពបទល្មើសបែបនេះ សមត្ថកិច្ចក៏នឹងធ្វើការដុតដៃដុតជើងដើម្បីស៊ើបអង្កេត និងឃាត់ខ្លួនពួកទំនើងដែលបង្កសកម្មភាពទាំងនេះផងដែរ។ ជាក់ស្តែងក្នុងឆ្នាំនេះ គេឃាត់ខ្លួនបានពួកជនសង្ស័យជាក្រុមទំនើងជនពាលចំនួន ១៤,៩៨០នាក់ហើយ គឺកើនឡើងដល់ទៅ២៦.២% ធៀបនឹងឆ្នាំមុន។