កូរ៉េខាងត្បូង៖ ក្នុងរយៈពេល២សប្តាហ៍ចុងក្រោយនេះ ករណីឆ្លងកូវីដវិជ្ជមានថ្មីនៅកូរ៉េខាងត្បូងសឹងតែដល់ពាក់កណ្តាល ត្រូវរកឃើញថាសុទ្ធជាករណីឆ្លងកូវីដលើអ្នកចាក់វ៉ាក់សាំងកូវីដរួចរាល់ នេះបើតាមការបញ្ជាក់របស់អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងនៅថ្ងៃអង្គារម្សិលមិញនេះ។
ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News បានឱ្យដឹងថាក្នុងរយៈពេល២សប្តាហ៍ចុងក្រោយនេះ ពីថ្ងៃទី១៧ ដល់ថ្ងៃទី៣០ តុលា នៅកូរ៉េខាងត្បូង ដែលមានករណីឆ្លងកូវីដដល់ទៅ ១៧,៣២៥ករណីនោះ គេរកឃើញមានដល់ទៅ ៨,៣៣៦ករណី គឺជាករណីឆ្លងកូវីដក្នុងចំណោមអ្នកដែលបានចាក់វ៉ាក់សាំងកូវីដរួចរាល់ ប្រមាណដល់ទៅ ៤៨.១% ឯណោះ។
តាមការបញ្ជាក់របសអាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង គឺមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងកូរ៉េខាងត្បូងបានឱ្យដឹងថា ក្នុងចំណោមអ្នកចាក់វ៉ាក់សាំងកូវីដរួច ដែលនៅតែឆ្លងកូវីដដល់ទៅជាងពាក់កណ្តាលនេះ គឺភាគច្រើនគឺអ្នកដែលមានវ័យចំណាស់អាយុ៧០ឆ្នាំជាង គឺមានដល់ទៅ ៨នាក់ ក្នុងចំណោម១០នាក់នៃអ្នកចាក់វ៉ាក់សាំងកូវីដរួចដែលបានឆ្លងកូវីដនេះ។
ចំណែកក្រុមអាយុដែលមានអត្រាការឆ្លងទាបជាងគេនោះគឺ ក្រុមអាយុ១៨ ដល់២៩ឆ្នាំ ដែលមានត្រឹមតែ ១៩.៧% ប៉ុណ្ណោះនៃអ្នកអ្នកជំងឺកូវីដថ្មីទាំងអស់នេះ។ ចាប់តាំងពីដើមខែវិច្ឆិកានេះ រដ្ឋាភិបាលកូរ៉េខាងត្បូងបានប្រកាសចាប់ផ្តើមអនុវត្តប្រក្រតីភាពថ្មី «រស់នៅជាមួយនឹងកូវីដ-១៩» ដែលមានការបន្ធូរបន្ថយគម្លាតសង្គមជាច្រើន ដើម្បីឈានដល់ការអនុវត្តប្រក្រតីភាពថ្មីនេះ។
សូមបញ្ជាក់ថា ចាប់តាំងពីប្រទេសកូរ៉េខាងត្បូងចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងកូវីដលើកដំបូង មកដល់ពេលនេះ គឺជាង១០ខែហើយ ចំណែកឯតួលេខអ្នកដែលបានចាក់វ៉ាក់សាំងកូវីដរួចរាល់ក៏បានសម្រេចដល់ទៅ ៣៩.៤៩លាននាក់ហើយ ប្រមាណ ៧៦.៩% ខណៈអ្នកដែលបានចាក់វ៉ាក់សាំងកូវីដដូសទី១រួច មានដល់ទៅ ៤១.៦៣លាននាក់ គឺប្រមាណជាង ៨១.១% ផងដែរ។