សល់ប៉ុន្មានសប្តាហ៍ទៀត ក្មេងៗចូលរៀនផ្ទាល់ទាំងស្រុងនៅកូរ៉េខាងត្បូង តែម្តាយឪពុកក្មេងៗ នៅស្ទាក់ស្ទើរមិនទាន់ហ៊ានយកកូនទៅចាក់វ៉ាក់សាំងច្រើន ដោយសារតែបញ្ហាធំ២នេះ

កូរ៉េខាងត្បូង៖ ខណៈដែលសាលារៀននៅកូរ៉េខាងត្បូងគ្រោងនឹងចាប់ផ្តើមចូលរៀនពេញលេញវិញនៅចុងខែវិច្ឆិកានេះ ឪពុកម្តាយនៅកូរ៉េខាងត្បូងកំពុងពិបាកសម្រេចចិត្តថាតើគួរអនុញ្ញាតឱ្យកូនតូចៗរបស់ខ្លួនទៅចាក់វ៉ាក់សាំងកូវីដ ឬក៏អត់ នេះបើតាមការចុះផ្សាយក្នុងសារព័ត៌មាន Korea Times។

ចុះផ្សាយក្នុងព័ត៌មាននេះបានឱ្យដឹងថា ម្តាយឪពុកនៅកូរ៉េខាងត្បូងកំពុងមានការស្ទាក់ស្ទើរបារម្ភពីហានិភ័យនៃផលប៉ះពាល់ានានាអាចបណ្តាលមកពីការចាក់វ៉ាក់សាំង ខណៈដែលអាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងប្រកាសជំរុញឱ្យឪពុកម្តាយនាំកូនតូចៗទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា។ ការស្ទាក់ស្ទើរនេះ គួបផ្សំជាមួយនឹងគោលជំហរអាជ្ញាធរអប់រំ ដែលចេញការណែនាំថា មិនមានការតម្រូវចាំបាច់ឱ្យកុមារត្រូវតែចាក់វ៉ាក់សាំងនោះទេ គឺការសម្រេចចិត្តស្ថិតក្រោមអាណាព្យាបាលនីមួយៗរៀងខ្លួន។

បើតាមការបញ្ជាក់របស់មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងកូរ៉េខាងត្បូង (KDCA) បានឱ្យដឹងថា ថ្មីៗនេះទៀត តួលេខនៃករណីឆ្លងកូវីដហាក់កើនឡើងក្នុងចំណោមក្រុមអាយុក្មេងៗផងដែរ ជាក់ស្តែងពីថ្ងៃទី១ វិច្ឆិកា ដល់ថ្ងៃទី៧ ខែវិច្ឆិកានេះ ក្នុងចំណោមអ្នកឆ្លងកូវីដថ្មី មានដល់ទៅ ២២.៩% គឺជាអ្នកមានអាយុក្រោម២០ឆ្នាំ គឺកើនឡើងធៀបទៅនឹងខែមុន។ បើគិតពីតួលេខជាក់ស្តែងវិញ ក៏មានការកើនឡើងដែរ គឺកើនឡើងពី២,៥៦៦នាក់ កាលពី៧ថ្ងៃដើមខែតុលា ឡើងដល់ ៣,៥០៤នាក់ សម្រាប់៧ថ្ងៃ ដើមខែវិច្ឆិកានេះ។

សូមបញ្ជាក់ថា ក្រោមគោលការណ៍ប្រក្រតីភាពថ្មី រស់នៅជាមួយនឹងកូវីដ ដែលកំពុងចាប់ផ្តើមអនុវត្តតាំងពីដើមខែវិច្ឆិកាមកនោះ គេឃើញថាមានការកើនឡើងករណីឆ្លងកូវីដជាចង្កោមបន្តបន្ទាប់ក្នុងចំណោមសិក្សាចេញពីសាលារៀន សាលារៀនគួរ ហើយអ្នកជំនាញរំពឹងថាតួលេខឆ្លងក្នុងចំណោមកុមារ និងសិស្សនឹងបន្តកើនឡើងទៀត នៅពេលដែលបន្តអនុវត្តគោលការណ៍ប្រក្រតីភាពថ្មី រស់នៅជាមួយកូវីដនេះទៅថ្ងៃខាងមុខ។

ក្នុងនោះដែរ ចាប់ពីថ្ងៃទី២២ ខែវិច្ឆិកានេះ សាលារៀនដូចជាអនុវិទ្យាល័យ សាលាបឋមសិក្សា នៅតំបន់សេអ៊ូល នឹងចាប់ផ្តើមរៀនក្នុងថ្នាក់ពេញលេញទាំងស្រុងឡើងវិញ គឺជាការបើកមករៀនផ្ទាល់ដំបូងបង្អស់តាំងពីដើមខែមករា ឆ្នាំ២០២០កន្លងមក ជាង២ឆ្នាំពេញតែម្តង។ ក្នុងនោះដែរ សកម្មភាពក្នុងថ្នាក់រៀន ការធ្វើដំណើរកំសាន្តរបស់សាលារៀនជាដើម ក៏នឹងអនុញ្ញាតឱ្យចាប់ផ្តើមវិញដែរ។

ដូចនេះហើយ ទើបអាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងអំពាវនាវឱ្យឪពុកម្តាយនាំកូនតូចៗទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកូរ៉េខាងត្បូង កាលពីសប្តាហ៍មុនបានលើកឡើងថា ករណីឆ្លងកូវីដក្នុងចំណោមក្មេងៗជំទង់កំពុងតែកើនឡើង ដូចនេះទើបអាជ្ញាធរផ្តល់អនុសាសន៍ជូនដល់ក្មេងៗទាំងអស់ គួរទៅចាក់វ៉ាក់សាំងគ្រប់គ្នា ដើម្បីអាចឱ្យការអនុវត្តគម្លាតសង្គមថ្មីនេះ ដំណើរការទៅដោយគ្មានបញ្ហា។

យ៉ាងណាមិញ សម្រាប់បច្ចុប្បន្នតួលេខសម្រាប់អ្នកចាក់វ៉ាក់សាំងជាកុមារ នៅមានកម្រិតទាបនៅឡើយ។ មានត្រឹម៦៥.៤% នៃយុវជនអាយុ១៦ ទៅ១៧ឆ្នាំ និងត្រឹមតែ ២៩.៨% នៃក្រុមអាយុ ១២ដល់១៥ឆ្នាំ ប៉ុណ្ណោះដែលបានកក់ឈ្មោះសម្រាប់ចាក់វ៉ាក់សាំង។

នៅក្នុងប្រទេសកូរ៉េខាងត្បូង ការចាក់វ៉ាក់សាំងកូវីដបច្ចុប្បន្នអនុញ្ញាតចាក់ជនកុមារដែលមានអាយុ១២ឆ្នាំឡើងទៅ ខណៈកុមារអាយុ៥ឆ្នាំ ដល់១១ឆ្នាំ មិនទាន់ទទួលបានការអនុញ្ញាតក្នុងការចាក់វ៉ាក់សាំងនៅឡើយទេ។

ជាមួយនឹងការអំពាវនារបស់អាជ្ញាធរសុខាភិបាលដែលជំរុញឱ្យទៅចាក់វ៉ាក់សាំង ដែលហាក់ផ្ទុយពីជំហររបស់អាជ្ញាធរអប់រំ ដែលទុកឱ្យឪពុកម្តាយជាអ្នកសម្រេចចិត្ត តែមិនមានគោលការណ៍ណែនាំច្បាស់ថាតើអ្នកចាក់វ៉ាក់សាំងនឹងទទួលបានសិទ្ធិដូចម្តេច ហើយអ្នកដែលមិនបានចាក់វ៉ាក់សាំង តើគួររៀបចំបែបណានោះ។

អ្នកម្តាយមួយរូបនិយាយថា «ឥឡូវនេះក្មេងៗមិនទាន់មានការតម្រូវឱ្យទៅចាក់វ៉ាក់សាំងកូវីដរួច ដើម្បីអាចទៅរៀនបាននោះទេ ហើយដូចនេះទើបខ្ញុំនិងប្តីខ្ញុំ គ្រោងនឹងមើលស្ថានការណ៍ជាក់ស្តែងជាមុនសិន»។

អ្នកម្តាយមួយរូបទៀតថា ហាក់បង្ហាញក្តីបារម្ភលើការជូនដំណឹងមិនច្បាស់លាស់របស់អាជ្ញាធរអប់រំនៅកូរ៉េ ហើយបាននិយាយថាគាត់នឹងចាំមើលសិន ជាពិសេសប្រសិនបើក្មេងៗជាមិត្តភក្តិរបស់កូនខ្លួន ចាក់វ៉ាក់សាំងបានច្រើន នោះគាត់នឹងនាំកូនទៅចាក់វ៉ាក់សាំងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *