កូរ៉េខាងត្បូង៖ មនុស្ស១៤នាក់មកពីតំបន់អាហ្រ្វិក ត្រូវបានប៉ូលិសកូរ៉េខាងត្បូងឃាត់ខ្លួនបាន ជាប់សង្ស័យក្នុងករណីបោកប្រាស់លុយជាង ១លានដុល្លារពីជនជាតិកូរ៉េខាងត្បូង ដោយរូបភាពសាសងស្នេហាតាមប្រព័ន្ធអនឡាញ នេះបើតាមការបញ្ជាក់របស់សមត្ចកិច្ចកូរ៉េនៅថ្ងៃអង្គារនេះ។
ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News សមត្ថកិច្ចប៉ូលិសនៅសេអ៊ូលបាននិយាយថា ជនទាំងនេះមានចំនួន១៤នាក់ ភាគច្រើនមកពីប្រទេសលីបេរៀ និងប្រទេសនៅតំបន់អាហ្វ្រិកដទៃទៀត ហើយជនទាំងអស់នេះបានបន្លំអត្តសញ្ញាណក្លែងក្លាយដើម្បីបោកបញ្ឆោតលើជនជាតិកូរ៉េខាងត្បូងអស់ចំនួន ២៤នាក់ និងបានបន្លំប្រាក់បានដល់ទៅ ១.៦៧ពាន់លានវ៉ុន (ប្រមាណជាង ១.៤លានដុល្លារ) ឯណោះ ដែលករណីនេះសមត្ថកិច្ចកូរ៉េខាងត្បូងថាជាករណីបោកបន្លំក្រោមរូបភាពស្នេហាតាមអនឡាញ។
ក្នុងចំណោមជនទាំង១៤នាក់ដែលឃាត់ខ្លួនបាននេះ មាន១០នាក់ត្រូវបានចេញដីកាផ្លូវការដើម្បីចាប់ខ្លួនតែម្តង។ ល្បិចបោកប្រាស់របស់ពួកនេះគឺ បោកកុហកអ្នកចាញ់បោកតាមរយៈការសាសងស្នេហា ដោយនិយាយថាខ្លួនត្រូវការលុយ ដើម្បីអាចយកបង់ពន្ធគយ ដើម្បីយកឥវ៉ាន់របស់គេនាំចូលមកកូរ៉េខាងត្បូង ហើយបញ្ឆោតឱ្យអ្នកចាញ់បោកផ្ញើលុយទៅឱ្យពួកនេះ។ ភាគច្រើននៃអ្នកចាញ់បោកគឺជាមនុស្សវ័យកណ្តាល។
តាមការស៊ើបអង្កេត បង្ហាញថាពួកក្រុមនេះក្រោយពីបានបោកបញ្ឆោតបានលុយហើយ ត្រូវផ្ញើលុយនោះទៅឱ្យមេខ្លោងរបស់ខ្លួននៅគណនីធនាគារក្រៅប្រទេសតទៀត ដែលមេខ្លោងនោះគេមិនទាន់អាចកំណត់អត្តសញ្ញាណបាននៅឡើយទេ តែលុយដែលយកទៅវេរទៅឱ្យនោះ គឺមេខ្លោងរបស់បក្សពួកបោកប្រាក់នេះ យកទៅស៊ីចាយ និងទិញឥវ៉ាន់តម្លៃផ្សេងៗនៅស្រុកក្រៅទៀត។
ប៉ូលិសកូរ៉េខាងត្បូងបានទទួលព័ត៌មានពីពួកក្រុមនេះកាលពីខែមីនាកន្លងមក តាមរយៈកិច្ចសហការជាមួយស្ថាប័នស៊ើបអង្កេតចារកម្មកូរ៉េ និងថ្មីៗនេះបានឃាត់ខ្លួនបក្សពួកនេះ និងបានដកហូតមកវិញនូវប្រាក់ដែលជនរងគ្រោះបានចាញ់បោកជាង ៩៦.៥លានវ៉ុនផងដែរ។ ប៉ូលិសកូរ៉េបញ្ជាក់ថាគ្រោងនឹងធ្វើការស៊ើបអង្កេតបន្តទៀត ថាតើពួកក្រុមនេះមានល្បិចបោកប្រាស់នៅទីណាទៀតឬទេ ហើយក៏កំពុងសហការជាមួយប៉ូលិសអន្តរជាត និងអាជ្ញាធរមូលដ្ឋាននានា ដើម្បីតាមចាប់មេខ្លោងធំរបស់ពួកក្រុមនេះផងដែរ។
ប៉ូលិសកូរ៉េបាននិយាយថា ដើម្បីការពារខ្លួនពីសកម្មភាពបោកប្រាស់ស្នេហាតាមអនឡាញទាំងនេះ ប្រជាជនមិនគួរបង្ហាញព័ត៌មានផ្ទាល់ខ្លួន និងព័ត៌មានឯកជនច្រើនពេកឡើយនៅតាមបណ្តាញសង្គម។ ករណីបែបនេះ មិនមែនជាករណីថ្មីនោះទេ ហើយក៏មិនមែនមានតែនៅប្រទេសកូរ៉េខាងត្បូងនោះដែរ ក៏មានកើតឡើងនៅប្រទេសកម្ពុជាយើងជាញឹកញយផងដែរ ហើយក៏ធ្លាប់ឃាត់ខ្លួនបានជនសង្ស័យ និងជនល្មើសជាច្រើននៅកម្ពុជាយើងផងដែរ។