កូរ៉េខាងត្បូង៖ រដ្ឋាភិបាល និងអាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងនឹងចាប់ផ្តើមកាត់បន្ថយរយៈពេលគម្លាតរវាងការចាក់វ៉ាក់សាំងកូវីដដូសធម្មតា និងវ៉ាក់សាំងកូវីដដូសបន្ថែម សម្រាប់ប្រជាជនងាយរងគ្រោះ និងវ័យចំណាស់ ជាវិធានការសុខាភិបាលថ្មីចុងក្រោយ បើតាមការបញ្ជាក់របស់អាជ្ញាធរសុខាភិបាលនៅថ្ងៃពុធម្សិលមិញនេះ។
ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News បានឱ្យដឹងថា សម្រាប់ការអនុវត្តថ្មីនេះ ចន្លោះគម្លាតដែលគេអាចចាក់វ៉ាក់សាំងដូសបន្ថែម ពីលើវ៉ាក់សាំងដូសធម្មតា សម្រាប់អ្នកដែលមានអាយុលើសពី៦០ឆ្នាំឡើងទៅនោះ គឺនឹងត្រូវកាត់បន្ថយមកនៅត្រឹមតែ៤ខែប៉ុណ្ណោះ មានន័យថាអ្នកចាក់វ៉ាក់សាំងកូវីដបានពេញលេញបានរយៈពេល៤ខែក្រោយមក នឹងអាចចាក់វ៉ាក់សាំងកូវីដដូសបន្ថែមបាន។
សម្រាប់បុគ្គលិកសុខាភិបាល និងបុគ្គលិកធ្វើការនៅតាមស្ថាប័ន ទីតាំងដែលមានហានិភ័យឆ្លងមេរោគខ្ពស់ដូចជាបន្ទប់ព្យាបាលជំងឺ ក៏នឹងត្រូវកាត់បន្ថយមកនៅត្រឹមតែរយៈពេល៤ខែដូចគ្នាដែរ ហើយចំណែកឯទាហាន មន្ត្រីប៉ូលិស និងអ្នកពន្លត់អគ្គិភ័យ នឹងអាចចាក់វ៉ាក់សាំងកូវីដដូសបន្ថែមបាន នៅរយៈពេល៥ខែបន្ទាប់ពីបានចាក់វ៉ាក់សាំងកូវីដធម្មតាពេញលេញរួច។ ការសម្រេចសុខាភិបាលថ្មីនេះ នឹងចាប់ផ្តើមអនុវត្តភ្លាមៗពីថ្ងៃពុធនេះទៅតែម្តង។
សូមបញ្ជាក់ថា វ៉ាក់សាំងកូវីដដូសបន្ថែមនេះ គេសំដៅដល់វ៉ាក់សាំងកូវីដមួយដូស ដែលគេចាក់ជូនដល់អ្នកដែលបានចាក់វ៉ាក់សាំងកូវីដរួចរាល់ ដើម្បីបង្កើនប្រសិទ្ធិភាពវ៉ាក់សាំង ដែលអាចនឹងថយចុះក្រោយរយៈពេលប៉ុន្មានខែក្រោយពីចាក់ហើយនោះ។សម្រាប់ការអនុវត្តមុននឹងចេញសេចក្តីសម្រេចថ្មីនេះ គេអាចចាក់វ៉ាក់សាំងកូវីដដូសបន្ថែមបាន ទាមទារចន្លោះពេលគម្លាតដល់ទៅ៦ខែ។
លោកនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង គីម បូឃ្យ៉ុម បាននិយាយថាយ៉ាងហោចណាស់មនុស្សដល់ទៅ ១៣.៧៨លាននាក់ នឹងអាចបានទទួលចាក់វ៉ាក់សាំងកូវីដដូសបន្ថែមនេះត្រឹមចុងឆ្នាំ២០២១នេះ ដែលផែនការនេះគឺលើសពីការគ្រោងទុកដំបូងដល់ទៅទ្វេដងឯណោះ។ លោកនាយករដ្ឋមន្ត្រីបាននិយាយថា ដោយរំលេចឡើងថា បច្ចុប្បន្ននេះចំនួនករណីកូវីដ-១៩ ដែលឈឺធ្ងន់ធ្ងរមានលើសពីជាង៥០០ករណី ដូចនេះយើងត្រូវតែការពារប្រជាជនវ័យចំណាស់ពីហានិភ័យនៃការឆ្លងកូវីដ-១៩នេះ។
សូមបញ្ជាក់ថា ថ្មីនេះចំនួនមនុស្សដែលមានអាយុលើសពី៦០ឆ្នាំមានដល់ទៅ៨២%នៃចំនួនករណីឆ្លងកូវីដធ្ងន់ធ្ងរសរុប និងមានដល់ទៅ៩៧%នៃករណីបាត់បង់ជីវិតដោយសារកូវីដថ្មីៗចុងក្រោយនេះ។ ក្នុងនោះដែរ អាជ្ញាធរសុខាភិបាលក៏បានលើកឡើងដែរថា សប្តាហ៍មុននេះករណីឆ្លងកូវីដក្នុងចំណោមអ្នកចាក់វ៉ាក់សាំងកូវីដរួចមានដល់ទៅ៥៦% នៃករណីឆ្លងសរុបឯណោះ ក្នុងប៉ុន្មានថ្ងៃដើមសប្តាហ៍នៃការចាប់ផ្តើមអនុវត្តដំណាក់កាលប្រក្រតីភាពថ្មីនេះ។
បញ្ជាក់ផងដែរថា នៅថ្ងៃពុធម្សិលមិញនេះ តួលេខនៃករណីឆ្លងកូវីដថ្មីមានដល់ទៅ៣១៨៧ករណី ជាតួលេខខ្ពស់ជាងគេទី២ហើយ ក្នុងប្រវត្តិនៃស្ថានការណ៍កូវីដនៅកូរ៉េខាងត្បូង ខណៈដែលតួលេខអ្នកដែលឆ្លងឈឺធ្ងន់មានដល់ទៅ៥២២នាក់ ដែលជាករណីខ្ពស់ជាងគេផងដែរ ដែលនេះកំពុងបង្កជាហានិភ័យប្រឈមខ្លាំងសម្រាប់ស្ថានការណ៍គ្រែពេទ្យសម្រាប់ប្រើប្រាស់ផងដែរ។
ជាមួយគ្នានោះដែរ រដ្ឋាភិបាលកូរ៉េខាងត្បូងប្រកាសថានឹងបិទបញ្ចប់ការចាក់វ៉ាក់សាំងកូវីដប្រភេទ AstraZeneca នៅត្រឹមចុងឆ្នាំ២០២១នេះហើយ ដោយសារតែស្ថានភាពផ្គត់ផ្គង់វ៉ាក់សាំងក្នុងប្រទេស ហើយមិនសូវមានតម្រូវការ និងលក្ខខណ្ឌមនុស្សដែលសមស្របអាចចាក់បានក៏មានកាន់តែតិចដែរនោះ។