លេខសម្ងាត់៖ ១២៣៤៥៦ !! អ្នកប្រើលេខសម្ងាត់ស្រួលៗបែបនេះ ប្រញ៉ាប់ប្តូរចេញឱ្យហើយទៅ ប្រយ័ត្នមានបញ្ហាថ្ងៃណាមួយ

លោកអ្នកដែលចូលចិត្តប្រើលេខសម្ងាត់ស្រួលៗដូចជា ១២៣៤៥៦ គួរតែឈប់ប្រើទៅ!!

លេខសម្ងាត់ “១២៣៤៥៦” ត្រូវបានគេរកឃើញចំនួន ៧ លានដងនៃទិន្ន័យដែលបានលេចធ្លាយក្នុងចំណោមមួយពាន់លាននៅក្នុងការសិក្សាមួយនេះ មានន័យថាលេខសម្ងាត់មួយក្នុងចំណោមលេខសម្ងាត់ចំនួន ១៤២ គឺជាលេខ ១២៣៤៥៦។ ការសិក្សានេះក៏បានបង្ហាញថា ចំនួនលេខសម្ងាត់ជាមធ្យមគឺ ៩តួ ហើយការប្រើលេខសម្ងាត់៩តួនេះ វាមិនទាន់មានសុវត្ថភាពខ្ពស់ទេ តែក៏មិនមែនជាបញ្ហាធំណាស់ណាដែរ គ្រាន់តែអាចសបញ្ជាក់ឱ្យឃើញថាអ្នកប្រើប្រាស់ភាគច្រើនប្រើលេខសម្ងាត់តិចជាង៩តួ ដែលចំនួននេះគួរតែចៀសវាងប្រើ។

ការសិក្សានេះធ្វើឡើងកាលពីខែមុន ដោយនិស្សិតវិស្វកម្មកុំព្យូទ័រឈ្មោះ Ata Hakçıl បានធ្វើការវិភាគទៅលើឈ្មោះអ្នកប្រើប្រាស់ និងលេខសម្ងាត់ដែលបានលេចធ្លាយតាមអុិនធ័រណេតបន្ទាប់ពីមានការរំលោភបំពានទិន្នន័យនៅតាមក្រុមហ៊ុនផ្សេងៗ។ ទីតាំងផ្ទុកទិន្នន័យទាំងនេះត្រូវបានបង្កើតឡើងតាំងពីជាងកន្លះទស្សវត្សមកហើយ និងកំពុងបន្ថែមទិន្នន័យរបស់ក្រុមហ៊ុនថ្មីៗមួយចំនួនទៀតដែលត្រូវបានគេចូលលួច។

ប៉ុន្មានឆ្នាំមកនេះក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងៗ ដូចជា Google, Microsoft និង Apple ក៏បានប្រមូលទិន្នន័យដែលបានលេចធ្លាយទាំងនោះ ដើម្បីបង្កើតជាប្រព័ន្ធជូនដំណឹង ព្រមទាំងធ្វើការព្រមានដល់អ្នកប្រើប្រាស់នៅរាល់ពេលដែលពួកគេចង់បង្កើតលេខសម្ងាត់ដែលចាត់ទុកថាជាលេខសម្ងាត់ “ខ្សោយ” ឬ “ធម្មតា” នោះ។

ទាក់ទងទៅនឹងបញ្ហានេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានធ្វើការណែនាំជាច្រើនលើកច្រើនសារមកហើយដែរ ទាក់ទងទៅនឹងការដាក់លេខសម្ងាត់ ដែលមានលក្ខណៈស្មុគស្មាញ និងពិបាកស្មាន ចៀសវាងប្រើលេខសម្ងាត់ដូចជា ឈ្មោះ ថ្ងៃខែឆ្នាំកំណើត លេខទូរសព្ទ ស្លាកលេខយានយន្ត ដែលធ្វើឱ្យមានភាពងាយស្រួលក្នុងការលួចចូលរបស់ជនអនាមិក

ខ្លឹមសារទាំងស្រុងមកពី៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department

Leave a Reply

Your email address will not be published. Required fields are marked *